ស្រ្តីឈ្មោះ លឿង សុវណ្ណ អាយុ២៥ឆ្នាំ នៅភូមិបឹងស្មុក បានមានប្រសាសន៍ប្រាប់វិទ្យុអាស៊ីសេរីនៅឯមន្ទីរពេទ្យខេត្តពោធិ៍សាត់នៅព្រឹកថ្ងៃ២៦ កុម្ភៈ ថា នៅពេលដែលគាត់វិលត្រឡប់ពីកាប់ដំឡូងមកដល់ផ្ទះវិញ គាត់ញ៉ាំបាយជាធម្មតា។ តែបន្ទាប់ពីសម្រាកមួយសន្ទុះស្រាប់តែខ្លួនគាត់ឡើងក្តៅខ្លាំង រួចចាប់ផ្តើមរាកនិងក្អួតយ៉ាងធ្ងន់ធ្ងររហូតខ្សោះកម្លាំង រួចសន្លប់លែងដឹងខ្លួនតែម្តង។
អ្នកស្រី លឿង សុវណ្ណ បានបញ្ជាក់ថា ៖ «មកពីកាប់ដំឡូង ខ្ញុំហូបសម្លផ្លែត្នោតជាមួយត្រីឆ្អើរ ហើយយប់ឡើងក្ដៅបំពង់ក ក្អួត រាកតែម្ដង»។
មណ្ឌលកែវ ៖ រាកប៉ុន្មានថ្ងៃបានយើងមកពេទ្យហ្នឹង? លឿង សុវណ្ណ ៖ ១យប់ ១ថ្ងៃ។ ខ្ញុំសន្លប់ម្ដងៗ។
ប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងថា គ្រាន់តែក្នុងមួយថ្ងៃប៉ុណ្ណោះមានអ្នកភូមិប្រមាណជាង ១០នាក់ចាប់ផ្តើមមានជំងឺដូចគ្នា និងជាបន្តបន្ទាប់។ ដំបូងចាប់ផ្តើមក្តៅខ្លួន រួចបន្ទាប់មកគឺរាកនិងក្អួតយ៉ាងខ្លាំង។
ស្រ្តីម្នាក់ឈ្មោះ ហៃ ខុន អាយុ១៩ឆ្នាំ រៀបរាប់ពីស្ថានភាពចាប់ផ្តើមមានជំងឺនោះថា ៖ «ពេលខ្ញុំចាប់ផ្ដើមឈឺ គេចាប់ផ្ដើមវឹបៗតាមរហូតតែម្ដង»។
មណ្ឌលកែវ ៖ ប៉ុន្មាននាក់ដែរដែលយើងដឹងថាឈឺតៗគ្នា? ហៃ ខុន ៖ ៥នាក់ តែស្លាប់អស់ម្នាក់ សល់៤ តែឥឡូវខ្ញុំមកមន្ទីរពេទ្យ។
មេភូមិបឹងស្មុក គឺលោក គិន ញ៉ស់ បានឲ្យដឹងថា ពិតជាមានជំងឺរាករូសដ៏កាចសាហាវកំពុងរាតត្បាតក្នុងភូមិមែន។ លោកបញ្ជាក់ថា មានក្មេងម្នាក់ឈ្មោះ ថេត សុរ៉ាន់ អាយុ១៣ឆ្នាំ បានទទួលមរណភាពដោយសារដឹកទៅមណ្ឌលសុខភាពមិនទាន់។
លោកមេភូមិបន្តថា ដោយភូមិនៅឆ្ងាយដាច់ស្រយាល ឯផ្លូវមានការលំបាកធ្វើដំណើរ ម្យ៉ាងផ្ទះអ្នកស្រុកនៅឆ្ងាយពីភូមិទៀត ទើបបណ្តាលឲ្យកុមារ ថេត សុរ៉ាន់ ស្លាប់យ៉ាងដូច្នេះ។
លោកបានអំពាវនាវសុំឲ្យថ្នាក់លើចាត់មន្ត្រីជំនាញផ្នែកសុខាភិបាលចុះមកជួយប្រជាពលរដ្ឋភូមិបឹងស្មុកជាបន្ទាន់ ព្រោះភូមិនេះមានទីតាំងឆ្ងាយដាច់ស្រយាល និងគ្មានមណ្ឌលសុខភាពទៀតផង។
ប្រធានមណ្ឌលសុខភាពឃុំឈើតុំដែលគ្របដណ្តប់ទាំងឃុំស្វាយស គឺលោកគ្រូពេទ្យ កើត លឹម មានប្រសាសន៍ថា លោកបានដឹងពីបញ្ហាជំងឺនៅភូមិបឹងស្មុកហើយ ហើយលោកកំពុងចាត់វិធានការដោយសហការជាមួយអង្គការ រ៉ាចឆា។
លោក កើត លឹម បានអះអាងថា ៖ «រាកនេះវាទាក់ទងនឹងអណ្ដូងទឹក ព្រោះគាត់អត់មានអណ្ដូងទឹកប្រើប្រាស់។ អណ្ដូងទឹកមួយប្រើប្រជាជន ១០ទៅ២០គ្រួសារ ហើយម៉្យាងទៀតអណ្ដូងទឹកហ្នឹងវាអត់ល្អទៀត។ ក្នុងនោះយើងបានអប់រំហើយនិងឲ្យថ្នាំសម្លាប់មេរោគ ក្លរ៉ាមីន សម្រាប់ដាក់ទឹកប្រើប្រាស់ចំនួន ១០៤គ្រួសារ ហើយយើងយកទឹកកន្លែងកើតហេតុហ្នឹងចំនួន ៥អណ្ដូងយកទៅពិនិត្យនៅភ្នំពេញ»។
មេឃុំស្វាយស គឺលោក ហុង ថាំង មានប្រសាសន៍ថា ស្ថានភាពជំងឺនៅភូមិបឹងស្មុកបានធូរស្រាលវិញហើយនៅថ្ងៃ២៦ កុម្ភៈ បន្ទាប់ពីមានការចុះអន្តរាគមន៍ពីមណ្ឌលសុខភាព ជាពិសេសគឺពីមន្ទីរពេទ្យខេត្តពោធិ៍សាត់។
បច្ចុប្បន្នជំងឺរាកក្អួតកំពុងរាតត្បាតនៅភូមិដាច់ស្រយាលជាច្រើននៅទូទាំងប្រទេស។ ថ្មីៗនេះនៅឯខេត្តកំពង់ឆ្នាំងក៏កំពុងកើតមានជំងឺរាកក្អួតនៅភូមិដាច់ស្រយាលមួយចំនួនក្នុងខេត្តនេះផងដែរ៕
