លោកវរៈសេនីយ៍ទោ នន់ សុផាន្នី ជាប្រធានការិយាល័យនគរបាលប្រឆាំងគ្រឿងញៀន លោកបានមានប្រសាសន៍កាលពីរសៀលថ្ងៃព្រហស្បតិ៍ ទី២៧ ខែកញ្ញា ថា សមត្ថកិច្ចមានការសង្ស័យទៅលើស្ត្រីជនជាតិថៃ ម្នាក់ឈ្មោះ ឥន្ធនូ ស៊ូធី (Inthanu Suthee) អាយុ ៤៩ឆ្នាំ នៅពេលដែលស្ត្រីរូបនោះធ្វើដំណើរតាមយន្តហោះ មកដល់ប្រលានយន្តហោះអន្តរជាតិ ខេត្តសៀមរាប ហើយមានចំណុចខុសធម្មតា។ បន្ទាប់មកក៏ចាប់ផ្ដើមត្រួតពិនិត្យ ហើយប្រទះឃើញគ្រឿងញៀនទំងន់ ៥គីឡូ និង ៦៤០ក្រាម។
លោកវរៈសេនីយ៍ទោ នន់ សុផាន្នី៖ «មេតំហ្វេតាមីន ម្សៅគ្រើមទឹកកក។ មានព័ត៌មានពីខាងប៉ូលិសច្រកទ្វារ នៅប្រលានយន្តហោះអន្តរជាតិ សៀមរាប ហ្នឹង គាត់មានបញ្ជីឈ្មោះអ្នកចុះមក គាត់ឃើញមានបញ្ជីឈ្មោះគួរឱ្យសង្ស័យ។ នាងហ្នឹងមួយ មកពីញូដេលី (New Daily) ប្រទេសឥណ្ឌា ហើយប្ដូរជើងយន្តហោះ នៅកូឡាឡាំពួរ (ប្រទេសម៉ាឡេស៊ី)។ ដល់អីចឹង ឆ្ងល់ថាហេតុអ្វីបានជាមកពីកូឡាឡាំពួរ មកចុះសៀមរាប មិនទៅថៃ? ដូច្នេះ យើងឆ្ងល់ៗក៏សង្ស័យ ចាប់ផ្ដើមធ្វើការឆែកឆេរ»។
នេះជាលើកទី២ ហើយដែលប៉ូលិសបានឃាត់ខ្លួនជនបរទេស និងរឹបអូសគ្រឿងញៀនខុសច្បាប់ ដែលបានឆ្លងកាត់ខេត្តសៀមរាប ក្នុងរយៈពេល ១ខែជាប់ៗគ្នា។
កាលពីថ្ងៃទី១៥ ខែសីហា កន្លងទៅ ប៉ូលិសបានចាប់ខ្លួនស្ត្រីជនជាតិថៃ ម្នាក់ អាយុ ២៩ឆ្នាំ និងបុរសជនជាតិហ្វីលីពីន ម្នាក់ អាយុ ៣៩ឆ្នាំ ដោយរឹបអូសបានគ្រឿងញៀនប្រភេទមេតំហ្វេតាមីន ជាង ៣គីឡូក្រាម និង ៤ខាំ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។