ក្នុងពេលនោះ ប្រធានគណៈកម្មការសិទ្ធិមនុស្សកម្ពុជា អះអាងថា មកដល់ពេលនេះរដ្ឋាភិបាលបានធ្វើអ្វីៗជាច្រើន និងគ្រប់បែបយ៉ាង ឲ្យដំណើរការគោរពសិទ្ធិមនុស្សនៅកម្ពុជា ប្រកបដោយជោគជ័យ និងយូរអង្វែង។
កម្ពុជា បានរីកចម្រើនច្រើននៅក្នុងការគោរពសិទ្ធិមនុស្ស ជាពិសេសការបើកទូលាយលើផ្នែកសិទ្ធិពលរដ្ឋ នយោបាយ និងសិទ្ធិសេដ្ឋកិច្ច។
លោកទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សនៅកម្ពុជា បានមានប្រសាសន៍បញ្ជាក់បែបនេះនៅក្នុងសិក្ខាសាលាអបអរសាទរខួបលើកទី៦៤ ទិវាសិទ្ធិមនុស្សអន្តរជាតិ ១០ ធ្នូ នៅវិមានព្រឹទ្ធសភា។ លោក ឱម យ៉ិនទៀង បន្តថា សមាគមសិទ្ធិមនុស្សផ្សេងៗ និងគណបក្សនយោបាយ កំពុងអនុវត្តសិទ្ធិសេរីភាពរបស់ខ្លួនដោយសេរីស្របតាមច្បាប់។ ចំណែកស្ថាប័នសារព័ត៌មាន ក៏អាចធ្វើសកម្មភាពស្របតាមសង្គមលទ្ធិប្រជាធិបតេយ្យ៖ «គណបក្សនយោបាយ អង្គការក្រៅរដ្ឋាភិបាលជាតិ និងអន្តរជាតិ ធ្វើសកម្មភាពស្របតាមលទ្ធិប្រជាធិបតេយ្យ រហូតដល់មានមតិមួយចំនួនថា ប្រទេសកម្ពុជា គឺជាឋានសួគ៌នៃអង្គការក្រៅរដ្ឋាភិបាល។ ទន្ទឹមនឹងនេះដែរ ក៏មានអង្គការ និងសារព័ត៌មានខ្លះបាន និងកំពុងប្រើសិទ្ធិលើសពីក្រមសីលធម៌របស់ខ្លួន ដែលមានទៅទៀត ហើយពួកគេមិនត្រូវបានហាមឃាត់ ឬបំបិទសិទ្ធិឡើយ»។
បើទោះជាយ៉ាងណា លោកទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង បញ្ជាក់ដែរថា កម្ពុជា នៅមានផ្លូវដើរវែងឆ្ងាយក្នុងការជំរុញការគោរពសិទ្ធិមនុស្សអោយកាន់តែប្រសើរ។
តំណាងស្ដីទីនៃការិយាល័យអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា លោក ជេមស៍ ហ៊ីណាន់ (James Heenan) មានប្រសាសន៍ថា កម្ពុជា ពិតជាមានការរីកចម្រើននៅក្នុងវិស័យសិទ្ធិមនុស្ស ប៉ុន្តែបញ្ហាចំពោះមុខសំខាន់ៗមួយចំនួន ចាំបាច់អោយមានការផ្លាស់ប្ដូរ ជាពិសេសសិទ្ធិនយោបាយ និងដីធ្លី៖ «ចំពោះសេរីភាពបញ្ចេញមតិ គឺកំពុងមានការតវ៉ាច្រើន ហើយអង្គការសហប្រជាជាតិកំពុងធ្វើការជិតស្និទ្ធជាមួយរដ្ឋាភិបាលកម្ពុជា ដើម្បីធានាថា ពលរដ្ឋគ្រប់គ្នាមានសិទ្ធិនិយាយ មានសិទ្ធិបញ្ចេញទស្សនៈដោយពេញលេញ និងក្នុងសន្តិភាព»។
របាយការណ៍របស់លោក សុរិយា ស៊ូប៊ែឌី (Surya Subedi) កាលពីចុងខែកញ្ញា បានស្នើសុំឲ្យ រដ្ឋាភិបាលកម្ពុជា ធ្វើកំណែទម្រង់មួយចំនួន ដើម្បីឲ្យការបោះឆ្នោតឆ្នាំ២០១៣ ប្រព្រឹត្តទៅបានដោយ សេរី និងយុត្តិធម៌ ព្រមទាំងជៀសវាងការរំលោភសិទ្ធិមនុស្ស។ របាយការណ៍នោះ ក៏បានជំរុញឲ្យ រដ្ឋាភិបាលបង្កើនតម្លាភាព និងគោរពច្បាប់ ក្នុងការផ្ដល់ដីសម្បទានសេដ្ឋកិច្ច និងសម្បទានផ្សេងៗ។ លោកបញ្ជាក់ទៀតថា ពលរដ្ឋទូទៅកំពុងទាល់ច្រក និងមិនសប្បាយចិត្តចំពោះវិបត្តិដីធ្លី។
ចំណែកប្រធានាធិបតីអាមេរិក លោក បារ៉ាក់ អូបាម៉ា (Barack Obama) បានប្រាប់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថា ប្រទេសកម្ពុជា នឹងក្លាយជាដៃគូដែលមានឆន្ទៈមួយសម្រាប់សហរដ្ឋអាមេរិក ប្រសិនបើរដ្ឋាភិបាលកម្ពុជា បង្កើនជាអាទិភាពប្រយុទ្ធប្រឆាំងអំពើពុករលួយ ការពង្រឹងនីតិរដ្ឋ និងការពារសិទ្ធិប្រជាពលរដ្ឋ ដោយរួមទាំងអ្នកដែលងាយរងគ្រោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។