មេបញ្ជាការទាហានជាន់ខ្ពស់របស់ខ្មែរដែលកំពុងគ្រប់គ្រងកងទ័ពនៅតំបន់ជម្លោះព្រំដែនជុំវិញប្រាសាទព្រះវិហារបានទាមទារទៅមេបញ្ជាការយោធាថៃឲ្យបញ្ជាទៅកងកម្លាំងរបស់គេធ្វើការលុបចោលលេណដ្ឋានដែលទាហានថៃបានជីកទាំងអស់នៅតាមកន្លែងប្រឈមមុខដាក់គ្នាដែលតំបន់ខ្លះហាមឃាត់មិនឲ្យមានកងទ័ពនិងចំណុចខ្លះទៀតជាតំបន់មិនប្រក្រតីនៅឡើយនោះ។
អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ លោកឧត្តមសេនីយ៍ឯក ជា តារា បានមានប្រសាសន៍កាលពីព្រឹកថ្ងៃពុធ ទី១៥ ខែកក្កដា ថា កាលពីថ្ងៃអង្គារ មេបញ្ជាការយោធាខ្មែរថៃដែលគ្រប់គ្រងតំបន់ជម្លោះបានជួបប្រជុំគ្នារួចហើយ ដោយមេបញ្ជាការយោធាខ្មែរបានទាមទារទៅមេបញ្ជាការយោធាថៃឲ្យបញ្ជាកងកម្លាំងរបស់គេលុបចោលលេណដ្ឋានត្រៀមប្រយុទ្ធនៅតាមតំបន់ប្រឈមមុខមួយចំនួនដែលជាតំបន់ហាមឃាត់មិនឲ្យមានកងទ័ព និងតំបន់មួយចំនួនដែលមិនប្រក្រតី។ មេបញ្ជាការដដែលបានមានប្រសាសន៍ទៀតថា មេបញ្ជាការថៃបានទទួលយកការទាមទារនេះ។
មន្ត្រីយោធាខ្មែរបានព្រមានថា ការជីកលេណដ្ឋានរបស់ទាហានថៃអាចធ្វើទៅបានតែក្នុងទឹកដីថៃប៉ុណ្ណោះ ប៉ុន្តែបើថៃធ្វើលេណដ្ឋានចូលមកទឹកដីខ្មែរ នោះកងទាហានខ្មែរនឹងប្រើសិទ្ធិការពារខ្លួន។
មន្ត្រីយោធាដដែលបានបញ្ជាក់ថា ៖ «មេបញ្ជាការថៃដែលទទួលខុសត្រូវនៅខាងហ្នុងបានប្រាប់យើងថា ម្សិលមិញលុបអត់ទាន់ដោយសារភ្លៀង លុបមិនអស់ទេ។ អ៊ីចឹងថ្ងៃនេះយើងឲ្យលុបលេណដ្ឋាននៅចំណុចដែលគេហៅថាមិនប្រក្រតី ប៉ុន្តែការធ្វើលេណដ្ឋានរបស់ថៃឬធ្វើអ្វីៗរបស់ថៃនៅក្នុងទឹកដីថៃជាសិទ្ធិអំណាចរបស់ថៃ បើចង់ធ្វើយ៉ាងម៉េចក៏ធ្វើទៅ។ បើសិនជាថៃចូលមកក្នុងទឹកដីកម្ពុជា អាហ្នឹងសិទ្ធិស្វ័យការពារហើយ»។
ទោះយ៉ាងណានាថ្ងៃពុធ ទី១៥ ខែកក្កដានេះ មិនអាចទំនាក់ទំនងមន្ត្រីផ្លូវការយោធាថៃដើម្បីសុំការពន្យល់ពីបញ្ហានោះបានទេ។
ប៉ុន្តែបុគ្គលិកវិទ្យុអាស៊ីសេរីប្រចាំទីក្រុងបាងកកបានទាក់ទងតាមទូរស័ព្ទទៅមន្ត្រីយោធភូមិភាគទី២របស់ថៃមួយរូបដែលនិយាយថា ទាហានថៃនឹងមិនលុបចោលលេណដ្ឋាននៅតាមតំបន់ជម្លោះព្រំដែនទេ។
ទាហានខ្មែរនៅតំបន់ប្រាសាទព្រះវិហារបានឲ្យដឹងថា កាលពីថ្ងៃអង្គារ ទី១៤ កក្កដា ទាហានថៃនៅតាមតំបន់ជម្លោះព្រំដែនជិតភ្នំទ្រព្យនិងច្រកតាសឹមបានលុបចោលលេណដ្ឋានមួយចំនួន។
ចំណែកនៅតំបន់ជម្លោះលើខ្នងភ្នំចាក់ច្រែង ទាហានខ្មែរបានរាយការណ៍ថា នាថ្ងៃពុធ ទី១៥ កក្កដានេះ គេបានឃើញថៃជញ្ជូនទាហានបន្ថែមប្រមាណ៣០នាក់ទៀតដែលជាកងវិស្វកម្មដើម្បីចាប់ផ្តើមសាងសង់លេណដ្ឋានធ្វើពីបេតុងរឹងមាំនៅទីនោះ ៖ «ថ្ងៃនេះវាថែមមកពីរឡាន មួយឡានមុនវា១០នាក់ ពេលក្រោយនេះ២០ទៀត»។
សូមរំឭកថា កាលពីថ្ងៃទី១០ ខែកក្កដា ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ បានដកស្រង់សម្ដីមេបញ្ជាការយោធភូមិភាគទី២របស់ថៃ លោក វិប៊ុនសាក់ នីផាន ដែលថា ថៃបានចំណាយលុយ២០លានបាត ស្មើនឹង ៥៨៦.០០០ដុល្លារសហរដ្ឋអាមេរិកដើម្បីសាងសង់លេណដ្ឋានរឹងមាំចំនួន២០នៅតាមតំបន់ជម្លោះព្រំដែនជិតប្រាសាទព្រះវិហារដើម្បីការពារការចូលលុកលុយពីកងទាហានខ្មែរ៕
