ការ​បង្កើត​មុខ​របរ​តូចៗ​​ជា​ការ​​រួម​ចំណែក​លើក​កម្ពស់​សេដ្ឋកិច្ច​ជាតិ

ការ​បង្កើត​មុខ​របរ​ជា​លក្ខណៈ​សេដ្ឋកិច្ច​មិន​ផ្លូវ​ការ បាន​ចូលរួម​ចំណែក​លើក​កម្ពស់​សេដ្ឋកិច្ច​គ្រួសារ និង​សង្គម​ជាតិ ព្រោះ​ប្រជាជន​ច្រើន​លើសលប់​បាន​ជាប់​ពាក់ព័ន្ធ​នឹង​មុខ​របរ​តូចតាច​នេះ ដែល​អ្នក​ដែល​ពាក់ព័ន្ធ​មិន​ត្រូវ​មើល​រំលង​ឡើយ ។

0:00 / 0:00

អ្នក​លក់​ដូរ​បន្តិចបន្តួច​នៅ​តាម​ផ្លូវ​សាធារណៈ ឬ​នៅ​តាម​ផ្សារ​នានា និង​អ្នក​រត់​ម៉ូតូ​ឌុប​ជាដើម ជា​មុខ​របរ​មួយ​ដែល​រក​ចំណូល​បាន​គួរសម​ដែរ​សម្រាប់​ចិញ្ចឹម​ជីវិត​គ្រួសារ។
នាយក​សមាគម​សម្រាប់​ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​មិន​ផ្លូវ​ការ​ លោក លួស សីហា មាន​ប្រសាសន៍​ថា អ្នក​លក់​ដូរ​តូចតាច​តាម​ផ្លូវ​ឬ​តាម​ផ្សារ អ្នក​រត់​ម៉ូតូ​ឌុប ម៉ូតូ​កង់​បី​ជាដើម គឺ​ជា​មុខ​របរ​មួយ​សំខាន់​សម្រាប់​ចំណូល​គ្រួសារ ហើយ​ពួកគាត់​ទាំង​អស់​បាន​ចូល​រួម​ចំណែក​យ៉ាង​ធំធេង​ផង​ដែរ​នៅ​ក្នុង​កំណើន​សេដ្ឋកិច្ច​ជាតិ។

លោក​បន្ថែម​ទៀត​ថា ទូទាំង​ប្រទេស​ចំនួន​អ្នក​ដែល​រស់​ពឹង​ផ្អែក​លើ​សេដ្ឋកិច្ច​មិន​ផ្លូវការ​មាន​ប្រមាណ ៨៣​%៖ «សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​នេះ បាន​បង្កើត​ការងារ​មួយ​យ៉ាង​ធំ បើ​តាម​ការ​ស្រាវជ្រាវ​របស់​យើង​ ឆ្នាំ​២០០៤ ២០០៥ ហ្នឹង គឺ ៨៣% ទូទាំង​ប្រទេស ដែល​ប្រកប​រក​ស៊ី​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ហើយ​មាន​គ្រប់​វិស័យ​ទាំង​អស់។ អ៊ីចឹង​មាន​តែ ១៥% ទេ​ដែល​ក្នុង​ប្រព័ន្ធ ១៥% ប្រែ​ថា រក​ស៊ី​បែប​ចុះ​បញ្ជី។ ឧទាហរណ៍​កម្មករ​ក្នុង​រោងចក្រ​អ៊ីចឹង អា​ហ្នឹង​ហៅ​ក្នុង​ប្រព័ន្ធ ដោយសារ​រោងចក្រ​គាត់​ហ្នឹង​មាន​ច្បាប់​ត្រឹមត្រូវ តាម​ច្បាប់​រដ្ឋ​យើង​ហ្នឹង»

លោក លួស សីហា មាន​ប្រសាសន៍​បន្ត​ទៀត​ថា ពួកគាត់​ទាំង​អស់​នោះ​ចូល​រួម​បង្កើត​ការងារ​ដោយ​ខ្លួន​ឯង។ ហើយ​លោក​បាន​អំពាវនាវ​ដល់​ស្ថាប័ន​ដែល​ពាក់ព័ន្ធ​គួរ​យកចិត្ត​ទុក​ដាក់​លើ​ពួកគាត់៖ «៨៣% គឺ​ចូល​រួម​បង្កើត​ការងារ​ដោយ​ខ្លួនឯង​ហ្នឹង គឺ​ធំធេង​មែន​ទែន ហើយ​បើ​និយាយ​អំពី​រដ្ឋាភិបាល​វិញ គាត់​ជាប់​ឆ្នោត​ដោយសារ​ប្រជារាស្ត្រ​បោះ​អោយ។ គាត់​សន្យា​ដូច្នេះ​ដោយ​មែនទែន ការ​យកចិត្ត​ទុកដាក់​របស់​គាត់​នេះ គួរ​តែ​មើល​អោយ​បាន​ច្រើន​មែនទែន ដល់​អ្នក​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ពីព្រោះ​គាត់​អត់​បាន​រំខាន​ដល់​រដ្ឋាភិបាល​ទេ គាត់​ប្រឹង​ដោយ​ខ្លួន​ឯង»

ម៉្យាង​វិញ​ទៀត​អគ្គលេខាធិការ​នៃ​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​មិន​ផ្លូវ​ការ លោក ហេង សំអន មាន​ប្រសាសន៍​ថា សេដ្ឋកិច្ច​ផ្លូវ​ការ​នៅ​មាន​កម្រិត​នៅ​ឡើយ​ដែល​មិន​អាច​ស្រូប​យក​ប្រជាជន​កម្ពុជា​បាន​ទេ ដូច្នេះ​ពួកគាត់​ទាំង​អស់​នោះ​ត្រូវ​តែ​ចាប់​យក​ការងារ​ផ្សេង​ដើម្បី​ប្រកប​របរ​ចិញ្ចឹម​ជីវិត​របស់​គាត់។

លោក ហេង សំអន៖ «សម្រាប់​ប្រទេស​យើង​វិស័យ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ហ្នឹង​គឺ​សំខាន់​បំផុត។ ដោយសារ​តែ​វិស័យ​សេដ្ឋកិច្ច​នៅ​ក្នុង​ប្រព័ន្ធ គាត់​អត់​ទាន់​រីក​ចំរើន អ៊ីចឹង​ការងារ​អត់​ទាន់​សំបូរ​ទៅ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​ទេ។ ពូក​គាត់​ងាក​មក​ធ្វើ​មុខ​របរ​ដោយ​ខ្លួន​ឯង មុខ​របរ​តូចៗ ដើម្បី​ទ្រទ្រង់​ក្រុម​គ្រួសារ​របស់​គាត់។ អ៊ីចឹង​ក្រៅ​ពី​គាត់​ធ្វើ​ស្រែ នៅ​ពេល​ឆ្លៀត​ពេល​ទំនេរ គឺ​គាត់​អាច​មក​ប្រកប​មុខ​របរ​ជា​អ្នក​លក់​ដូរ ជា​អ្នក​រត់​ម៉ូតូ​ឌុប ដើម្បី​បង្គ្រប់​ជីវភាព​គ្រួសារ​របស់​ពួកគាត់។ អ៊ីចឹង​វា​សំខាន់​បំផុត​ទៅ​ដល់​សេដ្ឋកិច្ច​ជាតិ។ យើង​មើល​ទៅ​នៅ​ក្នុង​សេដ្ឋកិច្ច​ជាតិ​ទាំង​មូល បើ​យើង​និយាយ​អំពី​អ្នក​ការងារ​ប្រមាណ​ច្រើន​ជាង ៧០% គាត់​ធ្វើ​នៅ​ក្នុង​វិស័យ​ក្រៅ​ប្រព័ន្ធ មិន​មាន​វិស័យ​ហ្នឹង​ទេ សេដ្ឋកិច្ច​ជាតិ​មិន​អាច​ដំណើរ​ការ​បាន​ដែរ»

សម្រាប់​ស្ថានភាព​កម្ពុជា​បច្ចុប្បន្ន អ្នក​វិភាគ​ខ្លះ​យល់​ឃើញ​ថា ការ​បង្កើត​អាជីវកម្ម​បែប​ផ្លូវការ មាន​ន័យ​ថា អាជីវកម្ម​ទាំង​អស់​នោះ​ត្រូវ​ចុះ​បញ្ជី​ដោយ​ច្បាប់ ហើយ​ត្រូវ​ចំណាយ​អស់​ច្រើន ដូចជា​ការ​ចំណាយ​លើ​ការ​ចុះ​បញ្ជី​កម្រៃ​ផ្សេង និង​ការ​ចំណាយ​ផ្សេងៗ​ទៀត ។ ដូច្នេះ​សម្រាប់​អ្នកលក់​នំ​បញ្ចុក លក់​នំគ្រក់ ឬ​លក់​អ្វី​កំប៉ិកកំប៉ុក​ផ្សេងៗ​ទៀត ពួកគាត់​ត្រូវ​បង្ខំ​ចិត្ត​រស់​បែប​ហ្នឹង។ សរុប​សេចក្ដី​មក​ការ​ធ្វើ​អាជីវកម្ម​បែប​មិន​ផ្លូវការ​គឺ​ប្រសើរ​ជាង។ ដូច្នេះ​ការ​ប្រកប​អាជីវកម្ម​កាន់​តែ​តូច និង​មិន​ផ្លូវ​ការ ពួក​គាត់​ទាំង​អស់​អាច​រួច​ផុត​ពី​ការ​ចំណាយ​ផ្សេងៗ​ទាំង​នោះ ប៉ុន្តែ​វា​មិន​ល្អ​សម្រាប់​រដ្ឋាភិបាល តាម​រយៈ​ការ​ប្រមូល​ពន្ធ​ជាដើម។

ទីប្រឹក្សា​ផ្នែក​ធុរកិច្ច លោក ឌីន វីរៈ មាន​ប្រសាសន៍​ថា សម្រាប់​ស្ថានភាព​សព្វថ្ងៃ​នេះ ការ​ធ្វើ​អាជីវកម្ម​បែប​មិន​ផ្លូវ​ការ សក្ដិសម​សម្រាប់​កម្ពុជា​បច្ចុប្បន្ន។ លោក​បន្ថែម​ថា បើ​យើង​ធ្វើ​អាជីវកម្ម​ឲ្យ​ទៅ​ជា​ផ្លូវការ​នោះ យើង​នឹង​ចំណាយ​ច្រើន​តាម​រយៈ​ការ​ចំណាយ​ផ្សេងៗ ហើយ​បើ​ចុះ​បញ្ជី​ផ្លូវ​ការ​ត្រូវ​ចុះ​ទាំង​អស់​ដើម្បី​ជៀសវាង​ការ​ប្រកួតប្រជែង​មិន​ត្រឹមត្រូវ។

លោក ឌីន វីរៈ៖ «សម្រាប់​ស្ថានភាព​បរិយាកាស​អាជីវកម្ម (Business Environment ) ហ្នឹង នៅ​ស្រុក​ខ្មែរ​យើង​បច្ចុប្បន្ន​យើង​ប្រើ Informal Economic សេដ្ឋកិច្ច​មិន​ផ្លូវការ​ហ្នឹង​ប្រសើរ​ជាង​គេ។ ពីព្រោះ​ថា កាលណា​យើង Formalize យើង​ធ្វើ​ទៅ​ជា​ផ្លូវ​ការ​ចុះ​បញ្ជី ឫ​សុំ​ច្បាប់ បើ​ក្រុមហ៊ុន​ឯកជន​ចុះ​បញ្ជី​នៅ​ក្រសួង​ពាណិជ្ជកម្ម ឬ​ក៏ NGO យើង​សុំ​ច្បាប់​នៅ​ក្រសួង​មហាផ្ទៃ យើង​ចំណាយ​ច្រើន ពីព្រោះ​នៅ​ក្នុង​សង្គម​យើង​វា​មាន Informal Payment ច្រើន។ ឧទាហរណ៍​ថា ចុះ​បញ្ជី​អ៊ីចឹង គេ​យក​តែ ១២០.០០០​​រៀល​អ៊ីចឹង តែ​ជាក់ស្ដែង​បង់​អស់ ២៥០ ដល់ ៣០០​ដុល្លារ ។ SMEs (អាជីវកម្ម​តូច និង​មធ្យម) ម៉េច​អាច​រស់​បាន បើ​សិន​ជា​យើង​ចំណាយ​ច្រើន​អ៊ីចឹង ហើយ​អ្នក​ផ្សេង​គេ​អត់​ចុះ​បញ្ជី បើ​ចុះ​ទាល់​តែ​យើង​ចុះ​ទាំង​អស់ ដូច​ថា មួយ​រក​ស៊ី​បង់​ព័ន្ធ មួយ​ទៀត​អត់​បង់​ព័ន្ធ។ យើង​អ្នក​បង់​ពន្ធ​ហ្នឹង​រក​ស៊ី​អត់​ប្រកួតប្រជែង អត់​អ្នក​ឈ្នះ​គេ​មិន​ផ្លូវការ​ណា យើង​ផ្លូវ​ការ​រក​ស៊ី​មិន​ឈ្នះ​គេ​មិន​ផ្លូវការ​ទេ»

លោក ឌីន វីរៈ ពន្យល់​ទៀត​ថា ក្នុង​ន័យ​សេដ្ឋកិច្ច បើ​អាជីវកម្ម​ពង្រីក​កាន់​តែ​ធំ​នោះ ចំណាយ​មធ្យម​នឹង​ថយ​ចុះ ប៉ុន្តែ​ដោយ​សម្រាប់​ស្ថានភាព​កម្ពុជា​បច្ចុប្បន្ន មាន​ន័យ​ថា កាលណា​ពង្រីក​អាជីវកម្ម​កាន់​តែ​ធំ យើង​ចំណាយ​កាន់​តែ​ច្រើន។៖ «បើ​នៅ​ក្នុង​សេដ្ឋកិច្ច​គេ​ហៅ​ថា សេដ្ឋកិច្ច​មាត្រដ្ឋាន អត់​មាន​សេដ្ឋកិច្ច​មាត្រដ្ឋាន​មាន​ន័យ​ថា កាល​ណា​យើង​ពង្រីក​អាជីវកម្ម​អោយ​ធំ​ទៅ ចំណាយ​មធ្យម​យើង​ថយ​ចុះ។ តែ​ដល់​ពេល​ក្នុង​ស្ថានភាព​យើង យើង​ហ៊ាន​តែ​ពង្រីក។ ពង្រីក​បាន​ន័យ​ថា ក្លាយ​ទៅ​ជា Formal ពេល​ហ្នឹង​ចំណាយ​មធ្យម​យើង​កើន​ឡើង​វឹប​តែម្ដង»

លោក​បន្ថែម​ទៀត​ថា ផ្ទុយ​ទៅ​វិញ​ការ​ធ្វើ​អាជីវកម្ម​មិន​ផ្លូវ​ការ​នាំ​ឲ្យ​រដ្ឋាភិបាល​បាត់បង់​ការ​ប្រមូល​ពន្ធ។

យោង​តាម​ស្ថិតិ​របស់​វិទ្យាស្ថាន​ជាតិ​ស្ថិតិ​បាន​បង្ហាញ​ថា រដ្ឋាភិបាល​ជំរុញ​មាន​ការ​ចុះ​បញ្ជី​ធ្វើ​ពាណិជ្ជកម្ម​កាន់​តែ​ច្រើន។

រដ្ឋមន្ត្រី​ក្រសួង​ផែនការ លោក ឆាយ ថន បាន​មាន​ប្រសាសន៍​ក្នុង​ពិធី​ផ្សព្វផ្សាយ​លទ្ធផល​បឋម​នៃ​ការ​អង្កេត​សាកល្បង​នៃ​ជំរឿន​សហគ្រាស​ឆ្នាំ​២០១១ នៅ​ឯ​មជ្ឈមណ្ឌល​សហប្រតិបត្តិការ​កម្ពុជា-​ជប៉ុន កាល​ពី​ឆ្នាំ​មុន​ថា នៅ​ឆ្នាំ​២០១០ ចំនួន​សហគ្រាស​សរុប​មាន​ជាង ៥៣​ម៉ឺន​សហគ្រាស និង​ចំនួន​អ្នក​ធ្វើ​ការ​ជិត ២​លាន​នាក់ ហើយ​ស្ថិតិ​នេះ​មាន​ការ​កើន​ឡើង​ប្រមាណ​ជា ១៥% និង​ចំណូល​សរុប​ពី​ការ​លក់​របស់​សហគ្រាស​មាន​ជាង ១៤​ពាន់​លាន​ដុល្លារ។

ក្នុង​នោះ​សហគ្រាស​ដែល​មាន​កម្មករ​ពី ១០០​នាក់​ឡើង​ទៅ មាន​ចំណូល​សរុប​ប្រមាណ ៤.២​ពាន់​លាន​ដុល្លារ​ត្រូវ​ជា ២៩%។ បន្ទាប់​មក​សហគ្រាស​ដែល​មាន​កម្មករ​ពី ៥០ ទៅ ៩៩​នាក់ មាន​ប្រមាណ ១៧.៥% និង​កម្មករ​ពី ១០ ទៅ ៤៩​នាក់​មាន​ប្រមាណ​តែ ១០.២% ប៉ុណ្ណោះ ដូច្នេះ​រដ្ឋាភិបាល​ត្រូវ​ជំរុញ​ការ​បង្កើត និង​កំណើន​សហគ្រាស​មធ្យម៕