ពិធីបុណ្យខួបដង្កូវនាងដែលមានការបង្ហាញម៉ូតសម្លៀកបំពាក់ធ្វើអំពីសូត្រខ្មែរផង បានធ្វើឡើងនៅក្នុងវិទ្យាស្ថានវាយនភណ្ឌប្រពៃណីខ្មែរមួយដែលបង្កើតឡើងដោយជនជាតិជប៉ុនមួយរូបនៅភូមិជប់សោម ឃុំពាក់ស្នែង ស្រុកអង្គរធំ ចម្ងាយប្រមាណ ៣០គីឡូម៉ែត្រពីខេត្តសៀមរាប។
អ្នកគ្រប់គ្រងវិទ្យាស្ថានវាយនភណ្ឌប្រពៃណីខ្មែរ លោក មាស ថុល បានមានប្រសាសន៍កាលពីព្រឹកថ្ងៃអាទិត្យ ទី៦ ខែកញ្ញាថា ពិធីបុណ្យខួបដង្កូវនាងនេះគឺដើម្បីឧទ្ទិសដល់វិញ្ញាណក្ខន្ធសត្វដង្កូវនាងជាច្រើនដែលបានខិតខំផលិតសូត្រនិងបានស្លាប់ដើម្បីបម្រើប្រយោជន៍និងផ្តល់មុខរបរឲ្យមនុស្សលោក។
អ្នកគ្រប់គ្រងដដែលបានមានប្រសាសន៍ថា នេះជាលើកទី២ហើយដែលកន្លែងរបស់លោកបានធ្វើពិធីបុណ្យខួបដង្កូវនាង ហើយពិធីនេះគឺខ្មែរជំនាន់មុនធ្លាប់ធ្វើ ប៉ុន្តែវាបានបាត់បង់នៅពេលដែលប្រទេសកម្ពុជា ធ្លាក់ក្នុងសង្គ្រាមជាង ៣ទសវត្សរ៍មក។
លោក មាស ថុល ថ្លែងយ៉ាងដូច្នេះ ៖ «បុណ្យខួបនេះ ដូចថារំឭកកូននាងដែលខំផលិតសូត្រឲ្យយើង ហើយស្លាប់ទៅ យើងធ្វើបុណ្យឧទ្ទិសផលឲ្យវា»។
អ្នកបង្កើតវិទ្យាស្ថានវាយនភណ្ឌប្រពៃណីខ្មែរ លោក ម៉ូរីម៉ូតូ គីគុអូ ជនជាតិជប៉ុន បានមានប្រសាសន៍ថា លោកបានមកបង្កើតមណ្ឌលចិញ្ចឹមដង្កូវនាង ដាំដើមមននិងផលិតសូត្រខ្មែរតាមរបៀបខ្មែរបុរាណសុទ្ធសាធនៅទីនោះរយៈពេល ៧ឆ្នាំមកហើយ ដោយផលិតចេញជាសូត្រខ្មែរមានគុណភាពអាចរក្សាទុកប្រើប្រាស់បានរាប់រយឆ្នាំ ដើម្បីលក់ឲ្យទេសចរបរទេសដែលមកទស្សនាខេត្តសៀមរាប និងបានផ្តល់ការងារទៅឲ្យអ្នកភូមិខ្មែរជាង ២០០នាក់។
អ្នកស្រី ទូច វណ្ណារ៉ាន់ អ្នកគ្រប់គ្រងផ្នែកទីផ្សារ បានមានប្រសាសន៍ថា ផលិតផលធ្វើអំពីសូត្រខ្មែរចេញពីស្នាដៃសិប្បកម្មបុរាណរបស់វិទ្យាស្ថានវាយនភណ្ឌប្រពៃណីខ្មែរគឺកំពុងទាក់ទាញភ្ញៀវបរទេសយ៉ាងខ្លាំងក្នុងទីផ្សារទេសចរណ៍ខេត្តសៀមរាប បើប្រៀបធៀបជាមួយផលិតផលអំពីសូត្រនាំចូលមកពីបរទេសនោះ ៖ «ធ្វើដោយដៃ ភាគច្រើនជនជាតិបរទេសសឹង ១០០% គាត់ពេញចិត្តនឹងការធ្វើដោយដៃ និងជ្រលក់ពណ៌ធម្មជាតិ។ ពីមុនមក ខ្ញុំចាប់ផ្ដើមដំបូងមានជប៉ុនច្រើន តែឥឡូវមានខាងអឺរ៉ុបច្រើនដែរ»។
អ្នកស្រី វណ្ណារ៉ាន់ បានមានប្រសាសន៍ទៀតថា ទោះយ៉ាងណា ការផលិតនៃវិទ្យាស្ថានវាយនភណ្ឌប្រពៃណីខ្មែរ នៅមានកម្រិតតិចតួចនៅឡើយដោយសារខ្វះបច្ចេកទេសជាច្រើន។
លោក ម៉ូរីម៉ូតូ គីគុអូ បានមានប្រសាសន៍ថា លោកបានសម្រេចចិត្តជ្រើសយកភូមិជប់សោម ធ្វើជាកន្លែងចិញ្ចឹមដង្កូវនាងនិងផលិតសូត្រ ដោយសារលោកបានសិក្សាតាមការស្រាវជ្រាវរបស់អង្គការអូស្ត្រាលីមួយឈ្មោះ GAP បានស្រាវជ្រាវឃើញថា តំបន់នោះគឺជាអតីតកន្លែងចិញ្ចឹមដង្កូវនាងនិងផលិតសូត្រដ៏ល្បីល្បាញមួយសម្រាប់ថ្វាយព្រះរាជាខ្មែរសម័យអាណាចក្រអង្គរកាលពីជាង ៨០០ឆ្នាំមុន៕
