ដី​មន្ទីរ​ព័ត៌មាន​ក្រុង​ព្រះសីហនុ​កំពុង​រង​ការ​ទន្ទ្រាន​យក

មន្ទីរ​ព័ត៌មាន​នៅ​ក្រុង​ព្រះសីហនុ កំពុង​តែ​ប្រឈមមុខ​នឹង​ការ​រឹប​យក​ដី​ដោយ​ការ​ឈូស​ឆាយ​របស់​ក្រុមហ៊ុន​មួយ​មិន​ស្គាល់​ឈ្មោះ ដើម្បី​រឹប​យក​ដី​នោះ​នា​ពេល​ឆាប់ៗ​ខាង​មុខ នៅ​គ្រា​ដែល​មិន​ទាន់​មាន​កិច្ច​អន្តរាគមន៍​ណា​មួយ​ពី​ក្រសួង​ព័ត៌មាន​និង​ស្ថាប័ន​ណា​មួយ​ដើម្បី​បញ្ឈប់​សកម្មភាព​នោះ។

0:00 / 0:00

ផ្អែក​តាម​ប្រភព​បាន​ឲ្យ​ដឹង​ថា ដី​ធ្លី​នោះ​មាន​ទំហំ​ប្រមាណ ១៤​ហិកតារ ស្ថិត​នៅ​ក្នុង​ភូមិ​១ សង្កាត់​៣ ខណ្ឌ​មិត្តភាព ក្រុង​ព្រះសីហនុ ដែល​មាន​ចុះ​នៅ​ក្នុង​បញ្ជី​សារពើភណ្ឌ​របស់​មន្ទីរ​ព័ត៌មាន​ក្រុង​ព្រះសីហនុ ហើយ​នឹង​មាន​បង្គោល​អង់តែន​វិទ្យុ​នៅ​ទី​នោះ​ផង។

លោក ម៉ម ម៉ាលី ជា​ប្រធាន​មន្ទីរ​ព័ត៌មាន​ក្រុង​ព្រះសីហនុ ក្រោម​ការ​គ្រប់គ្រង​របស់​ក្រសួង​ព័ត៌មាន​នៃ​ប្រទេស​កម្ពុជា បាន​មាន​ប្រសាសន៍​ថា មាន​គ្រឿង​ចក្រ​ជា​ច្រើន​និង​កម្មករ​ជា​ច្រើន កំពុង​តែ​បន្ត​ការ​ឈូស​ឆាយ​យក​ដី​នោះ​ធ្វើ​ជា​កម្ម​សិទ្ធិ​ផ្ទាល់​ខ្លួន ចាប់​តាំង​ពី​ដើម​ខែ​វិច្ឆិកា រហូត​ដល់​ពេល​បច្ចុប្បន្ន​នេះ ដោយ​មិន​ទាន់​ដឹង​ថា ក្រុមហ៊ុន​នោះ​ជា​របស់​នរណា។

លោក ម៉ម ម៉ាលី មាន​ប្រសាសន៍​ដូច្នេះ​ថា ៖ «អ្នក​ដែល​គេ​ទទួល​ថា ជា​ម្ចាស់​ដី​ហ្នឹង គេ​កំពុង​ដំណើរការ​ឈូស​ឆាយ អ៊ីចឹង​មន្ទីរ​អត់​មាន​លទ្ធភាព​ឃាត់​ឃាំង​គេ​បាន ប៉ុន្តែ​គ្រាន់​តែ​បាន​ធ្វើ​របាយការណ៍​ទៅ​អភិបាល​ក្រុង ហើយ​និង​ទៅ​ក្រសួង​ប៉ុណ្ណឹង។ មាន​នៅ​ក្នុង​បញ្ជី​សារពើ​ភណ្ឌ​របស់​រដ្ឋ​របស់​មន្ទីរ​ព័ត៌មាន។ គេ​ឈូស​អាហ្នឹង គេ​ថា ក្នុង​ការ​គ្រប់គ្រង​ក្នុង​កម្រិត​គ្រប់គ្រង​របស់​គេ តែ​វា​អាច​ប៉ះពាល់​ទៅ​ដល់​អង់តែន»

លោក​បាន​ឲ្យ​ដឹង​ថា ក្រុមហ៊ុន​កំពុង​តែ​ឈូស​ឆាយ​ដើម្បី​រឹប​យក​ដី​ទំហំ ១៤​ហិកតារ​នោះ មាន​លិខិត ស.ជ.ណ. មួយ​របស់​ទីស្តីការ​គណៈរដ្ឋមន្រ្តី​ជា​សំអាង​ក្នុង​ការ​រឹប​យក​ដី​ធ្លី​នោះ។

គ្មាន​ប្រភព​ណា​មួយ​អះអាង​ថា ក្រុមហ៊ុន​កំពុង​តែ​ឈូសឆាយ​យក​ដី​ធ្លី​របស់​មន្ទីរ​ព័ត៌មាន​នៅ​ក្នុង​ក្រុង​ព្រះសីហនុ​នោះ មាន​ឈ្មោះ​អ្វី ជា​របស់​នរណា ហើយ​ដី​ទំហំ ១៤​ហិកតារ​នោះ គេ​មាន​គម្រោង​យក​ធ្វើ​អ្វី​ទេ?

វិទ្យុ​អាស៊ីសេរី​មិន​អាច​ទាក់​ទង​តំណាង​ក្រុមហ៊ុន​និង​អាជ្ញាធរ​មូលដ្ឋាន​នៅ​ក្រុង​ព្រះសីហនុ​ដើម្បី​សុំ​សេចក្តី​បំភ្លឺ​ជុំវិញ​ការ​ឈូសឆាយ​រឹប​យក​ដី​ធ្លី​១៤​ហិកតារ​នោះ​បាន​ភ្លាមៗ​ទេ។

លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី​ក្រសួង​ព័ត៌មាន បាន​មាន​ប្រសាសន៍​ប្រតិកម្ម​ថា លោក​បាន​ជំទាស់​នឹង​ការ​រឹបអូស​យក​ដី​ធ្លី​របស់​មន្ទីរ​ព័ត៌មាន​នៅ​ក្រុង​ព្រះសីហនុ​នោះ។

លោក​បាន​សន្យា​ថា នឹង​ធ្វើ​លិខិត​មួយ​នៅ​សប្តាហ៍​នេះ​ជូន​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន ដើម្បី​លុប​ចោល​ការ​អនុញ្ញាត​នានា​ដើម្បី​ប្រគល់​ដីធ្លី​នោះ​មក​ឲ្យ​ក្រសួង​ព័ត៌មាន​វិញ។ លោក​បាន​ចាត់​ទុក​ថា ការ​រឹប​យក​ដី​នោះ​ជា​ការ​ខុស​ឆ្គង​ធ្ងន់ធ្ងរ​មួយ។

លោកស្រី ជៀប សុធាវី អ្នក​សម្រប​សម្រួល​របស់​អង្គការ​សិទ្ធិ​មនុស្ស អាដហុក នៅ​ក្រុង​ព្រះសីហនុ បាន​មាន​ប្រសាសន៍​ថា ដីធ្លី​នោះ​ធ្លាប់​មាន​ការ​បង្រ្កាប​រួច​ម្តង​ទៅ​ហើយ​កាល​ឆ្នាំ​២០០១​កន្លង​ទៅ លើ​ប្រជាពលរដ្ឋ​ជា​ច្រើន​ដែល​រង​ការ​ចោទ​ប្រកាន់​ថា បាន​ចូល​មក​ចាប់​យក​ដី​ធ្លី​សង់​ជា​ខ្ទម​តូចៗ។ ប៉ុនែ្ត​ការ​ឈូស​ឆាយ​រឹប​យក​ដី​នា​ពេល​ថ្មីៗ​នេះ លោកស្រី​មិន​ទាន់​បាន​ដឹង​ថា ជា​ក្រុមហ៊ុន​ណា​ទេ។

លោកស្រី ជៀប សុធាវី មាន​ប្រសាសន៍​ដូច្នេះ​ថា ៖ «កាល​មុន ប្រជាពលរដ្ឋ​គាត់​ចូល​ទៅ​កាន់កាប់ មាន​បោះ​របង​ដាំ​កូន​ឈើ​អី​ហ្នឹង ដល់​នេះ​ខាង​សាលា​ក្រុង​នាំ​កម្លាំង​ទៅ​ឈូស​កាប់​កូន​ខ្នុរ​អី​ចេញ​ថា ដី​ហ្នឹង​របស់​សាលាក្រុង ហើយ​សម្រាប់​ការ​សាងសង់​មន្ទីរ​មួយ​ចំនួន ហើយ​ក្នុង​ហ្នឹង​ដូច​មាន​ព័ត៌មាន​ដែរ»

បញ្ហា​ជម្លោះ​ដី​ធ្លី​នៅ​ក្នុង​ក្រុង​ព្រះសីហនុ អ្នក​សម្រប​សម្រួល​នៃ​អង្គការ​សិទ្ធិ​មនុស្ស អាដហុក កត់​សម្គាល់​ឃើញ​ថា មាន​ការ​កើត​មាន​ទ្បើង​ច្រើន​នឹង​ញឹកញាប់​ជាង​បណ្តា​ខេត្ត​នានា​ក្នុង​ប្រទេស​កម្ពុជា៕