សិទ្ធិសេរីភាពនៃការបញ្ចេញមតិនៅប្រទេសកម្ពុជា ត្រូវមន្ត្រីអង្គការសង្គមស៊ីវិលនិងមន្ត្រីទូតមួយចំនួនផងមើលឃើញថា កំពុងស្ថិតនៅលើរបត់មួយដែលការបញ្ចេញមតិពេលខ្លះត្រូវបានតបស្នងវិញដោយការបង្ក្រាប ការប្តឹងផ្តល់ និងរហូតដល់ចាប់ដាក់ពន្ធនាគារក៏មាន ក្រោមបទចោទថា អ្នកបញ្ចេញមតិទាំងនោះបានបរិហារកេរ្តិ៍ ឬបង្កការញុះញង់ជាដើម។
និស្សិតរៀនផ្នែកវេជ្ជសាស្ត្រធ្វើបាតុកម្មតវ៉ានៅមុខសកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាលក្នុងក្រុងភ្នំពេញ នៅថ្ងៃទី២៧ វិច្ឆិកា ២០០៨។
ការរឹតត្បិតរួមទាំងការប្រើវិធានការច្បាប់តបតនឹងអ្វីដែលជាការបញ្ចេញមតិយោបល់នោះ ត្រូវលោក ធន់ សារាយ ជាប្រធានអង្គការសិទ្ធិមនុស្ស អាដហុក អធិប្បាយថា នេះមិនមែនបណ្តាលមកពីបរិបទនយោបាយតែម្យ៉ាងនោះទេ ប៉ុន្តែរឿងនេះក៏ទាក់ទងនឹងផ្នត់គំនិតចរិតខ្មែរផងដែរ។
លោក ធន់ សារាយ មានប្រសាសន៍ដូច្នេះថា ៖ «ដោយសារថា យើងអត់ទាន់មានទម្លាប់ទទួលការពិតដោយត្រង់ពីអ្នកតូច ពីរាស្រ្ដសាមញ្ញហ្នឹងទេ គឺថា អ្នកធំ គេខ្ពស់ជាង គេវណ្ណៈមួយទៀតទៅ អ៊ីចឹងអ្នកឯងទាបតូចតាចហ្នឹងមិនត្រូវមកបកអាក្រាតរឿងរ៉ាវដែលមានរបស់អ្នកធំទេ»។
នៅពេលដែលសួរថា តើបញ្ហាដែលមាននៅក្នុងការបញ្ចេញមតិនេះ គឺបណ្តាលមកពីការមិនចេះបញ្ចេញមតិ ឬក៏បណ្តាលមកពីការមិនព្រមស្តាប់មតិយោបល់គេឯង?
លោក ធន សារាយ បានអធិប្បាយយ៉ាងដូច្នេះថា ៖ «ដូច្នេះអាហ្នឹងហើយដែលយើងត្រូវរៀនសូត្រតទៅទៀតជាមួយគ្នា អំពីការប្រើប្រាស់ពាក្យសម្ដី។ ហើយនិងបញ្ហាមួយទៀតដែរ រឿងអ្នកដែលទទួលខុសត្រូវក្នុងមុខតំណែងមួយៗហ្នឹង លោកមិនទាន់គិតថាអ្វីដែលលោកធ្វើហ្នឹង ជួនកាលអាចមានការខុសឆ្គង គួរតែស្ដាប់មតិហ្នឹងយ៉ាងម៉េច នៅមិនទាន់បើកទូលាយដែរ ព្រោះថានេះជាទម្លាប់នៃការគ្រប់គ្រងប្រទេសយើងយូរមកហើយ អ៊ីចឹងអ្នកឯងដែលត្រូវទទួលគ្រប់គ្រងពីគេហ្នឹង ត្រូវតែទទួល ពីព្រោះគេអ្នកដឹកនាំគេចេះជាង»។
លោក ធន់ សារាយ ថ្លែងទៀតថា ដោយសារតែវប្បធម៌និងផ្នត់គំនិតមួយដែលយល់ថា មានតែអ្នកធំដែលមានសិទ្ធិជាង ឬអាចធ្វើអ្វីបានតាមចិត្តនោះហើយ ដែលនាំឲ្យមានការបង្ក្រាបដោយបំពាន ឬដោយកម្រោលនោះ ៖ «ទោះបីជាត្រូវហ្នឹងក៏ដោយ ក៏ត្រូវតែយកឈ្នះគ្នាអ៊ីចឹង ដើម្បីបំបាក់ម្ខាងទៀតឲ្យបាក់វិញ ដើម្បីឈប់មក ពាក្យខ្មែរយើងសាមញ្ញគេហៅថា "កាច់កុង"»។
នៅប្រទេសកម្ពុជានាប៉ុន្មានខែចុងក្រោយនេះ ការបញ្ចេញមតិរបស់អ្នកតំណាងរាស្ត្របក្សប្រឆាំង មន្ត្រីអង្គការសង្គមស៊ីវិល និងអ្នកកាសែតផងនោះ គឺពេលខ្លះត្រូវទទួលរងប្រតិកម្មតបវិញពីមន្ត្រីរដ្ឋាភិបាលខ្មែរ ដោយថែមទាំងប្តឹងទៅតុលាការទៀតផង។ សូម្បីតែឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក គឺលោកស្រី Carol Rodley ដែលថ្លែងអំពីបញ្ហាពុករលួយក្នុងប្រទេសកម្ពុជានោះ ក៏ត្រូវមន្ត្រីរដ្ឋាភិបាលខ្មែរប្រតិកម្មតប និងថែមទាំងទាមទារឲ្យពិចារណាកែតម្រូវឡើងវិញទៀតផង។
មន្ត្រីនាំពាក្យស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅប្រទេសកម្ពុជា គឺលោក John Johnson បានថ្លែងថា សេរីភាពនៃការបញ្ចេញមតិគឺជាសិទ្ធិនិងជាស្នូលនៃលទ្ធិប្រជាធិតេយ្យ។ ហើយថា មន្ត្រីរដ្ឋាភិបាលបុគ្គលសាធារណៈនិងអ្នកនយោបាយ ត្រូវតែទទួលយកទាំងការសរសើរនិងពាក្យរិះគន់ចំពោះទង្វើរបស់ខ្លួន។ លោកថា ផ្ទុយទៅវិញ នៅកម្ពុជា វាហាក់ដូចជាប្រព័ន្ធតុលាការកំពុងត្រូវគេប្រើដើម្បីគំរាមកំហែងអ្នកទាំងឡាយដែលរិះគន់ទង្វើរបស់មន្រ្តីរដ្ឋាភិបាល។
ថ្មីៗនេះ ក្រុមអ្នកបញ្ចេញមតិដែលត្រូវរងការប្តឹងទៅតុលាការពីបទបរិហារកេរ្តិ៍ និង/ឬ បទញុះញង់នោះ គឺរួមមានតំណាងរាស្ត្រគណបក្សសមរង្ស៊ីពីររូប គឺលោក ហូរ វ៉ាន់ និងលោកស្រី មូរ សុខហួរ ប្រធានអង្គការមូលនិធិទ្រទ្រង់អារិយធម៌ខ្មែរ គឺលោក មឿង សុន ដែលលោកបានរត់ភៀសខ្លួនទៅកាន់ប្រទេសបារាំង ដោយសារតែមិនហ៊ានប្រឈមក្នុងតុលាការ និងនិពន្ធនាយកកាសែតខ្មែរម្ចាស់ស្រុក គឺលោក ហង្ស ចក្រា ដែលបច្ចុប្បន្នកំពុងជាប់ឃុំនៅពន្ធនាគារព្រៃសនៅឡើយ។
លោក ធន់ សារាយ បានហៅវិធានការបង្ក្រាបការបញ្ចេញមតិដែលមាននៅក្នុងចរិតខ្មែរ ហើយដែលអាចឆ្លុះបញ្ចាំងបច្ចុប្បន្នភាព យ៉ាងដូច្នេះថា ៖ «ហ្នឹងហើយដែលជាបញ្ហាមួយទៀតដែលនៅក្នុងវប្បធម៌របស់ខ្មែរយើងដែលមិនឲ្យគេមានមតិទិតៀននៃអ្វីដែលជាការសម្រេចចិត្ត អ្វីដែលជាការរបៀបដឹកនាំ ទៅលើគេទេ»។
ទោះបីជាយ៉ាងណាក៏ដោយ កាលពីខែមីនា ឆ្នាំ២០០៩នេះ រាជរដ្ឋាភិបាលខ្មែរបានបញ្ជូនសេចក្តីព្រាងច្បាប់មួយស្តីអំពីការធ្វើបាតុកម្មដោយសន្តិវិធីទៅរដ្ឋសភា។ សេចក្ដីព្រាងច្បាប់នេះមាន ៦ជំពូក និង ៣០មាត្រា។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលចុះហត្ថលេខាលើសេចក្តីស្នើច្បាប់នោះបានបញ្ជាក់ជូនរដ្ឋសភាថា ច្បាប់នេះគឺធ្វើឡើងក្នុងបំណងធានានូវការប្រើប្រាស់សិទ្ធិសេរីភាពបញ្ចេញមតិរបស់ពលរដ្ឋគ្រប់រូប។
រដ្ឋសភានៅមិនទាន់ប្រកាសបើកការជជែកពិភាក្សានិងអនុម័តច្បាប់នេះនៅឡើយទេ។
លោកឧត្តមសេនីយ៍ឯក ខៀវ សុភ័គ ជាមន្ត្រីនាំពាក្យក្រសួងមហាផ្ទៃថ្លែងការពារថា ច្បាប់ថ្មីនេះមានលក្ខណៈពិសេសនៅត្រង់មានចែងអំពីការបង្កើត«ទីកន្លែងបញ្ចេញមតិជាសាធារណៈ» ៖ «ទីលានបញ្ចេញមតិចង់ថា ធ្វើម៉េចពង្រឹងនិងពង្រីកថែមទៀតនូវសិទ្ធិបញ្ចេញមតិរបស់ប្រជាពលរដ្ឋ។ ឧទាហរណ៍ថា គាត់ចង់ធ្វើបាតុកម្មប្រឆាំងនឹងអ្វីមួយ បញ្ចេញមតិស្អីមួយដែលគំនិតរបស់គាត់មានគ្នាតិចជាង ២០០នាក់ គាត់មិនចាំបាច់សុំច្បាប់ទេ គ្រាន់តែបញ្ជូនព័ត៌មានថា ក្រុមខ្ញុំមានប៉ុណ្ណេះនាក់ ត្រូវធ្វើថ្ងៃហ្នឹងហើយ ហ្នឹងគឺទីធ្លាហ្នឹងទទួល»។
ក៏ប៉ុន្តែមន្ត្រីអង្គការសង្គមស៊ីវិលមួយចំនួននិងអ្នកតំណាងរាស្ត្របក្សប្រឆាំងដែរនោះ បានថ្លែងជារួមថា ខ្លឹមសារជារួមនៃច្បាប់ស្តីពីការធ្វើបាតុកម្មដោយសន្តិវិធីគឺចែងការពាររដ្ឋាភិបាលជាជាងការពារសិទ្ធិពលរដ្ឋក្នុងការបញ្ចេញមតិ ដែលលោកតំណាងរាស្ត្រនៃគណបក្សសមរង្ស៊ី គឺ សុន ឆ័យ ថ្លែងយ៉ាងដូច្នេះថា ៖ «មានចំណុចជាច្រើនដែលបង្កប់អត្ថន័យទៅលើមាត្រានានាហ្នឹង គឺយើងរាប់ទៅប្រហែល ១៨មាត្រាសំខាន់ៗ បានបង្ហាញថា ជាការចងមិនឲ្យមានសិទ្ធិគ្រប់គ្រាន់ក្នុងការបញ្ចេញមតិតាមរយៈការធ្វើកូដកម្មអហិង្សាទៅវិញទេ មិនមែនជាច្បាប់ផ្ដល់សិទ្ធិទេ គឺជាច្បាប់ដែលបំបិទសិទ្ធិ»។
លោក ធន់ សារាយ ថ្លែងទាមទារដែរថា គេត្រូវឲ្យមានការកែប្រែឥរិយាបទនៃការបញ្ចេញមតិនិងត្រូវតែហ៊ានទទួលយកការរិះគន់ស្ថាបនា។ ជាមួយគ្នានេះ លោកបន្តថា តំណាងរាស្ត្រគួរតែពិនិត្យកែលម្អខ្លឹមសារច្បាប់នេះឲ្យបានល្អ ដើម្បីលុបបំបាត់វប្បធម៌គាបសង្កត់លើសិទ្ធិសេរីភាពនៃការបញ្ចេញមតិនេះ៕
ទីភ្នាក់ងារព័ត៌មានកម្ពុជានិងវៀតណាមបង្កើនកិច្ចសហប្រតិបត្តិការ
អ្នកកាសែតជាប់ឃុំម្នាក់បន្តប្ដឹងឧទ្ធរណ៍ក្នុងរឿងក្ដីជាមួយសយសុភាព
មន្រ្តីជាន់ខ្ពស់ខ្មែរខ្វែងគំនិតគ្នាក្នុងការលើកលែងទោស ហង្ស ចក្រា
ព្រះមហាក្សត្រស្នើសុំឲ្យពិនិត្យមើលលទ្ធភាពក្នុងការដោះលែង ហង្ស ចក្រា
អតីតអ្នកកាសែតម្នាក់ត្រូវផ្តន្ទាទោសឲ្យជាប់គុក២ឆ្នាំពីបទផ្សាយព័ត៌មានមិនពិត
កាសែតសេរីភាពថ្មីផ្អាកការបោះពុម្ពផ្សាយព្រោះបញ្ហាថវិកា
សង្គមស៊ីវិលអំពាវនាវឲ្យអ្នកកាសែតប្រុងប្រយ័ត្នក្នុងការសរសេរព័ត៌មាន
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនពីបទផ្សាយព័ត៌មានមិនពិត
ក្រុមអ្នកកាសែតជួបពិភាក្សាអំពីក្រមសីលធម៌អ្នកសារព័ត៌មាន
មតិ
អ្នកអាចបញ្ចេញមតិដោយបំពេញទម្រង់ខាងក្រោមនេះក្នុងទម្រង់ជាអក្សរសុទ្ធ។. មតិត្រូវតែអនុញ្ញាតដោយអ្នកសម្របសម្រួលនិងមិនបង្ហាញភ្លាមៗនៅលើទំព័រនេះទេ។ សូមអញ្ជើញត្រឡប់មកបើកទំព័រនេះម្ដងទៀតដើម្បីមើលថាតើមតិរបស់អ្នកត្រូវបានចុះផ្សាយឬអត់។
មើលមតិទាំងអស់.