ការ​នាំ​ស្រូវ​ទៅ​លក់​ឲ្យ​ថៃ​តាម​ច្រក​របៀង​ក្នុង​ខែត្រ​បន្ទាយមានជ័យ​នៅតែ​កើតមាន

ការ​នាំ​ស្រូវ​ទៅ​លក់​ក្នុង​ប្រទេស​ថៃ​តាម​ច្រក​របៀង​នានា​ក្នុង​ខេត្ត​បន្ទាយមានជ័យ​នៅតែ​មាន​ជា​ធម្មតា ទោះ​បី​រយៈកាល​កន្លង​មក​នេះ​មាន​ដំណឹង​ថា ប្រទេស​ថៃ​បាន​ប្រកាស​បិទ​មិន​ឲ្យ​មាន​ការ​ដឹក​ស្រូវ​ចេញ​តាម​ច្រក​របៀង និង​នយោបាយ​ការទូត​ខ្មែរ​-​ថៃ​មាន​ការ​ប្រេះ​ស្រាំ​នា​រយៈពេល​ចុង​ក្រោយ​នេះ​ក៏​ដោយ។

0:00 / 0:00

ប្រភព​ពី​ឈ្មួញ​រកស៊ី​ជួញដូរ​ស្រូវ​បាន​ថ្លែង​នៅ​ថ្ងៃ​សុក្រ ទី​២៧ ខែ​វិច្ឆិកា ថា ការ​នាំ​ស្រូវ​ទៅ​លក់​ក្នុង​ប្រទេស​ថៃ​មួយ​ថ្ងៃ​មាន​ប្រហែល​ជា​៣០​តោន ត្រូវ​បាន​គេ​ដឹក​ចេញ​តាម​ច្រក​របៀង​នានា ក៏​ប៉ុន្តែ​ស្រូវ​ខ្មែរ​ដែល​នាំ​ទៅ​លក់​ក្នុង​ដី​ថៃ ១​គីឡូក្រាម​បាន​ថ្លៃ​១១​បាត ថោក​ជាង​ស្រូវ​ថៃ​ដែល​មាន​តម្លៃ​១​គីឡូក្រាម ១៣​បាត ៖ «ថៃ​គ្នា​គេ គេ​ទិញ​១៣​(បាត) គេ​ទិញ​ខ្មែរ​យើង គេ​ទិញ​តែ​១១​ទេ»

ទាក់ទិន​នឹង​បញ្ហា​នេះ លោក ប្រាក់ សាំ ប្រធាន​ប៉ុស្តិ៍​នគរបាល​ច្រក​បឹងត្រកួន បាន​ថ្លែង​ថា មូលហេតុ​ឈ្មួញ​ថៃ​ទិញ​ស្រូវ​ខ្មែរ​ថោកជាង​ស្រូវ​ថៃ គឺ​ដោយសារ​មាន​ការ​តវ៉ា​ពី​ពលរដ្ឋ​ថៃ​ដែល​ជា​ម្ចាស់​កសិផល​ក្នុង​ស្រុក។

លោក ប្រាក់ សាំ បាន​បញ្ជាក់​ថា ៖ «ដោយ​ឡែក​រឿង​ច្រក​របៀង​ការ​ឆ្លង​កាត់ អា​ហ្នឹង​សមត្ថកិច្ច​ភាគី​ថៃ​គេ​ថា មាន​ការ​ហាម​ឃាត់​មួយចំនួន មាន​ការ​លួចលាក់​ចូល​មួយចំនួន វា​អ៊ីចឹង​ណា៎!»

ប្រភព​ពី​ក្រុម​អ្នក​រកស៊ី​ស្រូវ​បាន​ឲ្យ​ដឹង​ថា ពួក​គេ​បាន​ប្រមូល​ទិញ​ស្រូវ​ពី​កសិករ​ខ្មែរ​ក្នុង​១​គីឡូក្រាម​ថ្លៃ​១០​បាត ហើយ​ការ​យក​ស្រូវ​ទៅ​លក់​ក្នុង​ប្រទេស​ថៃ​គឺ​នៅតែ​បន្ត ទោះ​បី​ក្រុម​ឈ្មួញ​ថៃ​ឲ្យ​តម្លស​ស្រូវ​ខ្មែរ​ថោក​ជាង​ស្រូវ​របស់​ថៃ​ក៏​ដោយ។

លោក ហេង ប៊ុនហោ ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​បន្ទាយមានជ័យ បាន​ថ្លែង​ថា ប្រជា​កសិករ​ខ្មែរ​បាន​ចាប់ផ្តើម​ប្រមូល​ផល​ស្រូវ​ស្រាល​ច្រូត​កាត់​ស្ទើរ​តែ​ទាំង​ស្រុង ចំណែក​ឯ​ក្រុម​ឈ្មួញ​នៅតែ​បន្ត​ដឹក​ទៅ​លក់​នៅ​ក្នុង​ប្រទេស​ថៃ​ជា​ធម្មតា។

លោក ហេង ប៊ុនហោ បាន​មាន​ប្រសាសន៍​ថា ៖ «អ៊ីចឹង​វា​មាន​ការ​លក់​ចេញ​តាម​ច្រក​របៀង​ហ្នឹង ជា​ធម្មតា​ទេ អត់​មាន​អ្វី​ជា​ការ​កត់​សម្គាល់​អី​ធំ​ដុំ​នៅ​ឡើយ​ទេ»

លោក ភូ ពុយ ប្រធាន​សមាគម​រោង​ម៉ាស៊ីន​កិន​ស្រូវ​កម្ពុជា បាន​ថ្លែង​ថា សមាគម​រោង​ម៉ាស៊ីន​កិន​ស្រូវ​កម្ពុជា​បាន​ប្រមូល​ទិញ​ស្រូវ​ក្នុង​ស្រុក​បាន​តែ​ប្រមាណ​ពី​២៥%​ទៅ​៣០%​ប៉ុណ្ណោះ។

លោក ភូ ពុយ បាន​ថ្លែង​ថា ៖ «យើង​ប្រមូល​ស្តុក​ប្រហែល​ជា​២៥​ទៅ​៣០% យើង​ប្រមូល​ចូល​ស្តុក​នៅ​ក្នុង​ស្រុក រី​ឯ ៧០%​ទៀត​វា​នឹង​ហូរ​ចេញ»

លោក​ប្រធាន​សមាគម​បាន​បន្ត​ថា តម្លៃ​ស្រូវ​សើម​គឺ​សមាគម​ទិញ​ក្នុង​១​តោន​ថ្លៃ​១.១៥០.០០០​រៀល ចំណែក​ឯ​តម្លៃ​ស្រូវ​ស្ងួត​ក្នុង​១​តោន​ស្រូវ ទិញ​ក្នុង​តម្លៃ​១​លាន​៣​សែន​រៀល។

ទិន្នផល​ស្រូវ​ក្នុង​ប្រទេស​កម្ពុជា​ដែល​បញ្ជាក់​ដោយ​សមាគម​រោង​ម៉ាស៊ីន​កិន​ស្រូវ​កាល​ពី​ឆ្នាំ​២០០៨ មាន​ជាង​៧​លាន​តោន។

លោក ភូ ពុយ ប្រធាន​សមាគម​រោង​ម៉ាស៊ីន​កិន​ស្រូវ​កម្ពុជា បាន​ថ្លែង​ថា នៅ​ឆ្នាំ​២០១០​ខាង​មុខ​នេះ សមាគម​មាន​គម្រោង​ប្រមូល​ទិញ​ស្រូវ​ពី​កសិករ​ខ្មែរ​ឲ្យ​ច្រើន ដើម្បី​កែច្នៃ​នាំ​ចេញ​ទៅ​ទីផ្សារ​ពិភពលោក ហើយ​ទប់​ស្កាត់​ការ​នាំ​ស្រូវ​ចេញ​ទៅ​លក់​នៅ​ប្រទេស​ជិតខាង។

ចំណែក​កសិករ​ខ្មែរ​វិញ បញ្ហា​ដែល​កំពុង​ព្រួយ​បារម្ភ​គឺ​តម្លៃ​ស្រូវ​ដែល​ឈ្មួញ​ទិញ​ក្នុង​ស្រុក​និង​ក្រៅ​ស្រុក​នៅតែ​មាន​តម្លៃ​ទាប មិន​ស្មើ​នឹង​តម្លៃ​ស្រូវ​ក្នុង​ទីផ្សារ​ពិភពលោក​ឡើយ៕