ស្ថានភាព​នៃ​ការ​នាំ​ទំនិញ​ថៃ​ចូល​មក​កម្ពុជា

ទំនិញ​គ្រប់​ប្រភេទ​នាំ​ពី​ប្រទេស​ថៃ​ចូល​មក​កម្ពុជា​តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយប៉ែត បាន​ស្រុត​ចុះ​ប្រមាណ​៣០% បន្ទាប់​ពី​ម្ចាស់​ទំនិញ​នានា​នៅ​ស្រុក​ខ្មែរ​បាន​កាត់​បន្ថយ​ការ​បញ្ជា​ទិញ ដោយសារ​ពួក​គេ​មាន​ការ​ភ័យ​ខ្លាច​ពី​វិបត្តិ​នានា​រវាង​ខ្មែរ-​ថៃ។

0:00 / 0:00

តំណាង​ក្រុមហ៊ុន​ឯកជន​មួយ​រូប​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ បាន​ថ្លែង​នៅ​ថ្ងៃ​ច័ន្ទ ទី​១៦ ខែ​វិច្ឆិកា​ថា ថ្វី​ត្បិត​ការ​ដោះ​ដូរ​ពាណិជ្ជកម្ម​រវាង​ខ្មែរ-​ថៃ​នៅ​មាន​ដំណើរ​ការ​ជា​ធម្មតា ប៉ុន្តែ​ក្នុង​រយៈ​ពេល​ចុង​ក្រោយ​នេះ ម្ចាស់​ទំនិញ​ជា​ច្រើន​ក្នុង​ប្រទេស​កម្ពុជា បាន​កាត់​បន្ថយ​ការ​បញ្ជា​ទិញ​ពី​១០០% មក​នៅ​ត្រឹម​៧០% សម្រាប់​មុខ​ទំនិញ​គ្រប់​ប្រភេទ។

តំណាង​ក្រុមហ៊ុន​ឯកជន​សុំ​មិន​បញ្ចេញ​ឈ្មោះ​មាន​ប្រសាសន៍​ដូច្នេះ ៖ «ការ​ដោះ​ដូរ​ធម្មតា តែ​ម្ចាស់​ទំនិញ​គេ​មិន​សូវ​កុម្ម៉ង់។ កាណា​គេ​ដាក់​លុយ​ច្រើន ឧបមា​បិទ​ព្រំដែន​ទៅ លុយ​ហ្នឹង​គេ​ខាត។ ខ្សត់​ខ្សោយ​ជាង​មុន​ខ្លះ កាត់​បន្ថយ​ខ្លះ ព្រោះ​ម្ចាស់​ទំនិញ​គេ​អត់​សូវ​ហ៊ាន​កុម្ម៉ង់​ច្រើន ពីព្រោះ​ខ្លាច​មាន​បញ្ហា​ទៅ​ធ្វើ​ឲ្យ​ខាត​បង់​លុយ​ច្រើន ដូច្នេះ​កុម្ម៉ង់​តិច»

ប្រភព​ដដែល​បាន​បន្ត​ថា ក្រុមហ៊ុន​ធំៗ​ជិត​១០​ដែល​កំពុង​រក​ស៊ី​ទទួល​ដឹក​ទំនិញ​ចេញ​ចូល​ពី​ប្រទេស​ថៃ​មក​កម្ពុជា បាន​ទទួល​រង​ការ​កាត់​បន្ថយ​ការ​បញ្ជា​ទិញ​ប្រហែល​ជា​៣០% ដូច​គ្នា​នឹង​រយៈ​ពេល​ចុង​ក្រោយ​នេះ ក្រោយ​ពី​ប្រទេស​ទាំង​ពីរ​កាត់​បន្ថយ​ចំណង​ការទូត បញ្ហា​ព្រំដែន និង​វិបត្តិ​សេដ្ឋកិច្ច​សកល​លោក​ផង។

ចំណែក​ឯ​លោក ខុង មិញ ជា​ប្រជាពលរដ្ឋ​ម្នាក់​រស់​នៅ​ស្រុក​សំរោង ខេត្ត​ឧត្តរមានជ័យ បាន​ថ្លែង​ថា ប្រជាពលរដ្ឋ​នៅ​តាម​តំបន់​ព្រំដែន​ខ្មែរ-​ថៃ បាន​ពឹង​ផ្អែក​ស្ទើរ​ទាំង​ស្រុង​លើ​ការ​នាំ​ចូល​ទំនិញ​នានា​ពី​ប្រទេស​ថៃ។

លោក ខុង មិញ បាន​ឲ្យ​ដឹង​ដូច្នេះ ៖ «និយាយ​រួម​ទៅ ខ្មែរ​យើង​មិន​ដឹង​ថា រក​ផលិតផល​ពី​ណា​ដែល​អាច​ទិញ​បាន នៅ​តែ​បន្ត​ទិញ​ផលិតផល​មក​ពី​ថៃ​ហ្នឹង»

លោក អ៊ុក វណ្ណចាន់ ប្រធាន​សាខា​គយ​ខេត្ត​ប៉ៃលិន បាន​ថ្លែង​ថា នៅ​ច្រក​ផ្សារ​ព្រំ ការ​ដោះដូរ​ពាណិជ្ជកម្ម​រវាង​ខ្មែរ-​ថៃ នៅ​តែ​មាន​ដំណើរការ​ជា​ធម្មតា បើ​ទោះ​បី​កន្លង​មក​នេះ​មាន​បញ្ហា​មួយ​ចំនួន​រវាង​ខ្មែរ-​ថៃ បាន​កើត​មាន​ឡើង​ក៏ដោយ។

លោក អ៊ុក វណ្ណចាន់ បាន​ថ្លែង​ដូច្នេះ ៖ «ទំនិញ​ក៏​ចេញ​ចូល​ជា​ធម្មតា តាម​ស្ថានភាព​តម្រូវ​ការ។ វា​ថយ​នៅ​ខាង​ប៉ោយប៉ែត ប៉ុន្តែ​ខាង​យើង​នេះ​វា​អត់​ថយ​អី​ទេ»

លោក ប្រាក់ សាំ ប្រធាន​ប៉ុស្តិ៍​នគរបាល​ច្រក​បឹងត្រកួន បាន​ថ្លែង​ដែរ​ថា នៅ​ច្រក​បឹងត្រកួន ស្ថិត​ក្នុង​ឃុំ​គោករមៀត ខេត្ត​បន្ទាយមានជ័យ ថ្វី​ត្បិត​ស្ថានភាព​ទូទៅ​មាន​សភាព​ស្ងាត់​ជាង​មុន​បន្តិច ប៉ុន្តែ​ការ​ដោះដូរ​ទំនិញ​មាន​ចូល​តិចតួច​ជា​ធម្មតា ៖ «វា​មាន​ដូច​អីវ៉ាន់​ចាប់ហ៊ួយ យូរៗ​មក​មួយ​ឡាន​អ៊ីចឹង​ទៅ»

តាម​តួលេខ​ការ​ដោះ​ដូរ​ទំនិញ​ខ្មែរ-​ថៃ របស់​ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា ហើយ​ត្រូវ​បាន​ប្រកាស​ជា​សាធារណៈ ដោយ​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន កាល​ពី​ពេល​ថ្មីៗ​នេះ នៅ​ឯ​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ ទំនិញ​គ្រប់​ប្រភេទ​របស់​ថៃ ដែល​នាំ​ចូល​កម្ពុជា​កាល​ពី​ឆ្នាំ​២០០៨ មាន​រហូត​២.០០០​លាន​ដុល្លារ និង​ទំនិញ​កម្ពុជា​នាំ​ទៅ​ថៃ​មាន​តែ​៩០​លាន​ដុល្លារ​ទេ៕