ទន្ទឹមគ្នានេះ មន្ត្រីសង្គមស៊ីវិល និងប្រជាពលរដ្ឋបានព្រួយបារម្ភចំពោះគម្រោងសាងសង់នេះថានឹងប៉ះពាល់ដល់ជីវភាពរស់នៅពលរដ្ឋក្នុងតំបន់នោះ។
រាជរដ្ឋាភិបាលកម្ពុជា បានអនុញ្ញាតឲ្យមានការសាងសង់ទំនប់វារីអគ្គិសនីនៅទន្លេសេសានក្រោម២ នាខេត្តស្ទឹងត្រែង មានកម្លាំង ៤០០មេហ្គាវ៉ាត់ ដើម្បីទាញយកថាមពលអគ្គិសនីទុកសម្រាប់ប្រើប្រាស់ក្នុងស្រុក។ ប៉ុន្តែគម្រោងនេះនាំឲ្យប៉ះពាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋក្នុងតំបន់នោះរាប់ពាន់នាក់។
លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម រ៉ែ និងថាមពល មានប្រសាសន៍នៅថ្ងៃទី១៣ ខែធ្នូ ថា គ្មានអ្វីដែលត្រូវសាធារណជនព្រួយបារម្ភផលប៉ះពាល់ពីការសាងសង់ទំនប់វារីអគ្គិសនីសេសានក្រោម២ ទៀតទេ ព្រោះគម្រោងសង់ទំនប់នេះ រដ្ឋាភិបាល និងក្រុមហ៊ុនបានចុះសិក្សា និងជួបជាមួយពលរដ្ឋរស់នៅតំបន់នោះស្រុះស្រួលគ្នាហើយ គឺរង់ចាំតែថ្ងៃសាងសង់ប៉ុណ្ណោះ។
លោកថា គម្រោងសង់ទំនប់សេសានក្រោម២ នេះ មន្ត្រីជំនាញ និងខ្លួនលោកផ្ទាល់បានចុះដល់មូលដ្ឋានសង់ទំនប់ បានជួបប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋានឯកភាពគ្នារួចហើយ។ លោក ស៊ុយ សែម អះអាងថា ដីកសិកម្ម និងលំនៅឋានថ្មីដែលរដ្ឋាភិបាល និងក្រុមហ៊ុន ត្រៀមផ្តល់ជូនពលរដ្ឋពីគម្រោងសាងសង់តំបន់វារីអគ្គិសនីនេះ មានភាពប្រសើរជាងលំនៅឋាន ឬដីកសិកម្មរបស់គាត់ពីពេលមុន។
ទាក់ទិនបញ្ហានេះ កាលពីថ្ងៃទី២៨ ខែវិច្ឆិកា កន្លងទៅ ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប (Royal Group) របស់ឧកញ៉ា គឹត ម៉េង និងក្រុមហ៊ុនចិន ឈ្មោះហៃដ្រូលេនកាង អ៊ីនធឺណែសិនណល អេនណឺជី (Hydrolancang International Energy) បានចុះហត្ថលេខាលើកិច្ចសន្យាសាងសង់ទំនប់វារីអគ្គិសនីមួយ មានទឹកប្រាក់ជាង ៧៨០លានដុល្លារសហរដ្ឋអាមេរិក ដើម្បីសាងសង់ទំនប់វារីអគ្គិសនីលើដងទន្លេសេសានក្រោម២ មានទីតាំងក្នុងខេត្តស្ទឹងត្រែង។
គម្រោងនេះ លោក មៀច មាន អ្នកសម្របសម្រួលអង្គការបណ្ដាញការពារទន្លេសេសាន ស្រែពក និងសេកុង ព្រួយបារម្ភខ្លាចរដ្ឋាភិបាល និងក្រុមហ៊ុនមិនជួយគិតគូរពីផលប៉ះពាល់ ឬសំណងជូនប្រជាពលរដ្ឋរស់នៅតំបន់ត្រូវកសាងទំនប់នោះឲ្យបានសមរម្យ។ លោកគ្មានជំនឿថា គម្រោងសង់ទំនប់វារីអគ្គិសនីសេសានក្រោម២ ក្នុងខេត្តស្ទឹងត្រែង របស់រដ្ឋាភិបាលអាចនាំឲ្យពលរដ្ឋក្នុងមូលដ្ឋានមានការអភិវឌ្ឍ ឬរីកចម្រើននោះទេ។
អ្នកស្រី ហ្វយ ស៊ុត ជាតំណាងសហគមន៍ជនជាតិដើមភាគតិចមកពីសហគមន៍ទន្លេសេសាន ខេត្តរតនគិរី ដែលបានរងគ្រោះដោយការសាងសង់ទំនប់វារីអគ្គិសនីយ៉ាលី របស់ប្រទេសវៀតណាម នៅខ្សែទឹកខាងលើពីឆ្នាំ១៩៩៦ មកនោះ អ្នកស្រីឲ្យដឹងថា ការរស់នៅ និងការប្រកបរបរចិញ្ចឹមជីវិតរបស់ពលរដ្ឋក្រោយទំនប់វារីអគ្គិសនីនេះសង់រួច គឺធនធានធម្មជាតិមាននៅក្នុងទន្លេមានត្រីជាដើម ត្រូវងាប់ផុតពូជ ហើយកម្ពស់ទឹកមិនទៀតទាត់ និងមានជំនន់ជន់លិចជាដើម។ អ្នកស្រីអះអាងថា គម្រោងស្ថាបនាទំនប់វារីអគ្គិសនីសេសានក្រោម២ របស់រដ្ឋាភិបាល គឺអាចមានការរីកចម្រើនតែក្រុមហ៊ុនវិនិយោគ ឬរដ្ឋាភិបាលទេ ប៉ុន្តែប្រជាពលរដ្ឋមិនទទួលបានផលឡើយ។
ដូចគ្នាដែរ លោក ហ្វុត ខឿន តំណាងសហគមន៍ឃុំស្រែគ ស្រុកសេសានក្រោម២ នៃខេត្តស្ទឹងត្រែង រស់នៅក្នុងតំបន់ដែលត្រូវសាងសង់ទំនប់វារីអគ្គិសនីសេសានក្រោម២ មានប្រសាសន៍ថា ពលរដ្ឋក្នុងសហគមន៍គាត់មិនពេញចិត្តលើគម្រោងស្ថាបនាទំនប់វារីអគ្គិសនីនេះទេ។ លោកថា គម្រោងសង់ទំនប់នេះ រដ្ឋាភិបាលមានផែនការជម្លៀសពលរដ្ឋពីទីតាំងធ្លាប់រស់នៅ ទៅកាន់ទីតាំងថ្មីឆ្ងាយពីទីតាំងធ្លាប់រស់នៅមានចម្ងាយជាង ១០គីឡូម៉ែត្រ ពិសេសដីនៅតំបន់នោះមិនអំណោយផលដល់របរធ្វើកសិកម្មនោះទេ។ លោកគ្មានជំនឿថា គម្រោងសង់ទំនប់វារីអគ្គិសនីសេសានក្រោម២ នាំឲ្យពលរដ្ឋមានការរីកចម្រើនដូចការអះអាងរបស់មន្ត្រីរដ្ឋាភិបាលលើកឡើងនោះទេ។
របាយការណ៍វាយតម្លៃផលប៉ះពាល់បរិស្ថានកម្រាស់ ៧៦ទំព័រ បោះពុម្ពផ្សាយកាលពីខែមេសា ឆ្នាំ២០១២ របស់បណ្ដាញការពារទន្លេបី ទន្លេសេសាន ទន្លេស្រែពក និងទន្លេសេកុង បានបង្ហាញថា ទំនប់វារីអគ្គិសនីសេសានក្រោម២ នេះ មានកម្ពស់ ៧៥ម៉ែត្រ និងមានប្រវែង ៨គីឡូម៉ែត្រ ហើយអាចបង្កើតថាមពលភ្លើងចំនួន ៤០០មេហ្គាវ៉ាត់។ តាមគម្រោងទំនប់វារីអគ្គិសនីនេះ នឹងចំណាយពេលជាង ៥ឆ្នាំ ដើម្បីសាងសង់ឲ្យរួចជាស្ថាពរ។
ការសាងសង់ទំនប់នេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់មានប្រសាសន៍ថា ថាមពលដែលទទួលបាននឹងលក់ ឬទុកឲ្យប្រើប្រាស់តែនៅក្នុងប្រទេសកម្ពុជា។
ការសិក្សាស្រាវជ្រាវផ្សេងទៀតបានបង្ហាញថា បើសិនគម្រោងសង់ទំនប់វារីអគ្គិសនីសេសានក្រោម២ លេចចេញជារូបរាងទៅតាមគម្រោងមែននោះ ត្រីនៅក្នុងទឹកទន្លេសេសាន ពិសេសពូជត្រីកម្រ នឹងត្រូវបំផ្លាញទាំងស្រុង។ រីឯផលប៉ះពាល់លើមនុស្ស នាំឲ្យប្រជាពលរដ្ឋរាប់ពាន់នាក់ មានលំនៅឋានតាមដងទន្លេ នឹងរងគ្រោះធ្ងន់ធ្ងរដោយសារគម្រោងនេះ។
យ៉ាងនេះក្តី លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម រ៉ែ និងថាមពល បានអះអាងថា គម្រោងសាងសង់ទំនប់វារីអគ្គិសនីសេសានក្រោម២ មន្ត្រីជំនាញបានចុះសិក្សាផលប៉ះពាល់ទៅលើប្រជាពលរដ្ឋរស់នៅតំបន់នោះរួចហើយ ហើយថាពលរដ្ឋនឹងទទួលបានសំណង មានដីកសិកម្ម និងលំនៅឋានថ្មីបានសមរម្យជាងមុន។
ទោះយ៉ាងណា របាយការណ៍វាយតម្លៃរបស់អង្គការការពារទន្លេបី បានវាយតម្លៃលើផលប៉ះពាល់បណ្ដាលពីគម្រោងកសាងទំនប់វារីអគ្គិសនីលើដងទន្លេសេសានក្រោម២ បង្ហាញថា មានពលរដ្ឋយ៉ាងតិច ៥ពាន់នាក់ ត្រូវបានរដ្ឋាភិបាលបង្ខំឲ្យផ្លាស់ប្ដូរទីលំនៅ ហើយថាជីវចម្រុះដែលមាននៅក្នុងដងទន្លេ នឹងរងការប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ឬក៏ដាច់ពូជនាថ្ងៃអនាគត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
