ផែនការ​កាត់​បន្ថយ​ភាព​ក្រីក្រ​ពលរដ្ឋ​នៅ​ខេត្ត​សៀមរាប​តាម​រយៈ​វិស័យ​ទេសចរណ៍

ខេត្ត​សៀមរាប គឺ​ជា​ខេត្ត​ក្រីក្រ​មួយ​នៅ​ក្នុង​បណ្ដា​ខេត្ត​ក្រីក្រ​មួយ​ចំនួន​ទៀត​របស់​ប្រទេស​កម្ពុជា ក៏ប៉ុន្តែ​ខេត្ត​នេះ សម្បូរ​ទៅ​ដោយ​ប្រាង្គ​ប្រាសាទ​បុរាណ និង​ធម្មជាតិ ដែល​ធ្វើ​ឱ្យ​មាន​សក្ដានុពល​អាច​ទាក់​ទាញ​អ្នក​ទេសចរ​បរទេស​ជាច្រើន​ក្នុង ១ឆ្នាំៗ។

0:00 / 0:00

មន្ត្រី​រដ្ឋាភិបាល​កម្ពុជា បាន​ឱ្យ​ដឹង​ថា ស្រប​ពេល​ដែល​ភ្ញៀវ​ទេសចរ​បរទេស​កាន់​តែ​កើន​ឡើង​នោះ រដ្ឋាភិបាល​កំពុង​ធ្វើ​ការ​ទាក់​ទាញ​អ្នក​វិនិយោគ​ទុន​ផ្នែក​ទេសចរណ៍ ឱ្យ​ចូល​មក​រក​ស៊ី​កាន់​តែ​ច្រើន​ថែម​ទៀត​ដែរ ដើម្បី​កាត់បន្ថយ​ភាព​ក្រីក្រ​របស់​ប្រជាពលរដ្ឋ​ខ្មែរ។

តើ​ផែនការ​កាត់​បន្ថយ​ភាព​ក្រីក្រ​តាម​រយៈ​វិស័យ​ទេសចរណ៍​នោះ​យ៉ាង​ណា?

អាជ្ញាធរ​ខេត្ត​សៀមរាប បាន​អះអាង​ថា ការ​ជួប​ប្រជុំ​វេទិកា​ទេសចរណ៍​អន្តរ​តំបន់​អាស៊ី​បូព៌ា ដែល​កំពុង​ដំណើរ​ការ​រយៈពេល ៣ថ្ងៃ​មក​ហើយ នៅ​ក្នុង​ខេត្ត​នេះ។ វេទិកា​ទេសចរណ៍​នេះ គឺ​ជា​ព្រឹត្តិការណ៍​ដ៏​សំខាន់​មួយ​សម្រាប់​ជួយ​ដល់​សណ្ឋាគារ ផ្ទះ​សំណាក់ ភោជនីយដ្ឋាន សិប្បកម្ម​ខ្នាត​តូច និង​អ្នក​ប្រកប​របរ​សេវាកម្ម​ទេសចរណ៍ ឱ្យ​កាន់​តែ​មាន​ដំណើរ​ការ​ល្អ​ក្នុង​ការ​ស្វែង​រក​ចំណូល​ប្រចាំ​ថ្ងៃ​ថែម​ទៀត។

នៅ​ស្រប​ពេល​ដែល​មាន​កិច្ច​ប្រជុំ​វេទិកា​ទេសចរណ៍​អន្តរ​តំបន់​អាស៊ី​បូព៌ា (អ៊ីតូហ្វ = EATOF) នេះ អាជ្ញាធរ​ខេត្ត​សៀមរាប កំពុង​ប្រឹងប្រែង​លើ​ការ​ទាក់​ទាញ​អ្នក​វិនិយោគ​ទុន ឱ្យ​ចូល​មក​រក​ស៊ី​នៅ​ក្នុង​ខេត្ត​នេះ​ថែម​ទៀត ក្នុង​គោល​បំណង​ផ្សារ​ភ្ជាប់​វិស័យ​ទេសចរណ៍​ទៅ​នឹង​គោល​នយោបាយ​កាត់​បន្ថយ​ភាព​ក្រីក្រ។

លោក ស៊ូ ភិរិន្ទ ជា​អភិបាល​ខេត្ត​សៀមរាប លោក​បាន​ថ្លែង​បន្ទាប់​ការ​អញ្ជើញ​ជា​គណៈ​អធិបតី​បើក​កិច្ច​ប្រជុំ​នោះ​ថា ពេល​បច្ចុប្បន្ន ចំណូល​ពី​វិស័យ​ទេសចរណ៍​ក៏​ជា​កំណើន​សេដ្ឋកិច្ច​មួយ​ផ្នែក ដែល​បាន​ជួយ​កាត់​បន្ថយ​ភាព​ក្រីក្រ​របស់​ប្រជាពលរដ្ឋ​នៅ​ក្នុង​ខេត្ត​នេះ​ដែរ។ លោក​បាន​មាន​ប្រសាសន៍​ថា អាជ្ញាធរ​ខេត្ត​កំពុង​ប្រឹងប្រែង​ធ្វើ​ឱ្យ​ផ្នែក​សេវាកម្ម និង​ការ​ទាក់​ទង​បណ្ដា​ប្រទេស​ជាច្រើន ឱ្យ​កាន់​តែ​ប្រសើរ ដើម្បី​ទាក់​ទាញ​ក្រុម​អ្នក​វិនិយោគ​ទុន​ឱ្យ​បាន​កាន់​តែ​ច្រើន​ឡើងៗ។

លោក ស៊ូ ភិរិន្ទ៖ «យើង​ធ្វើ​នេះ គេ​មើល​ឃើញ គេ​សប្បាយ​ពេញ​ចិត្ត​ណាស់ ថា​មិន​មាន​អ្នក​ណា​លើស​ហ្នឹង ដែល​គេ​ធ្លាប់​ដើរ​ជាច្រើន​ប្រទេស​ដែរ។ អីចឹង ដែល​គេ​សរសើរ​យើង​ហើយ គឺ​យើង​ខិត​ខំ​ធ្វើ​ឱ្យ​ល្អ​ថែម​ទៀត ទាំង​ប្រពៃណី ទំនៀមទម្លាប់ ទាំង​ការងារ​សេវា ទាំង​ទំនាក់​ទំនង និង​បរិស្ថាន ទាំង​ការងារ​បម្រើ។ ធ្វើ​ម៉េច​ឱ្យ​កាន់​តែ​ប្រសើរ​ឡើង ដើម្បី​ជា​ផល​ប្រយោជន៍​ដល់​អ្នក​ស្រុក​យើង​ក្នុង​ខេត្ត​សៀមរាប ផង ក៏​ដូច​ជា​ក្រៅៗ​ខេត្ត​យើង​ផង ឱ្យ​កាន់​តែ​ប្រសើរ​ឡើង​ក្នុង​ការ​វិនិយោគ ក្នុង​ការ​អភិវឌ្ឍ​តាម​រយៈ​វិស័យ​ទេសចរណ៍​ធម្មជាតិ​របស់​យើង​ហ្នឹង។ ហើយ​និង​ទេសចរណ៍​វប្បធម៌​របស់​យើង មាន​ប្រាង្គ​ប្រាសាទ​អង្គរវត្ត​នេះ​ឯង»

ទន្ទឹម​នឹង​ការ​ប្រឹងប្រែង​ទាក់​ទាញ​អ្នក​វិនិយោគ​ផ្នែក​ទេសចរណ៍​នោះ គឺ​អាជ្ញាធរ​ខេត្ត​សៀមរាប ក៏​កំពុង​ប្រឹងប្រែង​អនុវត្តន៍​ទៅ​តាម​យុទ្ធសាស្ត្រ​ទេសចរណ៍​របស់​រដ្ឋាភិបាល ដែល​មាន​ការ​ប្រឡង​ប្រណាំង​ទីក្រុង​ស្អាត ដោយ​មាន​ពាក្យ​ស្លោក​ទីក្រុង​ស្អាត រមណីយដ្ឋាន​ស្អាត និង​សេវា​ល្អ​ផង​ដែរ។

ក្នុង​រយៈពេល ១០​ខែ​ឆ្នាំ​២០១២ ខេត្ត​សៀមរាប បាន​ទទួល​ភ្ញៀវ​ទេសចរ​បរទេស​ចំនួន ១​លាន ៦​សែន​នាក់ នៅ​ក្នុង​ចំណោម​អ្នក​ទេសចរ​សរុប​ប្រមាណ ២លាន ៨សែន​នាក់ ដែល​បាន​ចូល​មក​ទស្សនា​នៅ​តាម​តំបន់​មួយ​ចំនួន​ទៀត​នៃ​ប្រទេស​កម្ពុជា។ ចំនួន​អ្នក​ទេសចរ​បរទេស​ដែល​ចូល​មក​ទស្សនា​នៅ​ខេត្ត​សៀមរាប រយៈពេល ១០​ខែ​ឆ្នាំ​២០១២ គឺ​កើន​ឡើង​ប្រមាណ ៥៧.៤% បើ​ប្រៀប​ធៀប​ទៅ​នឹង​រយៈពេល​ដូច​គ្នា កាល​ពី​ឆ្នាំ​២០១១ កន្លង​ទៅ។

លោក សុខ អាន ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ទីស្ដីការ​គណៈរដ្ឋមន្ត្រី បាន​មាន​ប្រសាសន៍​ថា ប្រទេស​កម្ពុជា មាន​ប្រវត្តិសាស្ត្រ​យូរ​អង្វែង​មក​ហើយ ដោយ​មាន​វប្បធម៌ និង​អរិយធម៌​ដ៏​អស្ចារ្យ។ បន្ថែម​លើ​នេះ មាន​ធម្មជាតិ​ដ៏​សម្បូរ​បែប ហើយ​សម្បត្តិ​ទាំង​នេះ​ធ្វើ​ឱ្យ​កម្ពុជា មាន​ឧត្តមភាព​ខ្លាំងក្លា​ក្នុង​ការ​ទាក់​ទាញ​ទេសចរណ៍ ដែល​ជា​ផ្នែក​មួយ​នៃ​ការ​អភិវឌ្ឍ​ឧស្សាហកម្ម និង​សេវាកម្ម។

លោក សុខ អាន៖ «ប្រទេស​កម្ពុជា មាន​រមណីយដ្ឋាន​ជាច្រើន ដែល​សក្ដិសម​សម្រាប់​ទេសចរណ៍​វប្បធម៌។ សក្ដានុពល​ដ៏​សម្បូរ​បែប​មួយ​ទៀត គឺ​ការ​ទាក់​ទាញ​ផ្នែក​ធម្មជាតិ និង​បរិស្ថាន​ស្រស់​ត្រកាល ដូច​ជា​មាន​ព្រៃ ស្ទឹង ទន្លេ បឹងបួ ឆ្នេរ​សមុទ្រ កោះ និង​សត្វ​ព្រៃ ព្រម​ទាំង​សត្វ​ផ្សោត​ដ៏​កម្រ​នៅ​ទន្លេ​មេគង្គ​ផង។ បច្ចុប្បន្ន​នេះ យើង​កំពុង​ព្យាយាម​អភិវឌ្ឍ​ទេសចរណ៍​ពី​ផ្នែក​វប្បធម៌​ឆ្ពោះ​ទៅ​រក​ទេសចរណ៍​ធម្មជាតិ និង​អេកូ​ទេសចរណ៍ ដើម្បី​ទាក់​ទាញ​អ្នក​ទេសចរ​ឱ្យ​ចូល​មក​កម្ពុជា និង​ជាពិសេស ទៅ​ខេត្ត​សៀមរាប ពីព្រោះ​ខេត្ត​នោះ គឺ​មាន​សក្ដានុពល​ផ្នែក​អេកូ​ទេសចរណ៍​ជាច្រើន»

កាល​ពី​ឆ្នាំ​២០១១ កន្លង​ទៅ កម្ពុជា បាន​ទទួល​ភ្ញៀវ​ទេសចរ​បរទេស​ប្រមាណ​ជាង ២លាន ៨​សែន​នាក់ ដោយ​បាន​ចំណូល​ជាតិ​ប្រមាណ​ជាង ១.៩០០​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក។

បើ​ទោះ​បី​ជា​ចំណូល​ទេសចរណ៍​បាន​កើន​ឡើង​ក៏ដោយ ក៏​ប្រជាពលរដ្ឋ​នៅ​ក្នុង​តំបន់​ទេសចរណ៍​តិច​តួច​នៅ​ឡើយ បាន​ទទួល​ចំណូល​នោះ។ គេ​ដឹង​ថា ចំណូល​មួយ​ចំនួន​បាន​ធ្លុះធ្លាយ​ទៅ​វិញ ដោយ​សារ​តែ​សណ្ឋាគារ និង​ភោជនីយដ្ឋាន​មួយ​ចំនួន បាន​ទិញ​ម្ហូប សាច់​សត្វ និង​បន្លែ​ជាដើម មក​ពី​ក្រៅ​ប្រទេស ដោយ​សារ​តែ​កសិករ​ខ្មែរ​នៅ​ក្នុង​តំបន់ មិន​អាច​ផលិត​ម្ហូប​អាហារ និង​បន្លែ ឱ្យ​ត្រូវ​ស្តង់ដារ និង​តាម​តម្រូវ​ការ​របស់​សណ្ឋាគារ និង​ភោជនីយដ្ឋាន សម្រាប់​បម្រើ​ទេសចរណ៍​ទាំង​នោះ​បាន​នៅ​ឡើយ។

ក្នុង​រយៈពេល​ប្រមាណ បី​បួន​ឆ្នាំ​កន្លង​ទៅ​នេះ អាជ្ញាធរ​ខេត្ត​សៀមរាប ដែល​សហការ​ជាមួយ​អង្គការ​អាល្លឺម៉ង់ មួយ ឈ្មោះ ជី.ធី.ហ្សេត (GTZ) ដើម្បី​បណ្ដុះ​បណ្ដាល​ជំនាញ​ដល់​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ជុំវិញ​តំបន់​ទេសចរណ៍​ខេត្ត​សៀមរាប ឱ្យ​អាច​មាន​សមត្ថភាព ដើម្បី​ទាញ​យក​ចំណូល​ពី​ទេសចរណ៍​ឱ្យ​កាន់​តែ​ច្រើន​ឡើងៗ។

លោក ប៊ុន ថាឫទ្ធិ ជា​អភិបាល​រង​ខេត្ត​សៀមរាប បាន​មាន​ប្រសាសន៍​ថា បច្ចុប្បន្ន​នេះ​ក្នុង​ចំណោម​ប្រជាពលរដ្ឋ​ចំនួន​ជាង ៩០​ម៉ឺន​នាក់ រស់នៅ​ទូទាំង​ខេត្ត​សៀមរាប គឺ​មាន​ប្រជាពលរដ្ឋ​ប្រមាណ​តែ​ជាង ៨.៥០០​គ្រួសារ​ប៉ុណ្ណោះ ដែល​អាច​ស្រូប​យក​ចំណូល​ប្រចាំ​ថ្ងៃ​បាន​ខ្លះ​ពី​ទេសចរណ៍។ ប្រជាពលរដ្ឋ​ទាំង​នោះ អាច​ទទួល​បាន​កម្រៃ​ជា​មធ្យម​ប្រមាណ​ជាង ១៨០​ដុល្លារ​អាមេរិក​ក្នុង ១ខែៗ។

លោក ប៊ុន ថាឫទ្ធិ៖ «ខេត្ត​សៀមរាប យើង​សម្បូរ​ដី​បង្កបង្កើន​ផល​ដែរ។ ក៏ប៉ុន្តែ យើង​អត់​មាន​លក្ខណៈ​សម្បត្តិ​ក្នុង​ការ​ផ្គត់ផ្គង់​នូវ​បន្លែ សាច់ សម្រាប់​សណ្ឋាគារ ភោជនីយដ្ឋាន ផ្ទះ​សំណាក់​អី​អត់​គ្រប់​គ្រាន់​នៅ​ឡើយ។ អីចឹង រដ្ឋាភិបាល​បាន​បង្កើត​គម្រោង​ខ្សែ​ក្រវាត់​បៃតង គឺ​សំដៅ​លើក​កម្ពស់​ធ្វើ​យ៉ាង​ម៉េច​ឱ្យ​ប្រជាពលរដ្ឋ​មាន​ចំណេះ​ដឹង​ខ្ពស់ ដើម្បី​ឱ្យ​ចេះ​យក​វត្ថុ​ធាតុ​ដើម​ទៅ​ផលិត ឬ​ក៏​បង្កើន​ការ​ដាំដុះ ការ​ចិញ្ចឹម​សត្វ ឱ្យ​ក្លាយ​ទៅ​ជា​ស្តង់ដារ​មួយ អាច​ផ្គត់ផ្គង់​បម្រើ​ឱ្យ​វិស័យ​ទេសចរណ៍​បាន ក្នុង​ការ​ជួយ​លើក​កម្ពស់​ជីវភាព​របស់​គាត់»

កាល​ពី​ពីរ​បី​ឆ្នាំ​មុន គម្រោង​ខ្សែ​ក្រវាត់​បៃតង បាន​ចាប់​ផ្ដើម​បណ្ដុះ​បណ្ដាល​ជំនាញ​ទៅ​លើ​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​សៀមរាប ចំនួន ៧​ស្រុក ហើយ​មក​ដល់​ឆ្នាំ​២០១២ គម្រោង​នេះ​បាន​ចាប់​ផ្ដើម​បណ្ដុះ​ទៅ​លើ​ប្រជាពលរដ្ឋ​នៅ​ក្នុង​ក្រុង​ចំនួន​១ និង​ស្រុក​ចំនួន​១១ ដើម្បី​ជួយ​ឱ្យ​ប្រជាពលរដ្ឋ​មាន​សមត្ថភាព​ទាញ​យក​ចំណូល​ពី​ទេសចរណ៍​បាន​តាម​រយៈ​ការ​ផលិត​វត្ថុ​អនុស្សាវរីយ៍ ការ​ដាំ​បន្លែ ផ្លែ​ឈើ និង​ចិញ្ចឹម​សត្វ លក់​ទៅ​ឱ្យ​បណ្ដា​សណ្ឋាគារ និង​ភោជនីយដ្ឋាន​ជាច្រើន ដែល​កំពុង​តែ​បម្រើ​សេវាកម្ម​ទេសចរណ៍​ជា​ប្រចាំ​ថ្ងៃ​នោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។