ការលាលែងពីតួនាទីជាសហចៅក្រមស៊ើបអង្កេតនេះ ធ្វើឡើងបន្ទាប់ពីអង្គការឃ្លាំមើលសិទ្ធិមនុស្ស ឈ្មោះ Human Rights Watch បានទាមទារឲ្យសហចៅក្រមជាតិ និងសហចៅក្រមស៊ើបអង្កេតអន្តរជាតិ លាឈប់ពីការងារកាលពីពេលថ្មីៗ នេះ។
មន្ត្រីនាំពាក្យនៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ឬហៅថា សាលាក្ដីខ្មែរក្រហម បានឲ្យដឹងនៅថ្ងៃទី១០ តុលាថា សហចៅក្រមស៊ើបអង្កេតអន្តរជាតិ បានដាក់លិខិតសុំលាលែងពីតួនាទីរបស់ខ្លួនជាផ្លូវការទៅអគ្គលេខាធិការនៃអង្គការសហប្រជាជាតិហើយ។
លោក នេត្រ ភត្ត្រា ជាអ្នកនាំពាក្យនៃសាលាក្ដីខ្មែរក្រហម។ លោកមានប្រសាសន៍ថា សហចៅក្រម ស៊ើបអង្កេតអន្តរជាតិ លោក ស៊ីកហ្វ្រីដ ប្លាំង (Siegfried Blunk) បានលាលែងពីដំណែងរបស់គាត់នេះ មានការសោកស្ដាយពីសហចៅក្រមជាតិ។ ប៉ុន្តែ ទោះបីជាយ៉ាងណាក៏ដោយ ការលែងជារឿងធម្មតារបស់តុលាការ ហើយក៏មានចែងនៅក្នុងវិធានផ្ទៃក្នុងរបស់សាលាក្ដីដែរ។
លោក ស៊ីកហ្វ្រីដ ប្លាំង បានទទួលតួនាទីជាសហចៅក្រមស៊ើបអង្កេតអន្តរជាតិ កាលពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១០ នៅបន្ទាប់ពីអតីតសហចៅក្រមអន្តរជាតិមុន គឺលោក ម៉ាកសែល ឡឺម៉ង់ (Marcel Lemond) បានលាលែងពីតំណែងកាលពីឆ្នាំ២០១០។
កាលពីថ្ងៃទី៣ តុលា អង្គការឃ្លាំមើលសិទ្ធិមនុស្ស (Human Rights Watch) បានស្នើឲ្យសហចៅក្រម ស៊ើបអង្កេតជាតិ លោក យូ ប៊ុនឡេង និងសហចៅក្រមស៊ើបអង្កេតអន្តរជាតិ ជនជាតិអាឡឺម៉ង់ លោក សៀក ហ្រ្វីត ប្លាំង លាលែងចេញពីតំណែង។ អង្គការនេះបានចោទប្រកាន់សហចៅក្រមស៊ើបអង្កេតទាំងពីរនាក់ថា ពួកគាត់បានរំលោភតួនាទីជាមន្ត្រីយុត្តិធម៌ ដោយចៅក្រមទាំងពីរមិនបានស៊ើបអង្កេតប្រកបឱ្យមានប្រសិទ្ធភាពទាក់ទងនឹងសំណុំរឿង ០០៣ និង០០៤ ដែលជាសំណុំរឿងដ៏ចម្រូងចម្រាស ដើម្បីនាំជនសង្ស័យបន្ថែមទាក់ទងនឹងអតីតរបបខ្មែរក្រហមមកកាត់ទោស។
លោក នេត្រ ភត្ត្រា សុំមិនធ្វើអត្ថាធិប្បាយទេ ទាក់ទងទៅនឹងបញ្ហានេះ។
សេចក្ដីប្រកាសព័ត៌មានរបស់សហចៅក្រមអន្តរជាតិ បានឲ្យដឹងនៅថ្ងៃទី១០តុលាថា មូលហេតុសំខាន់ៗ ដែលលោក ប្លាំង បានលាលែងពីតំណែងនោះ ដោយសារតែបញ្ហាមន្ទិលមកលើរូបគាត់ ថាស្ថិតនៅក្រោមឥទ្ធិពលនយោបាយ ពីព្រោះថា រដ្ឋាភិបាលបានជម្រាបជូនអគ្គលេខាធិការអង្គការសហប្រជាជាតិលោកកន្លងមកថា នឹងមិនអនុញ្ញាតឲ្យមានសំណុំរឿង ០០៣ និង០០៤ នោះ។ សេចក្ដីប្រកាសព័ត៌មាននេះបានបន្តថា ហើយកាលពីថ្ងៃទី ១០ ឧសភា ឆ្នាំ២០១១ រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធិ បានលើកឡើងថា ប្រសិនបើពួកគេចង់ដំណើរការរឿងក្ដី ០០៣ និង ០០៤ ពួកគេតែរៀបចំឥវ៉ាន់ ហើយចាកចេញ។
សេចក្ដីប្រកាសព័ត៌មាន បានបញ្ជាក់ថា ទោះបីលោក ប្លាំង មិនដាក់ខ្លួនស្ថិតនៅក្រោមនៃការលើកឡើងរបស់រដ្ឋាភិបាលក៏ដោយ ក៏នៅតែមានភាពមន្ទិលសង្ស័យទៅលើលទ្ធភាពរបស់គាត់ ក្នុងការទ្រាំទ្រនឹងសម្ពាធពីមន្ត្រីរដ្ឋាភិបាល និងលទ្ធភាពក្នុងការបំពេញការងាររបស់គាត់ដោយឯករាជ្យ ក៏នៅតែមានមន្ទិលសង្ស័យចំពោះសុចរិតភាពនៃដំណើរការទាំងមូលរបស់តុលាការក្នុងសំណុំរឿងទាំងពីរនេះដែរ។
សេចក្ដីប្រកាសព័ត៌មានដដែលបានឲ្យដឹងទៀតថា ដោយសារតែការលើកឡើងម្ដងហើយ ម្ដងទៀត នេះហើយ ដែលធ្វើឲ្យគេយល់ឃើញថា ជាការប៉ុនប៉ងជ្រៀតជ្រែករបស់មន្ត្រីរដ្ឋាភិបាលនៅក្នុងដំណើរការសំណុំរឿង ០០៣ និង ០០៤ នោះ។
ទោះបីជាយ៉ាងណាក៏ដោយ កញ្ញា សេង ធារី ជាប្រធានសមាគមជនរងគ្រោះក្នុងរបបខ្មែរក្រហមនៅកម្ពុជា។ កញ្ញាបានសាទរចំពោះការលាលែងរបស់សហចៅក្រមអន្តរជាតិនេះ ហើយក៏ជាការទទួលស្គាល់មួយ ចំពោះសាលាក្ដីខ្មែរក្រហមស្ថិតនៅក្រោមសម្ពាធនយោបាយ នៃរដ្ឋាភិបាលកម្ពុជាទាក់ទងទៅនឹងការស៊ើបអង្កេតលើសំណុំរឿង ០០៣ និង ០០៤។
រហូតមកទល់ពេលនេះ សហចៅក្រមស៊ើបអង្កេតអន្តរជាតិចំនួនពីរនាក់ហើយ ដែលលាលែងពីតំណែងរបស់ខ្លួន គឺលើកមុន លោក ម៉ាសែល លឺម៉ង់ (Marcel Lemond) បានលាលែងពីតំណែងកាលពីចុងឆ្នាំ២០១០ និងលើកនេះ គឺលោក ស៊ីកហ្វ្រីដ ប្លាំង។ សាលាក្ដីខ្មែរក្រហមនៅមិនទាន់មានព័ត៌មានណាមួយបញ្ជាក់អំពីចៅក្រមថ្មី ដែលនឹងមកជំនួសលោក ប្លាំង នៅឡើយទេ៕