ស្ថានភាព​ជំងឺ​គ្រុនឈាម​ក្នុង​រយៈ​ពេល​៤៤​អាទិត្យ​នៃ​ឆ្នាំ​២០០៩

មន្ត្រី​ជំនាញ​ក្រសួង​សុខាភិបាល​បាន​អះអាង​ថា ឆ្នាំ​២០០៩​នេះ​ជំងឺ​គ្រុនឈាម​ដែល​កើត​មាន​ទៅ​លើ​កុមារ​មាន​ការ​កើន​ឡើង​ជា​ឆ្នាំ​២០០៨​កន្លង​ទៅ ប៉ុន្តែ​អត្រា​នៃ​ការ​បាត់​បង់​ជីវិត​គឺ​មាន​ចំនួន​ថយ​ចុះ​បើ​គិត​រយៈ​ពេល​៤៤​អាទិត្យ​ដូចគ្នា។

លោក ង៉ាន់ ចន្ថា នាយក​កម្មវិធី​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​គ្រុនឈាន​នៃ​ក្រសួង​សុខាភិបាល មាន​ប្រសាសន៍​ថា បើ​ប្រៀបធៀប​ពេល​វេលា​ដូច​គ្នា​ក្នុង​រយៈ​ពេល​៤៤​អាទិត្យ​ក្នុង​ឆ្នាំ​២០០៩​នេះ​ឃើញ​ថា ជំងឺ​គ្រុន​ឈាម​ដែល​កើត​មាន​ទៅ​លើ​កុមារ គឺ​មាន​ចំនួន​កើន​ឡើង​ជាង​៣០% ប៉ុន្តែ​អត្រា​នៃ​ការ​ស្លាប់​បាត់​បង់​ជីវិត​របស់​កុមារ គឺ​មាន​ការ​ថយ​ចុះ​ប្រមាណ​៤៥% បើ​ប្រៀបធៀប​ពេល​វេលា​ដូចគ្នា​ក្នុង​ឆ្នាំ​២០០៨ កន្លង​ទៅ។

លោក ង៉ាន់ ថន្ថា មាន​ប្រសាសន៍​ដូច្នេះ ៖ «រយៈពេល​៤៤​អាទិត្យ​យើង​ឃើញ​ថា មាន​ចំនួន​ច្រើន​ជាង​ឆ្នាំ​២០០៨​កន្លង​ទៅ គឺ​ច្រើន​ជាង​ប្រហែល​ជា​៣០% ប៉ុន្តែ​ចំនួន​ករណី​ស្លាប់​គឺ​តិច​ជាង​ប្រហែល​ជា​៤៥% គឺ​មាន​តែ​៣៤​នាក់​ទេ​ដែល​បាន​ស្លាប់​បាត់​បង់​ជីវិត​ហ្នឹង»

លោក ង៉ាន់ ចន្ថា បញ្ជាក់​ឲ្យ​ដឹង​ផង​ដែរ​ថា សប្តាហ៍​ទី​៤៤​ក្នុង​​​​ឆ្នាំ​២០០៩​នេះ ជំងឺ​គ្រុនឈាម​កើត​មាន​ចំនួន​១១.២១៣​ករណី និង​ស្លាប់​ចំនួន​៣៤​នាក់។ ៤៤​អាទិត្យ​ដូចគ្នា​ក្នុង​ឆ្នាំ​២០០៨ ជំងឺ​គ្រុនឈាម​កើត​មាន​ចំនួន​៨.២៥៦​ករណី​និង​ស្លាប់​ចំនួន​៦០​នាក់។

លោក​បន្ត​ឲ្យ​ដឹង​ថា ដើម្បី​ទប់​ស្កាត់​ជំងឺ​គ្រុនឈាម​កាត់​បន្ថយ​ការ​ស្លាប់​របស់​កុមារ​បច្ចុប្បន្ន​នេះ ក្រសួង​សុខាភិបាល​បាន​បញ្ជូន​មន្ត្រី​ជំនាញ​នៃ​កម្ពុជា វិធី​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​គ្រុនឈាម​ថ្នាក់​ជាតិ ក៏​ដូចជា​ថ្នាក់​កណ្តាល​ចុះ​អប់រំ​ប្រជាពលរដ្ឋ​នៅ​តាម​មូលដ្ឋាន​ខេត្ត​ក្រុង ដែល​បាន​ជួប​គ្រោះ​ទឹក​ជំនន់​ពេល​កន្លង​ទៅ​នេះ ដើម្បី​ធ្វើការ​អប់រំ​និង​ចែក​ជូន​ថ្នាំ​អាបែត សម្រាប់​សម្លាប់​ដង្កូវ​ទឹក​ដែល​ជា​ភ្នាក់ងារ​ចម្លង​ជំងឺ​គ្រុនឈាម ដើម្បី​កាត់​​បន្ថយ​ជំងឺ​គ្រុនឈាម​នេះ​ដោយ​មិន​ព្រងើយ​កន្តើយ​ឡើយ។

លោក​បញ្ជាក់​ថា បច្ចុប្បន្ន​នេះ​មន្ត្រី​កម្មវិធី​ប្រឆាំង​ជំងឺ​គ្រុនឈាម ក្រសួង​សុខាភិបាល​បាន​កំពុង​បើក​យុទ្ធនាការ​ដាក់​ថ្នាំ​អាបែត​ជំហាន​ទី​២ ដែល​មាន​ថ្នាំ​អាបែត​ចំនួន​៩០​តោន​សម្រាប់​ចែក​​​​​ជូន​បង​ប្អូន​ប្រជាពលរដ្ឋ​នៅ​តាម​ខេត្ត​ក្រុង ដែល​ងាយ​រង​គ្រោះ​ដោយ​ជំងឺ​គ្រុនឈាម​យ៉ាង​សកម្ម​បំផុត។

លោក ង៉ាន់ ចន្ថា បាន​បញ្ជាក់​ដូច្នេះ ៖ «យើង​ប្រើប្រាស់​អាបែត​ប្រមាណ​ជា​៩០​តោន។ ជំហាន​ទី​១​យើង​ប្រើប្រាស់​អស់​១២៦​តោន»

ក្រសួង​សុខាភិបាល​បាន​ឲ្យ​ដឹង​ថា ជំងឺ​គ្រុនឈាម​ដែល​រាត​ត្បាត​ធ្ងន់ធ្ងរ​ជាង​គេ​នៅ​កម្ពុជា គឺ​នៅ​ក្នុង​ឆ្នាំ​២០០៧ ដោយ​បាន​​កើត​មាន​ចំនួន​៣៨.៧៤២​ករណី និង​សម្រាប់​សម្លាប់​អស់​ចំនួន​៣៩៧​នាក់៕