ប្រជាពលរដ្ឋខ្លះនៅភូមិអណ្តូងច័ន្ទ ឃុំស្រែណូយ ដែលត្រូវឈ្មួញជួលឲ្យទៅអារឈើរាល់ថ្ងៃ បានប្រាប់ឲ្យដឹងកាលពីរសៀលថ្ងៃច័ន្ទ ទី៥ ខែឧសភា ថា មានម៉ាស៊ីនរ៉ៃធំៗ ចំនួន ៦គ្រឿង ត្រូវបានគេបានដំឡើងដើម្បីអារឈើនៅតំបន់នោះដោយគ្មានសមត្ថកិច្ចណាហ៊ានសួរនាំទេ ហើយជារៀងរាល់ល្ងាចឈើជាច្រើនម៉ែត្រគូប ត្រូវបានគេដឹកតាមរថយន្តធំៗឆ្ពោះមកខេត្តសៀមរាប ៖ «៦រ៉ៃ រ៉ៃធំៗ ។ ខ្ញុំទៅអាររាល់ថ្ងៃហ្នឹងស៊ីឈ្នួល គេថាមានច្បាប់ពីរដ្ឋាភិបាលមកហើយ...» ។
អ្នកភូមិបានអះអាងទៀតថា នៅឃុំស្រែណូយ ការកាប់ឈើគឺជារបរមួយដែលពាក់ព័ន្ធនឹងមន្ត្រីមូលដ្ឋាន ទាហាននិងមេព្រៃខ្លះ ដែលបច្ចុប្បន្នមានរោងសិប្បកម្មកែច្នៃឈើលួចលាក់ជាច្រើនកន្លែង ។
ទោះយ៉ាងណា មន្ត្រីរដ្ឋាភិបាលមួយចំនួនកំពុងព្យាយាមមិនចង់អំពីអធិប្បាយបញ្ហានោះទេ ។
អភិបាលខេត្តសៀមរាប លោក ស៊ូ ភិរិន្ទ បានមានប្រសាសន៍ថា ពាក់ព័ន្ធនឹងការកាប់ឈើនោះ វាមិនមែនជាការងាររបស់ខេត្តទេ ហើយលោកជំរុញឲ្យសួរទៅមន្ត្រីរដ្ឋបាលព្រៃឈើ ៖ «ហួសសមត្ថកិច្ចខេត្តហើយអាហ្នឹង សួរទៅរដ្ឋបាលព្រៃឈើ» ។
នាយសង្កាត់រដ្ឋបាលព្រៃឈើ ស្រែណូយ លោក ទិត្យ វី បានព្យាយាមិនពន្យល់ឲ្យបានក្បោះក្បាយទេជុំវិញបញ្ហានេះ ដោយលោកគ្រាន់តែមានប្រសាសន៍ថា ការកាប់ឈើនោះ គឺជាក្រុមហ៊ុនដែលមានច្បាប់ត្រឹមត្រូវ ៖ «ខ្ញុំជាប់រវល់បន្តិចណាស់ អាចសួរនេះទៅ ប៉ុន្តែគេមានច្បាប់ឈូសឆាយចម្ការកៅស៊ូ» ។
ចំណែកនាយរងខណ្ឌរដ្ឋបាលព្រៃឈើខេត្តសៀមរាប លោក ទា គឹមសុទ្ឋ បានមានប្រសាសន៍ថា ការកាប់ឈើនៅក្បែរចម្ការកៅស៊ូ តំបន់អណ្តូងច័ន្ទនោះ គឺក្រុមហ៊ុនចម្ការកៅស៊ូមួយ ឈ្មោះ សំរោង រ៉ាប៉ប៊ើរ បានឈូសឆាយដីមួយម៉ឺនហិកតាសម្រាប់ដាំកៅស៊ូ ហើយឈើដែលនៅក្នុងផ្ទៃដីទាំងនោះត្រូវបានកាប់ ។
លោក ទា គឹមសុទ្ធ មានប្រសាសន៍ថា ៖ «ក្រុមហ៊ុនសំរោងរ៉ាប់ប៊ើរ គាត់ធ្វើការឈូសឆាយដាំកៅស៊ូហ្នឹងមួយម៉ឺនហិកតា អ៊ីចឹងហើយគេឈូសឆាយ គេប្រមូលគរដើមឈើហ្នឹងហើយ បង់ចូលថវិកាជាតិ យកមកកែច្នៃទៅជាឈើអារ» ។
អ្នកតំណាងរាស្ត្រគណបក្សប្រឆាំង លោក សុន ឆ័យ បានហៅការធ្វើសម្បទានដីព្រៃដើម្បីកាប់ឈើនោះថា ជាការបំផ្លាញជាតិ ៖ «យើងបានចាត់ទុកថា ជាអំពើលួចជាតិ ដោយមានការផ្សំគំនិតពីរដ្ឋាភិបាល ។ ពួកឈ្មួញដែលត្រូវរ៉ូវជាមួយមន្រ្តីរដ្ឋាភិបាលនេះ គឺអត់បានទៅសិក្សាថា តើដីនោះដាំម៉ៃសាក់បាន ឬមិនបាន? ដីនោះមានព្រៃ?» ។
តាមការអះអាងក្រៅផ្លូវការឲ្យដឹងថា នៅខេត្តសៀមរាប ចាប់តាំងពីឆ្នាំ២០០៧មក ដីព្រៃច្រើនជាង ៣ម៉ឺនហិកតា ដែលគេគ្រោងនិងកំពុងឈូសឆាយកាប់ឈើដើម្បីយកដីសម្បទាននោះ ។
អ្នកតំណាងរាស្ត្រគណបក្សប្រឆាំងបានឲ្យដឹងថា តាមការស្រាវជ្រាវបច្ចុប្បន្ននេះមានព្រៃប្រមាណពី ៣ ទៅ ៥សែនហិកតា ទូទាំងប្រទេស ត្រូវបានគេកាប់ក្រោមរូបភាពដីសម្បទាន ហើយបើគិតជាការប្រមូលពន្ធពីការយកឈើទាំងនោះទៅលក់យ៉ាងតិច ក៏បាន ២៥០លានដុល្លារក្នុងមួយឆ្នាំៗ ៕
