ប៉ូលិស​នឹង​ផ្សព្វផ្សាយ​គំនូរ​ព្រាង​នៃ​ជន​សង្ស័យ​បាញ់​សម្លាប់ ឃឹម សម្បូរណ៍

មន្រ្តី​ជាន់​ខ្ពស់​ប៉ូលិស​ក្រុង​ភ្នំពេញ​បាន​មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​២៩ តុលា ឲ្យ​ដឹង​ថា ប៉ូលិស​នឹង​ផ្សព្វ​ផ្សាយ​រូប​គំនូរ​ព្រាង​នៃ​ឃាតករ​សង្ស័យ​បាញ់​សម្លាប់​លោក ឃឹម សម្បូរណ៍ អ្នក​កាសែត​មនសិការ​ខ្មែរ​ដែល​ប៉ូលិស​កម្ពុជា និង​ក្រុម​អ្នក​ស៊ើប​អង្កេត​របស់​ប៉ូលិស​សហព័ន្ធ​អាមេរិក (FBI) បាន​សហការ​ជាមួយ​គ្នា​ក្នុង​ការ​គូរ​ព្រាង​ចេញ។

0:00 / 0:00

លោក ទូច ណារ៉ុថ ស្នងការ​ប៉ូលិស​ក្រុង​ភ្នំពេញ បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា ការ​ផ្សព្វផ្សាយ​នេះ​បាន​ទទួល​ការ​យល់ព្រម​ពី​លោក​អគ្គស្នងការ​ប៉ូលិស​ជាតិ ហុក ឡងឌី និង​ដើម្បី​ទទួល​បាន​ការសហការ​ពី​ប្រជា​ពលរដ្ឋ​ក្នុង​ការ​ចាប់​ឃាតករ​មក​ផ្ដន្ទាទោស​តាម​ច្បាប់។

លោក ទូច ណារ៉ុថ មាន​ប្រសាសន៍​ដូច្នេះ​ថា ៖ «ករណី ឃឹម សម្បូរណ៍ យើង​បាន​សហការ​ជាមួយ អេហ្វ.ប៊ី.អាយ (FBI) ឥឡូវ អេហ្វ.ប៊ី.អាយ បាន​ត្រឡប់​ទៅ​វិញ ហើយ​ក៏​នៅ​បន្ត​ដែរ ជា​ពិសេស យើង​បាន​ធ្វើការ​ផ្សព្វផ្សាយ​ជា​រូប​គំនូរ​ដែល អេហ្វ​ប៊ី​អាយ បាន​សហការ​ជាមួយ​យើង​ក្នុង​ការ​គូរ​នេះ ទៅ​តាម​កាសែត ក៏​ដូច​ជា​ទូរទស្សន៍​ដើម្បី​ផ្សព្វផ្សាយ​ឲ្យ​ប្រជាពលរដ្ឋ​យើង​ចូលរួម​សហការ​ជាមួយ​យើង​ក្នុង​ការស្រាវជ្រាវ​តាម​ដាន​រក​មុខ​សញ្ញា​ដែល​គេច​ខ្លួន»

លោក ដាំ សិទ្ធិ ចាងហ្វាង​កាសែត​មនសិការ​ខ្មែរ បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា មក​ទល់​ពេល​នេះ រូប​លោក​នៅ​តែ​មាន​ការ​ភ័យ​ខ្លាច​ចំពោះ​សន្តិសុខ​ផ្ទាល់​ខ្លួន ព្រោះ​អាជ្ញាធរ​មិន​ទាន់​បាន​រក​ឃើញ​និង​ចាប់​ខ្លួន​ឃាតករ​ដែល​បាន​បាញ់​សម្លាប់​លោក ឃឹម សម្បូរណ៍ ដែល​ជា​អ្នក​សរសេរ​ព័ត៌មាន​ឲ្យ​កាសែត​មនសិការ​របស់​លោក​នៅ​ឡើយ។

លោក ដាំ សិទ្ធិ ថ្លែង​ដូច្នេះ​ថា ៖ «មក​ដល់​ពេល​នេះ ខ្ញុំ​នៅ​តែ​មាន​ការព្រួយ​បារម្ភ​អំពី​សន្តិសុខ​និង​សុវត្ថិភាព​របស់​ខ្ញុំ ក៏​ដូចជា​សន្តិសុខ សុវត្ថិភាព​របស់​សហការី​ដែល​ធ្វើការ​នៅ​កាសែត​មនសិការ​ខ្មែរ​ជា​និច្ច ដោយសារ​ករណី​លោក ឃឹម សម្បូរណ៍ ធ្វើ​ឲ្យ​មាន​ការ​ចង​ចាំ​នូវ​ការ​ភ័យ​ខ្លាច​អំពី​សុវត្ថិភាព​សន្តិសុខ​គ្រប់​ៗ​គ្នា​នៅ​ក្នុង​កាសែត​មនសិការ​ខ្មែរ»

លោក ដាំ សិទ្ធិ បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា ក្នុង​ពេល​មន្រ្តី​ស៊ើប​អង្កេត​របស់ FBI មក​កម្ពុជា​នោះ រូប​លោក​បាន​ជួប​ជាមួយ ហើយ​បាន​ផ្តល់​ព័ត៌មាន​មួយ​ចំនួន​ដែល​លោក​បាន​ដឹង​ទាក់​ទង​នឹង​លោក ឃឹម សម្បូរណ៍ ឲ្យ​ទៅ​ភ្នាក់ងារ​នោះ​ផង​ដែរ ៖ «គាត់​បាន​ជួប​ខ្ញុំ លោក FBI គាត់​បាន​មក​ជាមួយ​ប៉ូលិស​ខណ្ឌ​៧​មករា​ម្នាក់ ហើយ​និង​ម្នាក់​ទៀត បើ​ខ្ញុំ​មើល​ទៅ ប្រហែល​ជា​ប៉ូលិស​ក្រុង គឺ​ប៉ូលិស​ខ្មែរ​ពីរ​រូប និង FBI ម្នាក់ ហើយ​និង​អ្នក​បកប្រែ​ស្ថានទូត​អាមេរិក​ម្នាក់»

លោក ឃឹម ឡូរ៉ង់ ដែល​ជា​ប្អូន​បង្កើត​របស់​លោក ឃឹម សម្បូរណ៍ បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា មក​ទល់​ពេល​នេះ លោក​មិន​ទាន់​បាន​ទទួល​ព័ត៌មាន​អ្វី​ថ្មី ទាក់​ទង​នឹង​ការ​បាញ់​សម្លាប់​បង​ប្រុស​របស់​លោក​នៅ​ឡើយ​ទេ។

លោក ឃឹម សម្បូរណ៍ ជាមួយ​កូន​ប្រុស បាន​ត្រូវ​ឃាតករ​បាញ់​សម្លាប់​កាល​ពី​ថ្ងៃ​ទី​១១ កក្កដា ឆ្នាំ​២០០៨ នៅ​ក្បែរ​ពហុកីឡដ្ឋាន​អូឡាំពិក នៅ​ពេល​លោក​ជាមួយ​នឹង​កូន​ប្រុស​បាន​ចេញ​ពី​ហាត់​ប្រាណ​ពេល​ល្ងាច។

ប៉ូលិស​បាន​សន្និដ្ឋាន​ជា​ជំហាន​ដំបូង​ថា ការ​បាញ់​សម្លាប់​លោក ឃឹម សម្បូរណ៍ ទាក់ទង​ជាមួយ​គំនុំ​ផ្ទាល់​ខ្លួន ចំណែក​មតិ​ប្រជាពលរដ្ឋ​មួយ​ចំនួន​យល់​ថា ការ​បាញ់​សម្លាប់​នេះ​ដោយសារ​លោក ឃឹម សម្បូរណ៍ ហ៊ាន​សរសេរ​អត្ថបទ​ក្នុង​កាសែត​ប្រឆាំង​រិះគន់​និង​ប៉ះពាល់​សកម្មភាព​ខុស​ច្បាប់​របស់​អ្នក​មាន​អំណាច៕