មន្ត្រីក្រសួងការបរទេសខ្មែរបានឲ្យដឹងថា ការគ្រោងទៅកាន់តំបន់ដែលមានកងទ័ពខ្មែរនិងថៃកំពុងប្រឈមមុខដាក់គ្នាក្នុងរឿងជម្លោះព្រំដែននោះ គឺលោក ហោ ណាំហុង ចង់ពិនិត្យមើលចំណុចព្រំដែនខ្មែរនិងស្ថានភាពទូទៅរបស់កងទ័ពខ្មែរនៅទីនោះប៉ុណ្ណោះ ពុំមែនជាកិច្ចប្រតិបត្តិការខាងកិច្ចការព្រំដែនណាមួយទេ។
លោក កុយ គង់ អ្នកនាំពាក្យក្រសួងការបរទេសខ្មែរ បានមានប្រសាសន៍កាលពីព្រឹកថ្ងៃសុក្រ ទី២២ ខែមករា ថា លោក ហោ ណាំហុង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេសខ្មែរ ចង់ពិនិត្យមើលស្ថានភាពទូទៅនៃចំណុចព្រំដែនខ្មែរនិងចង់ដឹងអំពីស្ថានភាពកងទ័ពខ្មែរប្រចាំទីនោះ។
លោក កុយ គួង បានបញ្ជាក់ថា ៖ «ហ្នឹងគ្រាន់តែលោកអញ្ជើញទៅពិនិត្យស្ថានភាពទូទៅទេ។ ពិនិត្យមើលស្ថានភាពព្រំដែននៅប្រាសាទព្រះវិហារ ហើយនិងជួបសួរសុខទុក្ខកងទ័ពឈរជើងនៅទីនោះផងណា ហើយនិងមាននាំនូវអំណោយមួយចំនួនចែកជូនដល់កងទ័ពផង»។
ស្ថានភាពប្រឈមមុខដាក់គ្នាដោយកងទាហានខ្មែរ-ថៃបានអូសបន្លាយជាងមួយឆ្នាំមកនេះនៅជុំវិញតំបន់ប្រាសាទព្រះវិហារ ចាប់តាំងពីប្រទេសថៃបានប្រកាសថា ប្រាសាទព្រះវិហារជារបស់គេហើយបានបញ្ជូនកងទ័ពថៃច្រើនរយនាក់ចូលលុកលុយទឹកដីខ្មែរនៃវត្តកែវសិខាគិរីស្វរៈ កាលពីខែកក្កដា ឆ្នាំ២០០៨មក។
អគ្គបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទដែលកំពុងគ្រប់គ្រងយោធាខ្មែរជុំវិញតំបន់ប្រាសាទព្រះវិហារ លោកឧត្តមសេនីយ៍ឯក ជា តារា បានអះអាងតាមសារព័ត៌មានក្នុងស្រុកថា កាលពីថ្ងៃទី១៦ ទី១៧ ខែមករាកន្លងមកថ្មីៗ ស្ថានភាពប្រឈមមុខដាក់គ្នារវាងទាហានខ្មែរ-ថៃនៅលើកំពូលភ្នំទ្រព្យចម្ងាយជាង ៤គីឡូម៉ែត្រ ភាគខាងលិចឆៀងខាងជើងពីប្រាសាទព្រះវិហារបានតានតឹងជាថ្មី តែមិនឈានដល់ការផ្ទុះអាវុធទេ បន្ទាប់ពីទាហានថៃបានទាមទារឲ្យទាហានខ្មែរដែលបោះទីតាំងការពារព្រំដែនខ្មែរនៅទីនោះដកថយចេញ ពីព្រោះថៃសំអាងថាជាទឹកដីរបស់គេនោះ។
ទោះយ៉ាងណាលោកឧត្តមសេនីយ៍ទោ ស្រី ឌឹក មេបញ្ជាការកងពលធំអន្តរាគមន៍លេខ៣ដែលកំពុងប្រចាំការនៅតំបន់ប្រាសាទព្រះវិហារ បានមានប្រសាសន៍ថា រហូតមកដល់ថ្ងៃសុក្រ ទី២២ ខែមករា ស្ថានភាពតានតឹងនៅលើកំពូលភ្នំទ្រព្យបានធូរស្រាលវិញហើយបន្ទាប់ពីមេបញ្ជាការយោធាខ្មែរ-ថៃប្រចាំតំបន់ជួរមុខនោះបានជួបជជែកគ្នាដើម្បីរកដំណោះស្រាយមក។
លោកឧត្តមសេនីយ៍ទោ ស្រី ឌឹក បានអះអាងថា ៖ «អត់មានអីផង ធម្មតាហ្នឹង។ ខ្ញុំទើបដើរនៅតាសឹម ខ្ញុំទើបជួបថ្ងៃមុនតើ! ហើយអាទល់មុខៗហ្នឹងជួបរាល់ថ្ងៃ អង្គុយលេងជាមួយគ្នាហ្នឹង។ អត់ទាន់មានអីប្រែប្រួលទេ មិនបាច់បារម្ភទេ!»។
មន្ត្រីក្រសួងការបរទេសខ្មែរបានឲ្យដឹងថា ចាប់តាំងពីថៃបានបញ្ជូនកងទ័ពជាច្រើនរយនាក់ចូលលុកលុយទឹកដីខ្មែរនៅតំបន់ប្រាសាទព្រះវិហារ កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០០៨ រហូតមកដល់ពេលនេះ រដ្ឋាភិបាលខ្មែរ-ថៃបានជួបចរចាគ្នាជាច្រើនលើកមកហើយ ដើម្បីរកដំណោះស្រាយបញ្ចប់ជម្លោះបញ្ហាព្រំដែន ប៉ុន្តែពុំមានមានលទ្ធផលអ្វីប្រសើរទេ ហើយចាប់ពីពេលនេះទៅមុខរដ្ឋាភិបាលនៃប្រទេសទាំងពីរមិនទាន់មានគំរោងជួបចរចាគ្នាជាថ្មីស្តីពីបញ្ហាវិបត្តិព្រំដែនបន្តទៅទៀតនៅឡើយ៕
