ក្រុមអាជីវករទាំងនោះបានឱ្យដឹងថា ប្រសិនបើពួកគេដាក់ពាក្យបណ្ដឹងទៅសាលាក្រុងសៀមរាប ដើម្បីទាមទារសំណងមិនមានលទ្ធផលអ្វីទេនោះ គឺពួកគេនឹងបន្តការទាមទារទៅកាន់កន្លែងផ្សេងទៀត។
ស្ត្រីដែលសុំមិនបញ្ចេញឈ្មោះ គឺជាអាជីវករម្នាក់ក្នុងចំណោម ២០នាក់ ដែលកំពុងដាក់ពាក្យបណ្ដឹងទាមទារសំណងនោះ។ គាត់បានមានប្រសាសន៍កាលពីរសៀលថ្ងៃអាទិត្យ ទី២៣ ខែធ្នូ ថា គាត់បានទិញតូបចំនួន២ ពីផ្សាររាត្រីសៀមរាប និងទើបតែចាប់ផ្ដើមលក់ដូរ អីវ៉ាន់បានប្រហែលជា ៣ខែប៉ុណ្ណោះ ក៏ត្រូវជួបគ្រោះអគ្គីភ័យឆេះបំផ្លាញអស់គ្មានសល់។
ស្ត្រីដដែលបានបញ្ជាក់ថា អីវ៉ាន់លក់ដូររបស់គាត់មានកន្សែង អាវ អំពូលភ្លើង កន្ត្រៃកាត់ក្រចក និងវត្ថុអនុស្សាវរីយ៍ជាច្រើនមុខទៀត ដែលសរុបជាទឹកប្រាក់ រួមទាំងថ្លៃតូបផងប្រមាណជាង ១ម៉ឺនដុល្លារសហរដ្ឋអាមេរិក។ គាត់កំពុងទាមទារឱ្យថៅកែផ្សារចេញសំណងតម្លៃដើម ដែលខូចខាតទាំងនោះ ក៏ប៉ុន្តែថៅកែផ្សារមិនទទួលខុសត្រូវលើការចេញសងនោះទេ គឺបានត្រឹមតែប្រគល់តូបថ្មីមកឱ្យអាជីវករលក់ដូរឡើងវិញ នៅកន្លែងផ្សេងប៉ុណ្ណោះ។
អាជីវករ៖ «ពួកខ្ញុំទទួលអត់បាន ព្រោះថា តូបហ្នឹងរបៀបតូបនៅក្រោមផ្ទះ សុទ្ធតែសល់នៅចុងៗក្រោយគេ។ អាហ្នឹងដូចជាខ្ញុំទិញគាត់ដដែល ព្រោះលុយធម្មតាខ្ញុំទិញតូបគាត់ ២ពាន់ (ដុល្លារ) ខ្ញុំឱ្យលុយគាត់រួចហើយ ហើយគាត់ឱ្យតូបខ្ញុំតែមួយវិញហ្នឹង ហើយតូបហ្នឹងមិនប្រាកដថា យកមកលក់បានទេ ហើយគាត់ហ្វ្រី (Free) សេវាឱ្យ ១ឆ្នាំ។ អ្នកជួលក៏ឱ្យប៉ុណ្ណឹង អ្នកមិនជួល អ្នកទិញក៏គាត់ឱ្យប៉ុណ្ណឹង អ៊ីចឹងវាអយុត្តិធម៌ចំពោះពួកខ្ញុំដែលអ្នកទិញពីផ្សារហ្នឹង»។
កាលពីរំលងអាធ្រាត្រថ្ងៃទី៨ខែធ្នូកន្លងទៅ អគ្គីភ័យ បានឆាបឆេះ(ផ្សាររាត្រីសៀមរាប) នៅក្នុងសង្កាត់ស្វាយដង្គំ ដោយបានសម្លាប់មនុស្សចំនួន ៨នាក់ និង ២នាក់ផ្សេងទៀតរងរបួសធ្ងន់ធ្ងរ ព្រមទាំងបំផ្លាញទ្រព្យសម្បត្តិនៅក្នុងតូបលក់ដូរអស់ជាច្រើន។
លោក ហ៊ុយ ឡេង ជាថៅកែផ្សាររាត្រីនោះ បានបញ្ជាក់ថា ការទាមទារសំណងរបស់ក្រុមអាជីវករនោះ គឺលោកពុំមានលទ្ធភាពសងទេ ពីព្រោះតែលោកក៏ជាអ្នករងគ្រោះ ហើយធ្ងន់ធ្ងរជាងក្រុមអាជីវករទៅទៀត៖ «ហួសលទ្ធភាព ដូចជាអ្នកខ្លះគាត់ទាមទារ ៥.០០០ដុល្លារ ៦.០០០ដុល្លារ ហើយ១ម៉ឺន ហើយគាត់ទាមទារថ្លៃតូបគាត់លក់ហ្នឹងរយៈពេល ១ឆ្នាំទៀត។ គោលការណ៍របស់យើង គឺពុំមានជាសំណងអ្វីទេ។ គ្រាន់តែមនោសញ្ចេតនារវាងយើងហើយនិងអ្នកអាជីវករដែលធ្លាប់រស់នៅជាមួយគ្នាយូរហើយនោះ យើងជួយឱ្យគាត់លក់ដូររយៈពេល ១ឆ្នាំ នៅកន្លែងផ្សារមួយទៀតដែលយើងអត់ទាន់ឆេះដោយមិនគិតប្រាក់ខែគាត់ទេ»។
លោក អឿន ពៅ ជាអភិបាលរងក្រុងសៀមរាប បានមានប្រសាសន៍ថា សាលាក្រុងបានទទួលពាក្យបណ្ដឹងពីក្រុមអាជីវករតាំងតែពី ៣ថ្ងៃក្រោយពីផ្សារនោះឆេះមកម្ល៉េះ។ សាលាក្រុងធ្លាប់បានអញ្ជើញថៅកែផ្សាររាត្រីសៀមរាប ឱ្យចូលរួមដោះស្រាយ ក៏ប៉ុន្តែគឺមានតែវត្តមានមេធាវីរបស់ថៅកែផ្សារប៉ុណ្ណោះដែលធ្លាប់ទៅចូលរួមដោះស្រាយ។
សាលាក្រុងសៀមរាប បានឱ្យដឹងថា គេកំពុងព្យាយាមសម្របសម្រួលបញ្ហានោះ ក៏ប៉ុន្តែប្រសិនបើការសម្របសម្រួលមិនបានជោគជ័យ គេនឹងរៀបចំសំណុំរឿងបញ្ជូនទៅតុលាការ។
ថៅកែផ្សាររាត្រីសៀមរាប បានឱ្យដឹងថា អគ្គីភ័យដែលឆេះកាលពីរំលងអាធ្រាត្រថ្ងៃទី៨ ខែធ្នូ កន្លងទៅ គឺបានបំផ្លាញទ្រព្យសម្បត្តិអស់ប្រមាណជាង ១លានដុល្លារសហរដ្ឋអាមេរិក៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
