ស្ថានភាព​ជ្រួល​ច្របល់​នៅ​ថៃ​ធ្វើ​ឲ្យ​តម្លៃ​ពោត​​នៅ​ប៉ៃលិន​ធ្លាក់​ចុះ

មន្ត្រី​កសិកម្ម​បាន​ថ្លែង​ថា ស្ថានភាព​ជ្រួល​ច្របល់​នៅ​ប្រទេស​ថៃ និង​ប្រព័ន្ធ​ផ្លូវ​ដឹក​ជញ្ជូន​មិន​ល្អ​នៅ​ក្រុង​ប៉ៃលិន បាន​ធ្វើ​ឲ្យ​ឈ្មួញ​ថៃ​បញ្ចុះ​តម្លៃ​ពោត​ពី​៤៥០​រៀល​មក​នៅ​៣៨០​រៀល​ក្នុង​មួយ​គីឡូក្រាម ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កសិករ​ខ្មែរ។

ប្រធាន​មន្ទីរ​កសិកម្ម​ក្រុង​ប៉ៃលិន លោក ផាន់ ពេជ្រ មាន​ប្រសាសន៍​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា មូលហេតុ​ដែល​ឈ្មួញ​ថៃ​បញ្ចុះ​តម្លៃ​នេះ​គឺ​បណ្តាល​ពី​វិបត្តិ​នយោបាយ​របស់​ថៃ និង​ផ្លូវ​ដឹក​ជញ្ជូន​ក្នុង​ក្រុង​ប៉ៃលិន​មាន​ស្ថានភាព​មិន​ល្អ។

លោក ផាន់ ពេជ្រ បាន​ឲ្យ​ដឹង​ថា ៖ «ទី​១ ដោយ​សភាពកាណ៍​នៅ​ស្រុក​ថៃ។ ទី​២ ដោយសារ​តែ​កសិផល​របស់​យើង ការដឹក​ជញ្ជូន​វា​នៅ​ភ្លៀង ផ្លូវ​នៅ​ពិបាក អ៊ីចឹង​តម្លៃ​វា​ចុះ​ថោក»

លោក​បាន​បន្ត​ថា ការស្រុត​តម្លៃ​នេះ​បាន​ចាប់ផ្តើម​ឡើង​នា​រយៈពេល​ចុង​ឆ្នាំ​២០០៨ បន្ទាប់ពី​ប្រទេស​ថៃ​មាន​ការជ្រួល​ច្របល់ ហើយ​ថា កាលពី​ដើម​ឆ្នាំ​២០០៨ ពោត​មាន​តម្លៃ​៦០០​រៀល​ក្នុង​មួយ​គីឡូគ្រាម បច្ចុប្បន្ន​ធ្លាក់​មក​នៅ​ត្រឹម​តែ​៣៨០​រៀល។

ប្រជាពលរដ្ឋ​៩០%​នៅ​ក្រុង​ប៉ៃលិន​បាន​ចាប់​យក​មុខ​របស់​កសិកម្ម​ដាំ​ពោត​លក់​ទៅ​ឲ្យ​ប្រទេស​ថៃ ហើយ​ក្រៅពី​នោះ​មាន​ការដាំ​សណ្តែក ល្ង ដំឡូង ទៅ​តាម​រដូវកាល។

លោក ម៉ឹង គឹមសេង មេ​ភូមិ​អូរគន្ធៀងវ៉ា សង្កាត់​ស្ទឹងត្រង់ ក្រុង​ប៉ៃលិន បាន​មាន​ប្រសាសន៍​ថា អ្នក​ភូមិ​ដែល​បាន​ដាំ​ពោត​បាន​ជួប​ការលំបាក​ដោយសារ​ការចំណាយ​ដើមទុន​ច្រើន ក្នុង​នោះ​គ្រាន់តែ​ទិញ​គ្រាប់​ពូជ​១៥​គីឡូក្រាម​ថ្លៃ​ជាង​១៧​ម៉ឺន​រៀល ប៉ុន្តែ​បាន​ផល​លក់​មាន​តម្លៃ​ថោក។

លោក ម៉ឹង គឹមសេង បាន​បញ្ជាក់​ថា ៖ «ទិញ​គេ​មក​ពូជ​ក៏​វា​ថ្លៃ ហើយ​យើង​ភ្ជួរ​ដី​ម៉ាសូត​ក៏​វា​ថ្លៃ ដល់​ពេល​លក់​វិញ​វា​ថោក អ៊ីចឹង​វា​ខាត ខាត​ច្រើន។ គិត​ធ្វើ​យ៉ាង​ម៉េច​វិញ​អ៊ីចឹង?»

លោក សូ នី ប្រធាន​ក្រុមហ៊ុន​រុងរឿង​ដែល​ជា​ក្រុមហ៊ុន​ប្រមូល​ទិញ​ផល​កសិកម្ម​គ្រប់​ប្រភេទ​នៅ​ក្រុង​ប៉ៃលិន​យក​ទៅ​លក់​ក្នុង​ប្រទេស​ថៃ បាន​ថ្លែង​ថា កសិករ​ដាំ​ពោត​ជា​ច្រើន​បាន​ទទួល​រង​ផល​ប៉ះពាល់​ចំពោះ​ការធ្លាក់​ថ្លៃ​នេះ។ លោក​បន្ត​ថា សូម្បីតែ​ក្រុមហ៊ុន​របស់​លោក​ក៏​រង​ផល​ប៉ះពាល់​ដែរ។

លោក សូ នី បាន​មាន​ប្រសាសន៍​ថា ៖ «ប៉ះពាល់​ដល់​កសិកម្ម​របស់​យើង។ យើង​ពិបាក​ទិញ​ដូរ មួយ​ថ្ងៃ​ទិញ​ប៉ុណ្ណេះ មួយ​ថ្ងៃ​ទិញ​ប៉ុណ្ណោះ ដល់​អ៊ីចឹង​យើង​តាម​ទីផ្សារ​វា​អត់​ទាន់»

ពាក់ព័ន្ធ​ទៅ​នឹង​ការធ្លាក់​ថ្លៃ​ពោត​នេះ លោក អ៊ី ឈាន អភិបាល​ក្រុង​ប៉ៃលិន​បាន​មាន​ប្រសាសន៍​ថា លោក​បាន​បង្កើត​គណៈកម្មការ​មួយ​ត្រួត​ពិនិត្យ​ធ្វើការ​ជាមួយ​ភាគី​ថៃ និង​រាយការណ៍​ទៅ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ រួចរាល់​ហើយ​ពី​បញ្ហា​នេះ ដើម្បី​រក​វិធានការ​ដោះស្រាយ។

លោក អ៊ី ឈាន បាន​មាន​ប្រសាសន៍​ថា ៖ «ខ្ញុំ​ក៏​ខំ​យក​ចិត្ត​ទុក​ដាក់​ដែរ គឺ​ថា​ទំនាក់​ទំនង​ជាមួយ​ថៃ គឺ​ថា​សុំ​ឲ្យ​ធ្វើការ​ត្រួត​ពិនិត្យ​ឡើង​វិញ​ពី​តម្លៃ រឿង​អី​បាន​ចុះ​តម្លៃ អា​ហ្នឹង​បញ្ហា​ទី​១។ បញ្ហា​ទី​២ ក៏​រាយការណ៍​ទៅ​ខាង​ក្រសួង​ដែរ​ដើម្បី​ឲ្យ​ក្រសួង​ជួយ​រក​វិធី»

អាជ្ញាធរ​ក្រុង​ប៉ៃលិន​បាន​ឲ្យ​ដឹង​ថា ក្នុង​មួយ​ថ្ងៃៗ​មាន​ពោត​១៥​ទៅ​២០​ឡាន មួយ​ឡានៗ​មាន​ទម្ងន់​២០​តោន​ត្រូវ​បាន​ដឹក​ចេញ​ពី​ក្រុង​ប៉ៃលិន​ទៅ​លក់​ឲ្យ​ឈ្មួញ​ថៃ​តាម​ច្រក​ផ្សារ​ព្រហ្ម​ខ្មែរ​និង​ច្រក​បាកាត​ថៃ៕