អាជ្ញាធរ​វៀតណាម​រង​ការចោទ​ថា​រារាំង ទឹម សាខន មិន​ឲ្យ​វិល​មក​កម្ពុជា

អាជ្ញាធរ​វៀតណាម​ដែល​កំពុង​គ្រប់គ្រង​ដែនដី​កម្ពុជា​ក្រោម​រង​ការចោទ​ថា កំពុង​ប្រើ​យុទ្ធសាស្រ្តថ្មី​ក្នុង​ការរារាំង​មិន​ឲ្យ​ព្រះតេជ​ព្រះគុណ ទឹម សាខន អតីត​ព្រះ​ចៅអធិការ​វត្ត​ភ្នំដិន អាច​វិល​ត្រឡប់​ពី​ប្រទេស​វៀតណាម​មក​កម្ពុជា​វិញ​បាន។

ប្រធាន​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម លោក ថាច់ ង៉ុកថាច់ មាន​ប្រសាសន៍​កាលពី​យប់​ថ្ងៃ​ទី​២៧ កញ្ញា​នេះ ថា ឲ្យ​វិទ្យុ​អាស៊ីសេរី​ដឹង​អំពី​ល្បិចកល​ដែល​ជា​យុទ្ធសាស្រ្ត​ថ្មី​របស់​វៀតណាម​នោះ។

លោក ថាច់ ង៉ុកថាច់ បាន​មាន​ប្រសាសន៍​ថា ៖ «ស្ថានភាព​ថ្មី​របស់​លោកគ្រូ ទឹម សាខន បច្ចុប្បន្ន​នេះ​មាន​ការប្រែប្រួល។ ក្នុង​រយៈពេល​មួយ​សប្ដាហ៍​កន្លង​មក​ហើយ​នេះ គឺ​រដ្ឋ​អំណាច​យួន​បាន​យក​លោក​ចេញ​ពី​ផ្ទះ​របស់​ឪពុក​ធំ​លោក ដើម្បី​ទៅ​នៅ​កន្លែង​សណ្ឋាគារ​មួយ​ដែល​សម្រាប់​អ្នក​ទេសចរណ៍ ព្រោះ​មាន​មិត្តភក្ដិ​ហើយ​និង​អ្នក​ស្រុក​ទៅ​សួរ​ច្រើន​ពេក ម៉្លោះ​ហើយ​គេ​ខ្លាច​ដំណឹង​ហ្នឹង​លេចឮ​ចេញ​មក​ក្រៅ អា​ហ្នឹង​ទី​១។ ទី​២ បី​ថ្ងៃ​មុន​គេ​បាន​នាំ​លោកគ្រូ ខន ទៅ​ទិញ​ដី​សម្រាប់​សង់​ផ្ទះ ហើយ​និង​ព្យាយាម​ទិញ​ស្រែ​ទិញ​អី​ជូន​លោកគ្រូ ខន​ហ្នឹង​ទៀត។ ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ​យើង​បាន​ទទួល​ដំណឹង​ពី​ក្នុង​ស្រុក​មក​ថា អ្វីៗ​ទាំងអស់​ហ្នឹង​គឺ​រដ្ឋាភិបាល​យួន​បង្ខំ​ឲ្យ​លោកគ្រូ ខន​ហ្នឹង សរសេរ​ឆ្លើយ​ដាក់​អ្នក​នេះ​អ្នក​នោះ​គ្រប់ ព្រមទាំង​គេ​បង្ខំ​ឲ្យ​លោកគ្រូ ទឹម សាខន និយាយ​ចោទ​បន្ទោស​រឿងរ៉ាវ​អស់​ហ្នឹង​គឺ​ដោយសារ​រដ្ឋាភិបាល​កម្ពុជា​បាន​ជា​លោក​មាន​ទោស​មាន​ស្អី​ហ្នឹង​រហូត​ដល់​ពេល​បច្ចុប្បន្ន​ហ្នឹង»

ផ្ទះ​ដែល​លោក ទឹម សាខន នៅ​នោះ គឺ​នៅ​ក្នុង​ភូមិ​ខ្លាគ្រហឹម ស្រុក​ស្វាយទង ហើយ​ដែល​លោក​ត្រូវ​វៀតណាម​ប្តូរ​ឲ្យ​ទៅ​នៅ​ឯ​សណ្ឋាគារ​ថ្មី​នោះ គឺ​ស្ថិត​នៅ​ក្នុង​ភូមិ​បន្ទាយដែក ក្នុង​ស្រុក​ស្វាយទង​ដដែល នៅ​ខេត្ត​មាត់ជ្រូក នៃ​ដែន​ដី​កម្ពុជា​ក្រោម។

បើ​តាម​លិខិត​ផ្លូវការ​របស់​អាជ្ញាធរ​វៀតណាម​ដែល​ចុះ​ថ្ងៃ​ទី​៣០ ខែ​មិថុនា ឆ្នាំ​២០០៨ បាន​បញ្ជាក់​ថា ព្រះសង្ឃ ទឹម សាខន ត្រូវ​បាន​ចាប់​ខ្លួន​កាលពី​ថ្ងៃ​ទី​៣០ ខែ​មិថុនា ឆ្នាំ​២០០៧ ជាប់​ចោទ​បទឧក្រិដ្ឋ​ថា​បាន​បំបែក​បំបាក់​គោល​នយោបាយ​បង្រួប​បង្រួម​ជាតិ គឺ​ត្រូវ​ជាប់​ឃុំឃាំង​រយៈពេល​១​ឆ្នាំ និង​ថា ប៉ុន្តែ​លោក ទឹម សាខន បាន​ទទួល​ទោស​នៅ​ក្នុង​មន្ទីរ​ឃុំឃាំង​បាន​ចប់​សព្វគ្រប់​ទៅ​តាម​កាលកំណត់​ហើយ​នោះ ទើប​លោក​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​មាន​សេរីភាព​ក្នុង​ការវិល​ទៅ​រស់​នៅ​ឯ​ស្រុក​ភ្នំដិន នៅ​ខេត្ត​តាកែវ​នៃ​ប្រទេស​កម្ពុជា​វិញ គឺ​លោក​ត្រូវ​បង្ហាញ​មុខ​នៅ​ខេត្ត​តាកែវ​ដល់​អាជ្ញាធរ​ខ្មែរ​ឲ្យ​បាន​នៅ​មុន​ថ្ងៃ​ទី​២ ខែ​កក្កដា ឆ្នាំ​២០០៨។

តែ​អង្គការ​ការពារ​សិទ្ធិមនុស្ស​លីកាដូ​ចេញ​សេចក្តី​ថ្លែងការណ៍​ក្នុង​សប្តាហ៍​នេះ​ថា ព្រះសង្ឃ ទឹម សាខន ជា​សកម្មជន​ដែល​លេចធ្លោ​ជាង​គេ​ក្នុង​ការការពារ​សិទ្ធិ​ពលរដ្ឋ​ខ្មែរ​ក្រោម​ទាំង​នៅ​ដែនដី​កម្ពុជា​ក្រោម​និង​នៅ​កម្ពុជា​ទើប​ត្រូវ​បាន​អាជ្ញាធរ​កម្ពុជា​ចោទ​ប្រកាន់​អំពី​ការ​ធ្វើ​ឲ្យ​ខូចខាត​ប៉ះពាល់​ដល់​ទំនាក់​ទំនង​រវាង​រដ្ឋាភិបាល​កម្ពុជា​និង​រដ្ឋាភិបាល​វៀតណាម និង​ថា​ប៉ុន្តែ​ការចោទ​ប្រកាន់​នោះ​មិន​ត្រឹមត្រូវ​ឡើយ ព្រះអង្គ​មិន​គួរ​ត្រូវ​ចាប់​ឃុំ​ឲ្យ​នៅ​ក្នុង​ផ្ទះ​បន្ត​ទៀត​នោះ​ទេ៕