ព្រឹទ្ធ​សភា​អនុម័ត​សេចក្ដី​ព្រាង​ច្បាប់​ប្រឆាំង​អំពើ​ពុករលួយ

ព្រឹទ្ធ​សភា​នៃ​ប្រទេស​កម្ពុជា បាន​អនុម័ត​សេចក្ដី​ព្រាង​ច្បាប់​ប្រឆាំង​អំពើ​ពុករលួយ​ហើយ កាល​ពី​ថ្ងៃ​​ទី​១៩ ខែ​មីនា ដោយ​សំឡេង​គាំទ្រ​លើសលុប ដែល​ភាគ​ច្រើន​គឺ​ជា​សមាជិក​ព្រឹទ្ធ​សភា​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា ជា​បក្ស​​កំពុង​កាន់​អំណាច​សព្វ​ថ្ងៃ។

សមាជិក​ព្រឹទ្ធ​សភា​ទាំង​អស់​មាន​ចំនួន ៦១​រូប ដែល​ភាគ​ច្រើន​មក​ពី​គណបក្ស​កំពុង​កាន់​អំណាច។

សមាជិក​ព្រឹទ្ធ​សភា​ខាង​គណបក្ស​ប្រឆាំង​សមរង្ស៊ី លោក គង់ គាំ និង​ជា​អនុ​ប្រធាន​គណបក្ស​សមរង្ស៊ី ដែល​មិន​បាន​លើក​ដៃ​គាំទ្រ​អនុម័ត​លើ​សេចក្ដី​ព្រាង​ច្បាប់​នោះ បាន​មាន​ប្រសាសន៍​បញ្ជាក់​ប្រាប់​វិទ្យុ​អាស៊ី​សេរី នៅ​ថ្ងៃ​សៅរ៍ ទី​២០ មីនា​នេះ​ថា ព្រឹទ្ធ​សភា​បាន​សម្រេច​អនុម័ត​ក្នុង​រយៈពេល​តែ​មួយ​ថ្ងៃ​ប៉ុណ្ណោះ មិន​បាន​ពិភាក្សា​យូរ​ទេ។

លោក គង់ គាំ មាន​ប្រសាសន៍​ដូច្នេះ ៖ «អត់​បន្ត​ទេ គឺ​ថា កាល​ពី​ព្រឹក​ថ្ងៃ​១៩ ហ្នឹង​មួយ​ព្រឹក ព្រឹទ្ធ​សភា​បាន​អនុម័ត​ចប់​ច្បាប់​ប្រឆាំង​អំពើ​ពុករលួយ​ហ្នឹង​ហើយ។ ប្រឆាំង​មាន​តែ​មួយ​សំឡេង​គឺ​ខ្លួន​ខ្ញុំ ចំណែក​ឯ​ព្រឹទ្ធ​សភា​ហ្នឹង គ្រាន់តែ​សភា​ដែល​ធ្វើ​ត ធ្វើ​តាម​រដ្ឋ​សភា​ភាគ​ច្រើន​មិន​មាន​អី​ប្រែប្រួល​ទេ»

លោក នី ចរិយា ប្រធាន​ក្រុម​ស៊ើប​អង្កេត​នៃ​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​ក្រៅ​រដ្ឋាភិបាល​អាដហុក បាន​មាន​ប្រសាសន៍​អត្ថាធិប្បាយ​ថា ៖ «យើង​ឃើញ​ថា ព្រឹទ្ធសភា​មិន​មែន​ត្រឹមតែ​លើក​នេះ​ទេ គឺ​រាល់​លើក គ្រប់​ច្បាប់​ទាំង​អស់​ឲ្យ​តែ​សភា​អនុម័ត​មក គឺ​ព្រឹទ្ធ​សភា​កម្រ​នឹង​ឃើញ​មាន​ការ​កែប្រែ​នូវ​ខ្លឹមសារ​អត្ថបទ​ច្បាប់​ទាំង​ឡាយ​ណា​​ដែល​សភា​អនុម័ត​ណាស់»

វិទ្យុ​អាស៊ី​សេរី​មិន​ទាន់​អាច​ទាក់ទង​ដើម្បី​សុំ​ការ​ពន្យល់​ពី​សមាជិក​ព្រឹទ្ធ​សភា​ខាង​គណបក្ស​កាន់​អំណាច​បាន​ទេ ប៉ុន្តែ​តំណាង​របស់​រដ្ឋាភិបាល លោក សុខ អាន ជា​ឧប​នាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី ទទួល​បន្ទុក​ទីស្ដីការ​គណៈរដ្ឋមន្ត្រី បាន​មាន​ប្រសាសន៍​ការពារ​សេចក្ដី​ព្រាង​ច្បាប់​នេះ​នៅ​ក្នុង​សភា​ជាតិ​កាល​ពី​សប្ដាហ៍​កន្លង​ទៅ​នេះ​ថា ៖ «ការ​ចេញ​ច្បាប់​នេះ​ជា​ជំហាន​ថ្មី​ធំ​ណាស់ នឹង​ធ្វើ​ឲ្យ​ស្ថាប័ន​ប្រឆាំង​អំពើ​ពុករលួយ ធ្វើ​ឲ្យ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ទៅ​ជា​ឧបករណ៍​យ៉ាង​មុត​ស្រួច​របស់​រាជ​រដ្ឋាភិបាល​នៅ​ក្នុង​ការងារ​ប្រឆាំង​អំពើ​ពុករលួយ​ហ្នឹង។ ច្បាប់​នឹង​កែ​លម្អ​ហូរហែ​បន្ត​ទៅ​មុខ​ទៀត។ ចំពោះ​មុខ​យើង​បាន​ដាក់​​នូវ​មុខ​សញ្ញា​ប្រកាស​ទ្រព្យ​សម្បត្តិ។ រាប់​ទៅ​វា​មិន​ក្រោម​ជាង​សែន​នាក់​ទេ»

សេចក្ដី​ព្រាង​ច្បាប់​ប្រឆាំង​អំពើ​ពុករលួយ​ដែល​មាន ៩​ជំពូក និង ៥៧​មាត្រា ត្រូវ​បាន​សភា​ជាតិ​កម្ពុជា​បាន​អនុម័ត​កាល​ពី​ថ្ងៃ​ទី​១១ ខែ​មីនា កន្លង​ទៅ​នេះ ក្នុង​សំឡេង​ភាគ​ច្រើន​គាំទ្រ ៨២​លើ​៨២​សំឡេង ដែល​ភាគ​ច្រើន​មក​ពី​គណបក្ស​កាន់​អំណាច​នៅ​មុន​ការ​ដាក់​ជូន​ព្រឹទ្ធ​សភា​អនុម័ត កាល​ពី​ថ្ងៃ​សុក្រ ទី​១៩ មីនា​នេះ។

តំណាង​រាស្ត្រ​គណបក្ស​ប្រឆាំង​សមរង្ស៊ី និង​សកម្ម​ជន​ការពារ​សិទ្ធិ​មនុស្ស​ក្រៅ​រដ្ឋាភិបាល អង្គការ​សហ​ប្រជាជាតិ​កន្លង​មក បាន​ជំទាស់​ចំពោះ​ការ​អនុម័ត​ច្បាប់​ប្រឆាំង​អំពើ​ពុករលួយ​ដោយ​តក់ក្រហល់​នោះ ដោយសារ​តែ​មាន​មាត្រា​មួយ​ចំនួន​ត្រូវ​គេ​សុំ​ឲ្យ​កែប្រែ។

ការ​រិះគន់​នោះ​ទៀត បាន​ផ្ដោត​លើ​ការ​ប្រកាស​ទ្រព្យ​សម្បត្តិ មិន​បាន​ចែង​ឲ្យ​ប្រកាស​ទ្រព្យ​សម្បត្តិ​ជា​សាធារណៈ សមាជិក​ស្ថាប័ន​ប្រឆាំង​អំពើ​ពុករលួយ​មិន​ឯករាជ្យ​ពី​គណបក្ស​នយោបាយ ដែល​ងាយ​ការពារ​ផលប្រយោជន៍​បក្ស​ពួក​ខ្លួន។

ក្រោយ​ពី​ព្រឹទ្ធ​សភា​បាន​អនុម័ត​លើ​សេចក្ដី​ព្រាង​ច្បាប់​ប្រឆាំង​អំពើ​ពុករលួយ​នោះ​ហើយ គេ​មាន​គម្រោងការ​បញ្ជូន​មក​ឲ្យ​សភា​ជាតិ​វិញ ដើម្បី​ដាក់​ជូន​ឲ្យ​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​កម្ពុជា​ពិនិត្យ​នៅ​មុន​ការ​បញ្ជូន​ឲ្យ​ប្រមុខ​រដ្ឋ​ស្ដីទី​ចុះ​ហត្ថលេខា ឬ​ថ្វាយ​ព្រះមហាក្សត្រ​ឡាយ​ព្រះហស្ត​លេខា ដើម្បី​ក្លាយ​ជា​ច្បាប់​ចូល​ជា​ធរមាន៕