មន្រ្តី​ជាន់​ខ្ពស់​ខ្មែរ៖ ស្ថានការណ៍​នៅ​ព្រំដែន​មាន​សភាព​ស្ងប់ស្ងាត់

បន្ទាប់​ពី​មាន​ការ​ឆ្លើយ​ឆ្លង​គ្នា​ដោយ​ពាក្យ​សម្តី​រវាង​លោក​នាយករដ្ឋមន្ត្រី​ខ្មែរ និង​លោក​នាយករដ្ឋមន្ត្រី​ថៃ ក្នុង​ពេល​ថ្មីៗ​នេះ មាន​ពលរដ្ឋ​ខ្មែរ​ភាគ​ច្រើន​មាន​ការ​ព្រួយ​បារម្ភ​ថា អាច​មាន​សង្គ្រាម​កើត​ឡើង​នៅ​តាម​ព្រំដែន​ប្រទេស​ទាំង​ពីរ ប៉ុន្តែ​មន្ត្រី​ជាន់​ខ្ពស់​ខ្មែរ​អះអាង​ថា ស្ថានការណ៍​នៅ​ព្រំដែន​មាន​សភាព​ស្ងប់ស្ងត់​ធម្មតា។

0:00 / 0:00

លោក ផៃ ស៊ីផាន រដ្ឋលេខាធិការ​និង​ជា​មន្ត្រី​អ្នក​នាំ​ពាក្យ​ទីស្តីការ​គណៈរដ្ឋមន្ត្រី មាន​ប្រសាសន៍​ឲ្យ​វិទ្យុ​អាស៊ី​សេរី​ដឹង​ថា បើ​ទោះ​បី​ជា​មាន​សម្តី​ឆ្លើងឆ្លើយ​គ្នា​រវាង​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​លោក​នាយករដ្ឋមន្ត្រី​ថៃ អាភីស៊ិត វេឆាឈីវ៉ាក់ (Abhisit Vejjajiva) ក្នុង​ប៉ុន្មាន​ថ្ងៃ​កន្លង​មក​នេះ ហាក់​បី​ដូច​ជា​មាន​សភាព​តឹងតែង ហើយ​ដែល​មាន​ប្រជាពលរដ្ឋ​មួយ​ចំនួន​មាន​ការ​ព្រួយ​បារម្ភ​ខ្លាច​មាន​សង្គ្រាម​កើត​ឡើង​បែប​ណា​ក៏ដោយ ប៉ុន្តែ​គោល​ជំហរ​របស់​ប្រមុខ​ដឹកនាំ​រដ្ឋាភិបាល​ខ្មែរ គឺ​ប្រកាន់​ខ្ជាប់​នូវ​សន្តិភាព ដោយ​មិន​ប្រើ​ប្រាស់​អាវុធ​ដើម្បី​ធ្វើ​ការ​ដោះស្រាយ​បញ្ហា​ឡើយ។ លោក​បញ្ជាក់​ថា ស្ថានការណ៍​នៅ​ព្រំដែន​កម្ពុជា​បច្ចុប្បន្ន គឺ​មាន​សភាព​ស្ងប់ស្ងាត់​ជា​ធម្មតា និង​សូម​ឲ្យ​ប្រជាពលរដ្ឋ​កុំ​មាន​ការ​ព្រួយ​បារម្ភ​និង​ភ័យ​ខ្លាច។

លោក ផៃ ស៊ីផាន មាន​ប្រសាសន៍​ដូច្នេះ ៖ «គ្មាន​ហេតុផល​ណា​ដែល​បង្កើត​ឲ្យ​មាន​អរិភាព ជម្លោះ​គ្នា​រវាង​កងទ័ព​និង​កងទ័ព​ទេ។ ស្ថានភាព​ជាក់​ស្ដែង​នៅ​តាម​ព្រំដែន​មាន​សន្តិសុខ​ស្រួល​បួល កង​យោធពល​ខេមរភូមិន្ទ​កម្ពុជា មាន​ឥទ្ធិពល​ក្នុង​ការ​គ្រប់គ្រង​សមរភូមិ ដោយសារ​យើង​មិន​មាន​រៀបចំ​ក្នុង​ការ​វាយ​លុក​ណា​មួយ​ចូល​ទេ ហើយ​ប្រទេស​ថៃ បាន​ទទួល​ការ​ពិសោធ​ជាក់ស្ដែង​ពីរ​បី​លើក​មក​ហើយ ហើយ​ទោះ​ជា​មាន​ពាក្យ​សម្ដី​យ៉ាង​ណា​របស់​ខាង​នាយករដ្ឋមន្រ្តី​ថៃ និយាយ​វាយ​ប្រហារ ឬ​ក៏​តាម​រយៈ​សារ​ព័ត៌មាន វាយ​ប្រហារ​លើ​ថ្នាក់​ដឹកនាំ​យើង​យ៉ាងណា​ក៏ដោយ យើង​មិន​ដែល​ចាត់​ទុក​ថា នេះ​ជា​អរិភាព​ទេ ពីព្រោះ​សម្ដេច​នៅ​តែ​រក្សា​កិច្ច​សហប្រតិបត្តិការ​ល្អ​រវាង​កម្ពុជា-​ថៃ»

លោក កុយ គួង អនុ​រដ្ឋលេខាធិការ​និង​ជា​មន្ត្រី​អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​កម្ពុជា​វិញ មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា ទោះ​ជា​កន្លង​មក​មាន​សង្គ្រាម​ពាក្យ​សម្តី​ឆ្លងឆ្លើយ​គ្នា រវាង​ថ្នាក់​ដឹកនាំ​ប្រទេស​ទាំង​ពីរ​កម្ពុជា-​ថៃ បែប​ណា​ក្តី ក៏ប៉ុន្តែ​ទំនាក់​ទំនង​រវាង​ប្រទេស​ទាំង​ពីរ គឺ​ស្ថិត​នៅ​ធម្មតា ពុំ​មាន​បញ្ហា​អ្វី​ល្អក់​កករ​នឹង​គ្នា​ឡើយ ៖ «មក​ដល់​ថ្ងៃ​នេះ​មិន​មាន​អី​ប្រែប្រួល​នៅ​ឡើយ​ទេ នៅ​ជា​ធម្មតា​ទេ»

ថ្វី​បើ​មន្រ្តី​ជាន់​ខ្ពស់​ខ្មែរ​បាន​អះអាង​ពី​ស្ថានការណ៍​ធម្មតា​មក​ដល់​ពេល​នេះ ទាំង​នៅ​ផ្នែក​ព្រំដែន​និង​ផ្លូវ​ការទូត ប៉ុន្តែ​ស្ថានទូត​កម្ពុជា​ប្រចាំ​ទីក្រុង​បាងកក​ឯណោះ​វិញ មាន​សេចក្ដី​រាយការណ៍​មក​ថា ក្រុម​បាតុករ​ថៃ​បាន​ធ្វើ​បាតុកម្ម​នៅ​ទី​នោះ។

ការ​ព្រួយ​បារម្ភ​របស់​ប្រជាពលរដ្ឋ គឺ​កើត​ឡើង​បន្ទាប់​ពី​មាន​ការ​ឆ្លើយឆ្លង​គ្នា​ដោយ​ពាក្យ​សម្តី​រវាង​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​លោក​នាយករដ្ឋមន្ត្រី​ថៃ អាភីស៊ិត វេឆាឈីវ៉ាក់ កាល​ពី​សប្តាហ៍​មុន ខណៈ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​លើក​ឡើង​ថា លោក​បាន​ត្រៀម​លំនៅ​សម្រាប់​លោក​អតីត​នាយករដ្ឋមន្ត្រី​ថៃ ថាក់ស៊ីន ឲ្យ​មក​រស់​នៅ​ក្នុង​ប្រទេស​កម្ពុជា​រួច​មក៕