ស្ត្រីវ័យ៤១ឆ្នាំ អ្នកស្រី ផន សារិន បានសម្ដែងសេចក្ដីរីករាយចំពោះការដែលប្រទេសកម្ពុជាបានក្លាយជាសមាជិកនៃតុលាការព្រហ្មទណ្ឌអន្តរជាតិ ដោយអ្នកស្រីរំពឹងថា តុលាការព្រហ្មទណ្ឌអន្តរជាតិនឹងជួយទប់ស្កាត់មិនឲ្យរបបប្រល័យពូជសាសន៍វិលត្រឡប់មកជាថ្មីលើទឹកដីកម្ពុជាឡើយ ហើយអ្នកស្រីក៏បានទទូចសុំឲ្យបង្កើនល្បឿនក្នុងការកាត់ទោសអតីតមេដឹកនាំខ្មែរក្រហមផងដែរ។
អ្នកស្រី ផន សារិន បានបញ្ជាក់ថា ៖ «សុំឲ្យលោកជួយវិនិច្ឆ័យនិងកាត់ទោសឲ្យបានឆាប់រួសរាន់ ខ្ញុំនឹងអរគុណ។ ខ្ញុំមានការឈឺចាប់ចំពោះគ្រួសារខ្ញុំដែលស្លាប់នៅរបបនោះ»។
មេឃុំព្រៃគគីរ លោក ទេព អ៊ាន អាយុ៥៩ឆ្នាំ បានសម្ដែងការអបអរសាទរចំពោះការដែលរាជរដ្ឋាភិបាលកម្ពុជាបានផ្ដល់សច្ចាប័នដើម្បីក្លាយជាសមាជិកតុលាការព្រហ្មទណ្ឌអន្តរជាតិ ដែលជារបាំងទប់ស្កាត់មិនឲ្យការសម្លាប់រង្គាលកើតមានជាថ្មីទៀតចំពោះប្រជាពលរដ្ឋកម្ពុជា។
លោក ទេព អ៊ាន បានអះអាងថា ៖ «ខ្ញុំបានមើលក្នុងសៀវភៅហ្នឹង ខ្ញុំមានការចាប់អារម្មណ៍ សូម្បីនាយករដ្ឋមន្ត្រីក៏លោកបានចាប់អារម្មណ៍លើកិច្ចការហ្នឹង។ ខ្ញុំសូមស្វាគមន៍ដ៏រីករាយ»។
មន្ត្រីសម្របសម្រួលនៃសមាគមការពារសិទ្ធិមនុស្ស អាដហុក ប្រចាំខេត្តស្វាយរៀង លោក ង៉ែត ណារ៉ា បានឲ្យដឹងថា វគ្គផ្សព្វផ្សាយការយល់ដឹងពីតុលាការព្រហ្មទណ្ឌអន្តរជាតិនិងសាលាក្ដីខ្មែរក្រហម បានទទួលការឧបត្ថម្ភពីសហគមន៍អឺរ៉ុប និងអង្គការ Oxfam Novib នៃប្រទេសហុល្លង់ ដើម្បីបញ្ជ្រាបការយល់ដឹងដល់ប្រជាពលរដ្ឋកម្ពុជា។
លោក ង៉ែត ណារ៉ា បានមានប្រសាសន៍ថា ៖ «ជាសារមួយបញ្ជាក់ទៅមេដឹកនាំជំនាន់ក្រោយថា បើសិនជាអ្នកឯងមានអំពើឃោរឃៅសាហាវយង់ឃ្នងដូចសម័យខ្មែរក្រហមទៀតនោះ មិនបាច់បង្កើតតុលាការពិសេសដូចសាលាក្ដីខ្មែរក្រហម គឺយើងមានតុលាការព្រហ្មទណ្ឌអន្តរជាតិ ព្រោះថាតុលាការនេះមានលក្ខណៈអចិន្ត្រៃយ៍»។
លោក ង៉ែត ណារ៉ា បានបញ្ជាក់បន្ថែមថា នៅអាស៊ីអាគ្នេយ៍មានតែប្រទេសកម្ពុជាប៉ុណ្ណោះដែលបានក្លាយជាសមាជិកនៃតុលាការព្រហ្មទណ្ឌអន្តរជាតិ ដោយសភាកម្ពុជាបានផ្ដល់សច្ចាប័នកាលពីថ្ងៃទី៧ មករា ឆ្នាំ២០០២។
តុលាការព្រហ្មទណ្ឌអន្តរជាតិត្រូវបានបង្កើតឡើងនៅថ្ងៃទី១ កក្កដា ឆ្នាំ២០០២ ដែលមានទីស្នាក់ការនៅទីក្រុងឡាអេ ប្រទេសហុល្លង់ ហើយដែលមានសមាជិករហូតដល់ទៅ១០៩ប្រទេស។ បច្ចុប្បន្នតុលាការនេះអាចយកបទល្មើសតែបីប្រភេទមកកាត់សេចក្ដី គឺឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ និងឧក្រិដ្ឋកម្មសង្គ្រាម ហើយដែលកើតឡើងក្រោយថ្ងៃទី១ កក្កដា ឆ្នាំ២០០២ប៉ុណ្ណោះ៕
