ចៅក្រម​តុលាការ​ខេត្ត​សៀមរាប​ម្នាក់​ត្រូវ​បាន​ប្ដឹង​ទៅ​ឧត្ដម​ក្រុមប្រឹក្សា​នៃ​អង្គ​ចៅក្រម

មេធាវី​ការពារ​ក្តី​ម្នាក់​បាន​ប្តឹង​ទៅ​ព្រះមហាក្សត្រ ព្រះ​ប្រធាន​ឧត្តម​ក្រុមប្រឹក្សា​អង្គ​ចៅក្រម​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ចោទ​ប្រកាន់​ចៅក្រម​សាលា​ដំបូង​ខេត្ត​សៀមរាប ពី​បទ​រំលោភ​នីតិ​វិធី អសមត្ថភាព​ក្នុង​វិជ្ជាជីវៈ ធ្វើ​ឲ្យ​ម្ចាស់​ហាង​ឯកជន​មួយ មាន​ការ​ខាតបង់​ក្នុង​ករណី​សំណុំ​រឿង​ក្តី​មួយ។

0:00 / 0:00

លោក​មេធាវី ស សូវ៉ាន បាន​មាន​ប្រសាសន៍​នៅ​ក្នុង​សន្និសីទ​កាសែត​មួយ​នៅ​ព្រឹក​ថ្ងៃ​ទី​១៥ ខែ​កញ្ញា​នេះ​ថា ជាមួយ​នឹង​ការប្តឹង​ទៅ​ព្រះមហាក្សត្រ​នោះ លោក​បាន​ប្តឹង​ទៅ​អង្គការ​សិទ្ធិ​មនុស្ស ក្នុង​ករណី​ដែល​លោក សួស ឡា ចៅក្រម​អនុវត្តន៍​សាលា​ដំបូង​ខេត្ត​សៀមរាប ឃុបឃិត​ក្លែងក្លាយ បន្លំ​ដើម្បី​ប្លន់​យក​ភោជនីយដ្ឋាន​មួយ ស្រប​ច្បាប់​តាមរយៈ​ដីកា​សម្រេច​ចុះ​អនុវត្ត​បង្ខំ។

លោក​មេធាវី ស សូវ៉ាន់ មាន​ប្រសាសន៍​ដូច្នេះ​ថា ៖ «នៅ​ក្នុង​រឿង​នេះ ខ្ញុំ​បាន​ប្ដឹង​ក្រុមប្រឹក្សា​អង្គចៅក្រម លើ​រឿង​អាកប្ប​កិរិយា​ចៅក្រម សួស ឡា ។ នៅ​ក្នុង​រឿង​នេះ ខ្ញុំ​បាន​ប្ដឹង​អង្គការ​សិទ្ធិ​មនុស្ស ពីព្រោះ​អំពើ​ប្លន់​ទាំង​កណ្ដាល​ថ្ងៃ នៅ​ខេត្ត​សៀមរាប ប្លន់​យក​ហាង​កាហ្វេ យក​ទៅ​ឲ្យ​មនុស្ស​ដែល​ឆបោក​លុយ​នាង​ហ្នឹង​ទៀត។ ខ្ញុំ​ប្ដឹង​អង្គការ​សិទ្ធិ​មនុស្ស ខ្ញុំ​នឹង​ប្ដឹង​ព្រះមហាក្សត្រ​ទៀត។ សួស ឡា ហ្នឹង ប្លន់​តាមរយៈ​ដីកា​សម្រេច​តុលាការ យក​តុលាការ​មក​ធ្វើ​ជា​អំពើ​ប្លន់​កណ្ដាល​ថ្ងៃ នៅ​ខេត្ត​សៀមរាប»

ក្រៅពី​ការប្តឹង​លោក​ចៅក្រម សួស ឡា នោះ លោក​មេធាវី ស សូវ៉ាន បាន​ប្តឹង​ពី​មន្ត្រី​ជំនួយការ​របស់​ចៅក្រម​មន្ត្រី​កងរាជ​អាវុធហត្ថ ខេត្ត​សៀមរាប និង​អាជ្ញាធរ​ឃុំ​ស្វាយដង្គុំ ក្នុង​ខេត្ត​សៀមរាប រួម​ជាមួយ​អ្នក​ដែល​ពាក់ព័ន្ធ​ផ្សេង​ទៀត សរុប​ចំនួន ១២​នាក់។

ចំណែក​ឯ​លោក សួស ឡា ចៅក្រម​សាលា​ដំបូង​ខេត្ត​សៀមរាប បាន​មាន​ប្រសាសន៍​បកស្រាយ​ថា លោក​មិន​បាន​ដឹង​ថា ការប្តឹង​នោះ​ក្នុង​ករណី​អ្វី​នោះ​ទេ ហើយ​លោក ស សូវ៉ាន មិន​មាន​សុពលភាព​ស្រប​ច្បាប់​ក្នុង​ការប្តឹង​នោះ​ទេ។

លោក សួស ឡា ថ្លែង​ដូច្នេះ​ថា ៖ «ក្នុង​សំណុំ​រឿង​គាត់​ប្ដឹង​ខ្ញុំ​ហ្នឹង ក្នុង​ភាគី​ហ្នឹង អត់​មាន​ភាគី​ណា​មួយ​ជា​កូន​ក្ដី​របស់​គាត់​ទេ។ គាត់​អត់​បាន​បំពេញ​សិទ្ធិ​ជា​អ្នក​តំណាង​ស្រប​ច្បាប់​ដាក់​ក្នុង​សំណុំ​រឿង​ទេ បាន​ន័យ​ថា គាត់​មិន​មែន​ជា​មេធាវី​តំណាង​ឲ្យ​អាណត្តិ​នៅក្នុង​សំណុំ​រឿង​ដែល​គាត់​ប្ដឹង​ហ្នឹង​ទេ អ៊ីចឹង​គាត់​គ្មាន​សិទ្ធិ​ធ្វើ​សកម្មភាព​ក្នុង​បណ្ដឹង​ហ្នឹង​ទេ។ អ៊ីចឹង​បណ្ដឹង​របស់​គាត់​ទាំង​អស់​ហ្នឹង សុទ្ធតែ​បណ្ដឹង​ខុស​ច្បាប់ ពីព្រោះ​គាត់​គ្មាន​សិទ្ធិ​ប្ដឹង​ខ្ញុំ​ទេ គាត់​ចង់​ប្ដឹង​ខ្ញុំ លុះត្រា​តែ​គាត់​ជា​មេធាវី​តំណាង​ដោយ​អាណត្តិ ឲ្យ​កូន​ក្ដី​គាត់​មួយ ដែល​ជា​ភាគី​ក្នុង​រឿង​ហ្នឹង អ៊ីចឹង​គាត់​មាន​សិទ្ធិ​ប្ដឹង»

សូម​បញ្ជាក់​ថា ករណី​ដែល​បណ្តាល​ឲ្យ​មេធាវី​ប្តឹង​ចៅក្រម​នេះ គឺ​បណ្តាល​មក​ពី​រឿង​ក្តី​មួយ នៅឯ​ខេត្ត​សៀមរាប លើ​ករណី​ការទាមទាម​ចែក​ទ្រព្យ​សម្បត្តិ​និង​ការគ្រប់គ្រង​ហាង​កាហ្វេ​មួយ ឈ្មោះ ឡឺ ហ្ក្រង់ កាហ្វេ (Le Grand Cafe) ដែល​លោក​ចៅក្រម សួស ឡា បាន​ចេញ​ដីកា​សម្រេច ចាត់ការ​ចុះ​អនុវត្ត​ដោយ​បង្ខំ​ឲ្យ​ឈ្មោះ ផាន់ សង្វាលី គ្រប់គ្រង់​ធ្វើ​អាជីវកម្ម​ជា​បណ្តោះ​អាសន្ន​នោះ ដែល​លោក​មេធាវី ស សូវ៉ាន គិត​ថា ជា​រឿង​ដែល​អយុតិធម៌៕