ស្ថានភាព​នៃ​ការ​ប្រឡង​យក​សញ្ញាបត្រ​បាក់ឌុប​ទូទាំង​ប្រទេស

ការ​ប្រឡង​យក​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ ឬ​បាក់ឌុប នៅ​ទូទាំង​ប្រទេស​កម្ពុជា កំពុង​តែ​ប្រព្រឹត្ត​ទៅ​ចាប់​តាំង​ពី​ថ្ងៃ​ទី ២៧ រហូត​ដល់​ទី ២៩ ខែ​កក្កដា នេះ។

0:00 / 0:00

តាម​ការ​បញ្ជាក់​ប្រាប់​ពី​មន្ដ្រី​ក្រសួង​អប់រំ​យុវជន​និង​កីឡា ថា បេក្ខជន​ដែល​បាន​ចូល​រួម​ប្រឡង​បាក់ឌុប សម្រាប់​ឆ្នាំ​នេះ​មាន​ចំនួន ៨៨.៦៩៨​នាក់ និង​មាន​មណ្ឌល​ប្រឡង ១៥៥​មណ្ឌល ហើយ​ចែក​ចេញ​ជា​បន្ទប់​ចំនួន ៣.៥៧៨​បន្ទប់។

រី​ឯ​ការ​រៀបចំ​កម្មវិធី​ប្រឡង​ទាំង​នៅ​ទីក្រុង​ភ្នំពេញ និង​នៅ​តាម​ខេត្ត​ផ្សេងៗ ដែល​វិទ្យុ​អាស៊ី​សេរី បាន​ចុះ​យក​ព័ត៌មាន​ផ្ទាល់ ហើយ​និង​តាម​ការ​ឲ្យ​ដឹង​ពី​មន្រ្ដី​ក្រសួង​អប់រំ ព្រម​ទាំង​ប្រជាពលរដ្ឋ​មាតា​បិតា និង​បេក្ខជន​ប្រឡង​នោះ គឺ​ថា​មាន​ភាព​ប្រហាក់​ប្រហែល​គ្នា ដោយ​គេ​បាន​ដាក់​ពង្រាយ​កម្លាំង​នគរបាល និង​កង​រាជ​អាវុធហត្ថ​នៅ​ខាង​ក្រៅ​របង និង​ទ្វារ​ចូល​ទៅ​កាន់​មណ្ឌល​ប្រឡង ដើម្បី​ការពារ​រក្សា​សន្ដិសុខ​ដល់​ដំណើរ​ការ​ប្រឡង ជា​ពិសេស​គឺ​ទប់​ស្កាត់​មិន​ឲ្យ​មាន​ការ​លប​យក​ចូល​នូវ​ឯកសារ ឬ​មេរៀន និង​ការ​ជួយ​បោះ​មេរៀន​ពី​សំណាក់​អ្នក​ដែល​ទៅ​ឈរ​មើល​ពី​ខាង​ក្រៅ​មណ្ឌល​ជាដើម។

តួយ៉ាង​ដូច​ជា​នៅ​មណ្ឌល​ប្រឡង​បាក់ឌុប​មួយ ឈ្មោះ​វិទ្យាល័យ​ទេពប្រណម្យ ក្នុង​ស្រុក​ពញាឮ ខេត្ត​កណ្ដាល នៅ​ទី​នោះ​មាន​ការ​យាម​កាម​របស់​ក្រុម​មាន​សមត្ថកិច្ច​ទាំង​ខាង​មុខ​និង​ខាង​ក្រោយ​មណ្ឌល​ប្រឡង ដោយ​មាន​ទាំង​ចង​ខ្សែ​ព័ទ្ធ​ជុំវិញ​បរិវេណ​មណ្ឌល​មិន​ឲ្យ​មាន​ការ​ដើរ​ឆ្លង​កាត់​ទៅ​ក្បែរ​មណ្ឌល​នោះ​ទេ។

ដោយ​មាន​ការ​ហាមប្រាម​បែប​នេះ មនុស្ស​ម្នា​ដែល​ទៅ​ឈរ​មើល​ការ​ប្រឡង​ពី​ខាង​ក្រៅ​មណ្ឌល ក្នុង​នោះ​ភាគច្រើន​ជា​មាតា​បិតា​សិស្ស បាន​និយាយ​ថា ការ​ចាត់​ចែង​កម្មវិធី​ប្រឡង​បាក់ឌុប ក្នុង​ឆ្នាំ​នេះ គេ​មើល​ទៅ​តឹងតែង​ខ្លាំង​ណាស់ ប៉ុន្តែ​ទោះ​ជា​យ៉ាង​នេះ​ក្តី ពួក​គាត់​ជា​ឪពុក​ម្តាយ​សិស្ស​ហាក់​មាន​ការ​ពេញ​ចិត្ត​ច្រើន​ចំពោះ​ភាព​តឹងរ៉ឹង​នោះ។

ប្រឡង៣០៥
ប៉ូលិស​ឈរ​យាម​ការ​ពារ​នៅ​ខាង​ក្រៅ​របង​វិទ្យាល័យ​ព្រះ​ស៊ីសុវត្ថិ ក្នុង​ទីក្រុង​ភ្នំពេញ ខណៈ​សិស្ស​កំពុង​ប្រលង​បញ្ចប់​ថ្នាក់​ទី​១២ នៅ​ថ្ងៃ​ចុង​ក្រោយ នា​ថ្ងៃ​ទី​២៩ កក្កដា ២០០៩។ (RFA Photo/Zakariya)

ស្រ្ដី​មួយ​រូប ឈ្មោះ នឹម សុភាព ដែល​កំពុង​ឈរ​ចាំ​ទទួល​កូន​របស់​គាត់​នៅ​ក្រៅ​មណ្ឌល​ប្រឡង​ទេព​ប្រណម្យ បាន​បញ្ជាក់​ថា បើ​អ្នក​ចាត់​ចែង​កម្មវិធី​ប្រឡង​នៅ​ទី​នេះ​បាន​ធ្វើ​ការ​យាម​កាម​តឹង​តែង​ដូច្នោះ គឺ​គាត់​គិត​ថា​ល្អ ពីព្រោះ​ថា​បើ​គេ​មិន​ធ្វើ​ការ​តឹងរ៉ឺង ហើយ​បែរ​ជា​ឲ្យ​កូន​គាត់​ទិញ​វិញ្ញាសា ឬ​សូក​ប៉ាន់​លុយ​កាក់​ជាដើម​សម្រាប់​ឲ្យ​បាន​ប្រឡង​ជាប់​នោះ គឺ​គាត់​ជា​ឪពុក​ម្ដាយ​ដែល​មាន​ស្ថានភាព​ក្រីក្រ​មិន​មាន​លទ្ធភាព​ទិញ​បាន​ទេ។

អ្នកស្រី នឹម សុភាព បាន​បា្រប់​ដូច្នេះ ៖ «ប្រដៅ​កូន​ថា​ឲ្យ​ខំ​រៀន ព្រោះ​អី​រៀន ១២​ឆ្នាំ ប្រឡង​មួយ​ថ្ងៃ​យក​វិញ្ញាសា​ទៅ​ក៏​មិន​ដឹង​មើល​ត្រង់​ណា​ដែរ អ៊ីចឹង​មាន​តែ​ទុក​ក្នុង​ខួរ​ក្បាល​ទើប​យើង​បាន​ល្អ។ ហើយ​ប្រទេស​ជាតិ​យើង​ចង់​បាន​អ្នក​ចេះ​ពិត​ប្រាកដ មិន​ចង់​បាន​អ្នក​អត់​ចេះ​ទេ»

ចំណែក​ឯ​បេក្ខជន​ដែល​ចូល​រួម​ប្រឡង​នៅ​ទីនោះ ភាគ​ច្រើន​ក៏​បាន​និយាយ​ប្រាប់​ដូច​គ្នា​នេះ​ដែរ​ថា គេ​មាន​ការ​ពិបាក​មិន​អាច​លួច​ចម្លង​គ្នា​បាន​ទេ បើ​ទោះ​បី​ជា​គេ​បាន​យក​ចូល​ឯកសារ​ខ្លះ​ក៏​គ្រូ​អនុរក្ស​ចាប់​យក​អស់​ដែរ។

បេក្ខជន​មួយ​រូប​ឈ្មោះ សុខ ខេម ក្នុង​ចំណោម​បេក្ខជន​ជា​ច្រើន​នាក់​ដែល​កំពុង​តែ​ដើរ​ចេញ​ពី​មណ្ឌល​ប្រឡង​ទេព​ប្រណម្យ បន្ទាប់​ពី​គេ​បាន​ធ្វើ​ការ​ប្រឡង​រួច​នៅ​ថ្ងៃ​ទី​មួយ​នោះ បាន​បញ្ជាក់​ប្រាប់​យ៉ាង​ដូច្នេះ ៖ «ប្រឡង​តឹងតែង​ដែរ គ្រូ​អត់​ឲ្យ​យក​ព្រីយ៉ុង​ចូល​ក្នុង​ថ្នាក់​រៀន។ ចាប់​តែ​ទាំង​អស់»

ចំណែកការ​ប្រឡង​បាក់ឌុប​នៅ​ឯ​ខេត្ត​ព្រះសីហនុ វិញ បើ​តាម​ការ​ឲ្យ​ដឹង​ពី​គ្រូ​បង្រៀន​នៅ​ទី​នោះ​ថា គឺ​មាន​ការ​តឹងរ៉ឹង​ច្រើន​ជាង​ការ​ប្រឡង​បាក់ឌុប កាល​ពី​ឆ្នាំ​ទៅ។

គ្រូ​បង្រៀន​មួយ​រូប​ឈ្មោះ លី ឌី នៅ​ខេត្ត​ព្រះសីហនុ បាន​បញ្ជាក់​ប្រាប់​ពី​បញ្ហា​នេះ​ថា ៖ «គេ​ធ្វើ​តឹង អ៊ីចឹង​សិស្ស​អត់​បាន​សរសេរ​អី​ទាំង​អស់ ភាគ​ច្រើន​អត់​សូវ​ចេះ។ គ្រូ​ទី​១២ គេ​អត់​ឲ្យ​ចូល អ៊ីចឹង​ភាគ​ច្រើន​គឺ​អត់​អាច​ធ្វើ​អី​កើត»

រី​ឯ​ចំពោះ​ការ​ប្រឡង​នៅ​ភ្នំពេញ វិញ បើ​តាម​ការ​បញ្ជាក់​បា្រប់​ពី​បេក្ខជន​មួយ​ចំនួន​នៅ​តាម​មណ្ឌល​ប្រឡង​ផ្សេងៗ ដូច​ជា​នៅ​វិទ្យាល័យ​ចតុមុខ ព្រះស៊ីសុវត្តិ​ជាដើម ថា មាន​ការ​យាម​កាម​តឹង​តែង​ដែរ ដោយ​មិន​អនុញ្ញាត​ឲ្យ​យក​ឯកសារ​ចូល​ទៅ​ក្នុង​មណ្ឌល​ប្រឡង​ទាំង​នោះ​ទេ។

បើ​ទោះ​បី​ជា​មាន​ការ​យាមកាម​ដ៏​តឹងរ៉ឹង ហើយ​និង​មាន​ការ​អះអាង​បែប​នេះ​ក៏ដោយ ប៉ុន្តែ​បើ​តាម​ការ​បញ្ជាក់​ប្រាប់​ពី​ប្រធាន​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ លោក រ៉ុង ឈុន បាន​ឲ្យ​ដឹង​ថា នៅ​តាម​មណ្ឌល​ប្រឡង​ទាំង​ក្រុង​ភ្នំពេញ និង​ខេត្ត​នានា គឺ​មាន​ភាព​មិន​ប្រក្រតី​ច្រើន ដូច​ជា​ការ​ផ្ដល់​សារ​ដំណឹង​តាម​ទូរស័ព្ទ​ដៃ​ជាដើម។

លោក រ៉ុង ឈុន បាន​ឲ្យ​ដឹង​ដូច្នេះ ៖ «មណ្ឌល​បាក់ទូក ឃើញ​ដោយ​ផ្ទាល់​ភ្នែក ដោយ​អ្នក​ហៅ​ចម្លើយ​ដល់​អ្នក​ខាង​ក្នុង។ នៅ​មណ្ឌល​ផ្សេងៗ​ប្រហាក់​ប្រហែល​គ្នា ដូច​នៅ​ខេត្ត​កំពត ក៏​មាន​ការ​ហៅ​ឆ្លើយ​ឆ្លង​ដូច​គ្នា»

ឆ្លើយ​តប​នឹង​ការ​លើក​ឡើង​នេះ ប្រធាន​នាយកដ្ឋាន​មធ្យម​សិក្សា​ចំណេះ​ទូទៅ​នៃ​ក្រសួង​អប់រំ​យុវជន​និង​កីឡា លោក ច្រឹង លឹមស្រ៊ី បាន​មាន​ប្រសាសន៍​ថា ចំពោះ​ការ​ប្រឡង​មធ្យម​សិក្សា​ទុតិយភូមិ​នៅ​ក្នុង​ឆ្នាំ​នេះ ក៏​ដូច​ជា​ឆ្នាំ​មុនៗ​ដែរ គឺ​ក្រសួង​អប់រំ​បាន​ចាត់​វិធាន​ការ​យ៉ាង​តឹងរ៉ឹង​បំផុត ដោយ​មាន​ការ​សហការ​ជាមួយ​ក្រសួង​មហាផ្ទៃ ក្នុង​ការ​ដាក់​កម្លាំង​មាន​សមត្ថកិច្ច​នៅ​ជុំវិញ​បរិវេណ​មណ្ឌល​ប្រឡង​នានា ដើម្បី​ទប់​ស្កាត់​ភាព​មិន​ប្រក្រតី​ណាមួយ​កើត​ឡើង។

លោក​បាន​បន្ដ​ថា រហូត​មក​ដល់​ថ្ងៃ​ប្រឡង​ទី​២ នេះ គឺ​មិន​ឃើញ​មាន​ភាព​មិន​ប្រក្រតី​ណា​មួយ​ដែល​គួរ​ឲ្យ​កត់​សម្គាល់​កើត​ឡើង​នោះ​ទេ ប៉ុន្តែ​លោក​បាន​ទទួល​ស្គាល់​ថា មាន​អ្នក​ផ្ដល់​សារ​តាម​ទូរស័ព្ទ​ដៃ​ទៅ​ឲ្យ​បេក្ខជន​ក្នុង​មណ្ឌល​ប្រឡង តែ​បញ្ហា​នេះ​មាន​តិច​តួច​ទេ ហើយ​មន្ដ្រី​របស់​ក្រសួង​អប់រំ​យុវជន​និង​កីឡា ក៏​បាន​ទប់​ស្កាត់​ទាន់​ពេល​វេលា​ដែរ។

លោក ច្រឹង លឹមស្រ៊ី មាន​ប្រសាសន៍​ដូច្នេះ ៖ «ឆ្នាំ​នេះ​យើង​ហៅ​ប្រធាន​មណ្ឌល​សំណេរ​ទាំង ១៥៥​មណ្ឌល មក​ប្រជុំ​ពី​ថ្ងៃ ២៣ ខែ​កក្កដា ជាមួយ​មេ​ប្រយោគ​ទូទាំង​ប្រទេស ហើយ​ក្នុង​នោះ​សង្កត់​ធ្ងន់​រឿង​ប្រមូល​យក​ទូរស័ព្ទ​ហ្នឹង​ឯង។ ក្នុង​នោះ​យើង​បាន​បញ្ជាក់​ថា មណ្ឌល​នីមួយៗ មិន​ទទួល​ខុស​ត្រូវ​ក្នុង​ការ​បាត់​បង់​ទូរស័ព្ទ​ហ្នឹង​ទេ បើ​បេក្ខជន​ណា​យក​មក ដូច្នេះ​យើង​មាន​វិធានការ​ទប់​ស្កាត់​ក្នុង​ការ​រាំង​ខ្ទប់ ព្រោះ​យើង​ដឹង​ថា​វា​ជា​បញ្ហា​មួយ​ដែល​បច្ចេក​វិទ្យា​វា​រីក​ចម្រើន ដែល​យើង​អាច​ដឹង​ថា​ធ្វើ​អី​មិន​កើត អាច​ធ្វើ​តាម​ហ្នឹង យើង​មាន​វិធានការ​មុន​ហើយ»

លោក​បាន​ឲ្យ​ដឹង​ទៀត​ដែរ​ថា ប្រសិន​បើ​គេ​ចាប់​បាន​ចំពោះ​បេក្ខជន​ណា​មួយ​ប្រព្រឹត្ត​ខុស​នឹង​បទ​បញ្ជា និង​កម្រិត​វិន័យ​ក្នុង​ពេល​ប្រឡង​នោះ គឺ​ក្រសួង​នឹង​ដក​ហូត​មិន​ឲ្យ​បេក្ខជន​នោះ​ធ្វើ​ការ​ប្រឡង​ទៀត​ទេ ហើយ​ចំពោះ​អនុរក្ស ឬ​អ្នក​ឃ្លាំ​មើល​ការ​ប្រឡង​នៅ​តាម​មណ្ឌល​នីមួយៗ​វិញ បើ​គេ​ស្រាវជ្រាវ​ឃើញ​មាន​ការ​ប្រព្រឹត្ត​ខុស ស៊ី​សំណូក​សូក​ប៉ាន់ ឬ​រៃ​អង្គាស​ប្រាក់​ពី​បេក្ខជន នោះ​ក៏​នឹង​ត្រូវ​ទទួល​ពិន័យ​របស់​ក្រសួង​ដែល​បាន​កំណត់​រួច​ហើយ​ដែរ។

មន្ដ្រី​ដដែល​បាន​ឲ្យ​ដឹង​ដែរ​ថា ការ​ប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ ឬ​បាក់ឌុប នេះ នឹង​បញ្ចប់​នៅ​ព្រឹក​ថ្ងៃ​ទី​២៩ ខែ​កក្កដា ឆ្នាំ​២០០៩ ហើយ​ការ​ប្រកាស​លទ្ធផល​សម្រាប់​មណ្ឌល​ប្រឡង​ទាំង​អស់​នៅ​ទីក្រុង​ភ្នំពេញ គឺ​នឹង​ចេញ​នៅ​វេលា​រសៀល​ថ្ងៃ​ទី​២១ ខែ​សីហា ហើយ​សម្រាប់​ខេត្ត​នានា គឺ​នឹង​ប្រកាស​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២២ ខែ​សីហា ឆ្នាំ​២០០៩៕