លោក ផៃ ស៊ីផាន រដ្ឋលេខាធិការនិងជាមន្ត្រីអ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រី មានប្រសាសន៍ឲ្យវិទ្យុអាស៊ីសេរីដឹងថា បើទោះបីជាមានសម្តីឆ្លើងឆ្លើយគ្នារវាងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោកនាយករដ្ឋមន្ត្រីថៃ អាភីស៊ិត វេឆាឈីវ៉ាក់ (Abhisit Vejjajiva) ក្នុងប៉ុន្មានថ្ងៃកន្លងមកនេះ ហាក់បីដូចជាមានសភាពតឹងតែង ហើយដែលមានប្រជាពលរដ្ឋមួយចំនួនមានការព្រួយបារម្ភខ្លាចមានសង្គ្រាមកើតឡើងបែបណាក៏ដោយ ប៉ុន្តែគោលជំហររបស់ប្រមុខដឹកនាំរដ្ឋាភិបាលខ្មែរ គឺប្រកាន់ខ្ជាប់នូវសន្តិភាព ដោយមិនប្រើប្រាស់អាវុធដើម្បីធ្វើការដោះស្រាយបញ្ហាឡើយ។ លោកបញ្ជាក់ថា ស្ថានការណ៍នៅព្រំដែនកម្ពុជាបច្ចុប្បន្ន គឺមានសភាពស្ងប់ស្ងាត់ជាធម្មតា និងសូមឲ្យប្រជាពលរដ្ឋកុំមានការព្រួយបារម្ភនិងភ័យខ្លាច។
លោក ផៃ ស៊ីផាន មានប្រសាសន៍ដូច្នេះ ៖ «គ្មានហេតុផលណាដែលបង្កើតឲ្យមានអរិភាព ជម្លោះគ្នារវាងកងទ័ពនិងកងទ័ពទេ។ ស្ថានភាពជាក់ស្ដែងនៅតាមព្រំដែនមានសន្តិសុខស្រួលបួល កងយោធពលខេមរភូមិន្ទកម្ពុជា មានឥទ្ធិពលក្នុងការគ្រប់គ្រងសមរភូមិ ដោយសារយើងមិនមានរៀបចំក្នុងការវាយលុកណាមួយចូលទេ ហើយប្រទេសថៃ បានទទួលការពិសោធជាក់ស្ដែងពីរបីលើកមកហើយ ហើយទោះជាមានពាក្យសម្ដីយ៉ាងណារបស់ខាងនាយករដ្ឋមន្រ្តីថៃ និយាយវាយប្រហារ ឬក៏តាមរយៈសារព័ត៌មាន វាយប្រហារលើថ្នាក់ដឹកនាំយើងយ៉ាងណាក៏ដោយ យើងមិនដែលចាត់ទុកថា នេះជាអរិភាពទេ ពីព្រោះសម្ដេចនៅតែរក្សាកិច្ចសហប្រតិបត្តិការល្អរវាងកម្ពុជា-ថៃ»។
លោក កុយ គួង អនុរដ្ឋលេខាធិការនិងជាមន្ត្រីអ្នកនាំពាក្យក្រសួងការបរទេសកម្ពុជាវិញ មានប្រសាសន៍ឲ្យដឹងថា ទោះជាកន្លងមកមានសង្គ្រាមពាក្យសម្តីឆ្លងឆ្លើយគ្នា រវាងថ្នាក់ដឹកនាំប្រទេសទាំងពីរកម្ពុជា-ថៃ បែបណាក្តី ក៏ប៉ុន្តែទំនាក់ទំនងរវាងប្រទេសទាំងពីរ គឺស្ថិតនៅធម្មតា ពុំមានបញ្ហាអ្វីល្អក់កករនឹងគ្នាឡើយ ៖ «មកដល់ថ្ងៃនេះមិនមានអីប្រែប្រួលនៅឡើយទេ នៅជាធម្មតាទេ»។
ថ្វីបើមន្រ្តីជាន់ខ្ពស់ខ្មែរបានអះអាងពីស្ថានការណ៍ធម្មតាមកដល់ពេលនេះ ទាំងនៅផ្នែកព្រំដែននិងផ្លូវការទូត ប៉ុន្តែស្ថានទូតកម្ពុជាប្រចាំទីក្រុងបាងកកឯណោះវិញ មានសេចក្ដីរាយការណ៍មកថា ក្រុមបាតុករថៃបានធ្វើបាតុកម្មនៅទីនោះ។
ការព្រួយបារម្ភរបស់ប្រជាពលរដ្ឋ គឺកើតឡើងបន្ទាប់ពីមានការឆ្លើយឆ្លងគ្នាដោយពាក្យសម្តីរវាងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោកនាយករដ្ឋមន្ត្រីថៃ អាភីស៊ិត វេឆាឈីវ៉ាក់ កាលពីសប្តាហ៍មុន ខណៈលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើងថា លោកបានត្រៀមលំនៅសម្រាប់លោកអតីតនាយករដ្ឋមន្ត្រីថៃ ថាក់ស៊ីន ឲ្យមករស់នៅក្នុងប្រទេសកម្ពុជារួចមក៕
