អ្នកស្រី អេលីហ្សាប៊ែត ប៊ិកគ័រ (Elizabeth Becker) អ្នកកាសែតអាមេរិកាំងដ៏ល្បីមួយរូប ដែលធ្លាប់ស្រាវជ្រាវ និងរាយការណ៍អំពីប្រទេសកម្ពុជា តាំងពីសម័យសង្គ្រាមក្នុងទសវត្ស ១៩៧០ មក សរសេរអត្ថបទមួយនៅថ្ងៃ១៧ ខែសីហា ក្នុងកាសែត The New York Times ដោយដាក់ចំណងជើងថា "ការបំបិទមាត់អ្នកជួយសម្រួលការដែលសុចរិតនៅកម្ពុជា"។
អ្នកស្រីផ្ដើមសេចក្ដីថា ឆ្នាំនេះជាខួបទី២០ នៃកិច្ចព្រមព្រៀងបញ្ចប់សង្គ្រាម និងការគំរាមបែបណាមួយពីខ្មែរក្រហមឃាតក ដោយសារការចូលរួមពីមហាអំណាច និងប្រទេសនៅអាស៊ីភាគច្រើន។
កាលពីសប្ដាហ៍មុន លោក ហ្គារេត អ៊ីវ៉ាន (Gareth Evans) អតីតរដ្ឋមន្ត្រីការបរទេសអូស្រ្តាលី ដែលជាស្ថាបត្យករមួយរូបមានចំណែកក្នុងការផ្ដល់គំនិត និងធ្វើសកម្មភាពជួយបញ្ចប់សង្គ្រាមនៅកម្ពុជា បានថ្លែងនៅចំពោះមុខសហគមន៍ខ្មែរចូលរួមដោយចលនាខ្មែរម្ចាស់ស្រុកនៅសកលវិទ្យាល័យមួយនាទីក្រុងស៊ីដនី ប្រទេសអូស្ត្រាលី ថា ក្នុងនាមជារដ្ឋមន្ត្រីការបរទេសរយៈពេល ៨ឆ្នាំ គ្មានអ្វីធ្វើឲ្យលោក សប្បាយរីករាយ និងមានភាពអង់អាចជាងការព្រមព្រៀងចុះហត្ថលេខាលើសន្ធិសញ្ញាសន្តិភាពនៅក្រុងប៉ារីស នៅឆ្នាំ១៩៩១ នោះឡើយ។
អ្នកស្រី អេលីហ្សាប៊ែត ប៊ិកគ័រ ថា អ្នកស្រីបានរាយការណ៍ពីទីនោះ អំពីការចរចាគ្នាមុននឹងភាគីទាំងអស់សុខចិត្តចុះហត្ថលេខា។ ភាគីទាំងអស់ក៏សប្បាយរីករាយគ្រប់ៗគ្នា ព្រោះគេគិតថា កម្ពុជានឹងឈានទៅរកសន្តិភាព និងលទ្ធិប្រជាធិបតេយ្យ។ ប៉ុន្តែក្ដីរំពឹងនោះមិនបានក្លាយទៅជាអ្វីដែលបានប៉ងប្រាថ្នានោះទេ។ ធាតុពិតកម្ពុជា នៅតែជាប្រទេសមួយកាន់អំណាចដោយគណបក្សនយោបាយតែមួយ ដែលមិនសូវអនុគ្រោះឲ្យមានការជំទាស់។ កម្ពុជាមានប្រព័ន្ធយុត្តិធម៌មួយពុករលួយ ហើយមេដឹកនាំសហជីពដ៏មានប្រសិទ្ធភាពត្រូវគេសម្លាប់ចោល។
អ្នកកាសែតអាមេរិកាំងរូបនោះចាត់ទុកការធ្វើច្បាប់គ្រប់គ្រងសមាគម និងអង្គការមិនមែនរដ្ឋាភិបាលថា ជាការដកហូតសិទ្ធិពីអង្គការឯករាជ្យទាំងនោះ ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញដែលផុសចេញពីកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីសនោះ។ ក្រុមសង្គមស៊ីវិល រួមនឹងក្រុមប្រទេសផ្ដល់ជំនួយ មើលឃើញថា បើតម្រូវឲ្យអង្គការក្រៅរដ្ឋាភិបាលធ្វើការងារនឹងស្ថាប័នរដ្ឋ នោះអង្គការសង្គមស៊ីវិលទាំងនោះនឹងក្លាយជាដៃជើងរបស់រដ្ឋាភិបាល ហើយបាត់បង់ភាពឯករាជ្យរបស់ខ្លួនក្នុងការចេញមុខជួយពលរដ្ឋខ្មែរក្រីក្រ។ ដោយឡែកពីនេះទៀត ធនាគារពិភពលោកមើលឃើញដូច្នោះហើយ បានជាព្យួរការឲ្យខ្ចីលុយតទៅទៀត រហូតដល់រដ្ឋាភិបាលជួយរកលំនៅឋានឲ្យប្រជាពលរដ្ឋដែលអាជ្ញាធរបណ្ដេញឲ្យបានសមរម្យវិញនោះ។
កម្ពុជាមានបំណងចង់ចូលជាសមាជិកក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិមិនអចិន្ត្រៃយ៍ ដោយបញ្ជូនអ្នកការទូតជាន់ខ្ពស់ទៅបញ្ចុះបញ្ចូលប្រទេសតូច ប្រទេសធំ មានសហរដ្ឋអាមេរិកផងដែរ។
អ្នកស្រី អេលីហ្សាប៊ែត ប៊ិកគ័រ បញ្ចប់សេចក្ដីថា តម្លៃពីការចង់បានឥទ្ធិពល និងមុខមាត់លើពិភពលោក គួរតែបន្តពង្រឹងលទ្ធិប្រជាធិបតេយ្យ មិនមែនធ្វើឲ្យស្រកស្រុតសាបរលាបនោះទេ៕