សង្គម​ស៊ីវិល​ផ្សព្វផ្សាយ​ការ​យល់​ដឹង​ពី​សាលាក្ដី​ខ្មែរ​ក្រហម​នៅ​ស្វាយរៀង

ប្រជាពលរដ្ឋ​ព្រម​ទាំង​មន្ត្រី​អាជ្ញាធរ​សរុប​ប្រមាណ​៨០​នាក់​បាន​ចូល​រួម​ក្នុង​វគ្គ​ផ្សព្វផ្សាយ​ការ​យល់​ដឹង​ពី​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ និង​អង្គ​ជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា ឬ​សាលាក្ដី​ខ្មែរ​ក្រហម ដែល​ត្រូវ​បាន​រៀបចំ​ដោយ​សមាគម​ការពារ​សិទ្ធិមនុស្សអាដហុក នៅ​វត្ត​ព្រៃ​គគីរ​ក្ដួច ស្ថិត​ក្នុង​ភូមិ​និង​ឃុំ​ព្រៃ​គគីរ ស្រុក​ចន្ទ្រា ខេត្ត​ស្វាយរៀង កាល​ពី​ថ្ងៃ​ទី​១៧ វិច្ឆិកា ហើយ​ប្រជាពលរដ្ឋ​ភាគ​ច្រើន​បាន​ផ្ដោត​ការ​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​ការ​យល់​ដឹង​អំពី​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​និង​ការ​កាត់​ទោស​អតីត​មេ​ដឹកនាំ​ខ្មែរ​ក្រហម។

0:00 / 0:00

ស្ត្រី​វ័យ​៤១​ឆ្នាំ អ្នកស្រី ផន សារិន បាន​សម្ដែង​សេចក្ដី​រីករាយ​ចំពោះ​ការ​ដែល​ប្រទេស​កម្ពុជា​បាន​ក្លាយ​ជា​សមាជិក​នៃ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ដោយ​អ្នកស្រី​រំពឹង​ថា តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​នឹង​ជួយ​ទប់ស្កាត់​មិន​ឲ្យ​របប​ប្រល័យ​ពូជ​សាសន៍​វិល​ត្រឡប់​មក​ជា​ថ្មី​លើ​ទឹក​ដី​កម្ពុជា​ឡើយ ហើយ​អ្នក​ស្រី​ក៏​បាន​ទទូច​សុំ​ឲ្យ​បង្កើន​ល្បឿន​ក្នុង​ការ​កាត់​ទោស​អតីត​មេ​ដឹកនាំ​ខ្មែរ​ក្រហម​ផងដែរ។

អ្នកស្រី ផន សារិន បាន​បញ្ជាក់​ថា ៖ «សុំ​ឲ្យ​លោក​ជួយ​វិនិច្ឆ័យ​និង​កាត់​ទោស​ឲ្យ​បាន​ឆាប់​រួសរាន់ ខ្ញុំ​នឹង​អរគុណ។ ខ្ញុំ​មាន​ការ​ឈឺ​ចាប់​ចំពោះ​គ្រួសារ​ខ្ញុំ​ដែល​ស្លាប់​នៅ​របប​នោះ»

មេឃុំ​ព្រៃ​គគីរ លោក ទេព អ៊ាន អាយុ​៥៩​ឆ្នាំ បាន​សម្ដែង​ការ​អបអរ​សាទរ​ចំពោះ​ការ​ដែល​រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​ផ្ដល់​សច្ចាប័ន​ដើម្បី​ក្លាយ​ជា​សមាជិក​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ដែល​ជា​របាំង​ទប់ស្កាត់​មិន​ឲ្យ​ការ​សម្លាប់​រង្គាល​កើត​មាន​ជា​ថ្មី​ទៀត​ចំពោះ​ប្រជាពលរដ្ឋ​កម្ពុជា។

លោក ទេព អ៊ាន បាន​អះអាង​ថា ៖ «ខ្ញុំ​បាន​មើល​ក្នុង​សៀវភៅ​ហ្នឹង ខ្ញុំ​មាន​ការ​ចាប់​អារម្មណ៍ សូម្បី​នាយក​រដ្ឋមន្ត្រី​ក៏​លោក​បាន​ចាប់​អារម្មណ៍​លើ​កិច្ចការ​ហ្នឹង។ ខ្ញុំ​សូម​ស្វាគមន៍​ដ៏​រីករាយ»

មន្ត្រី​សម្រប​សម្រួល​នៃ​សមាគម​ការពារ​សិទ្ធិ​មនុស្ស អាដហុក ប្រចាំ​ខេត្ត​ស្វាយ​រៀង លោក ង៉ែត ណារ៉ា បាន​ឲ្យ​ដឹង​ថា វគ្គ​ផ្សព្វផ្សាយ​ការ​យល់​ដឹង​ពី​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​និង​សាលាក្ដី​ខ្មែរ​ក្រហម បាន​ទទួល​ការ​ឧបត្ថម្ភ​ពី​សហគមន៍​អឺរ៉ុប និង​អង្គការ Oxfam Novib នៃ​ប្រទេស​ហុល្លង់ ដើម្បី​បញ្ជ្រាប​ការ​យល់​ដឹង​ដល់​ប្រជាពលរដ្ឋ​កម្ពុជា។

លោក ង៉ែត ណារ៉ា បាន​មាន​ប្រសាសន៍​ថា ៖ «ជា​សារ​មួយ​បញ្ជាក់​ទៅ​មេ​ដឹកនាំ​ជំនាន់​ក្រោយ​ថា បើ​សិន​ជា​អ្នក​ឯង​មាន​អំពើ​ឃោរឃៅ​សាហាវ​យង់ឃ្នង​ដូច​សម័យ​ខ្មែរ​ក្រហម​ទៀត​នោះ មិន​បាច់​បង្កើត​តុលាការ​ពិសេស​ដូច​សាលា​ក្ដី​ខ្មែរ​ក្រហម គឺ​យើង​មាន​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ព្រោះ​ថា​តុលាការ​នេះ​មាន​លក្ខណៈ​អចិន្ត្រៃយ៍»

លោក ង៉ែត ណារ៉ា បាន​បញ្ជាក់​បន្ថែម​ថា នៅ​អាស៊ី​អាគ្នេយ៍​មាន​តែ​ប្រទេស​កម្ពុជា​ប៉ុណ្ណោះ​ដែល​បាន​ក្លាយ​ជា​សមាជិក​នៃ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ដោយ​សភា​កម្ពុជា​បាន​ផ្ដល់​សច្ចាប័ន​កាល​ពី​ថ្ងៃ​ទី​៧ មករា ឆ្នាំ​២០០២។

តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​ត្រូវ​បាន​បង្កើត​ឡើង​នៅ​ថ្ងៃ​ទី​១ កក្កដា ឆ្នាំ​២០០២ ដែល​មាន​ទីស្នាក់ការ​នៅ​ទីក្រុង​ឡាអេ ប្រទេស​ហុល្លង់ ហើយ​ដែល​មាន​សមាជិក​រហូត​ដល់​ទៅ​១០៩​ប្រទេស។ បច្ចុប្បន្ន​តុលាការ​នេះ​អាច​យក​បទ​ល្មើស​តែ​បី​ប្រភេទ​មក​កាត់​សេចក្ដី គឺ​ឧក្រិដ្ឋកម្ម​ប្រល័យ​ពូជ​សាសន៍ ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ និង​ឧក្រិដ្ឋកម្ម​សង្គ្រាម ហើយ​ដែល​កើត​ឡើង​ក្រោយ​ថ្ងៃ​ទី​១ កក្កដា ឆ្នាំ​២០០២​ប៉ុណ្ណោះ៕