លោក ឆាយ ធី អះអាងថា គេនឹងបន្តដាក់លិខិតអន្តរាគមន៍ដដែលនេះទៅស្ថាប័នថ្នាក់ជាតិបន្ថែមទៀតដើម្បីទប់ស្កាត់ការប៉ុនប៉ងយកទីសក្ការៈរបស់ជនជាតិទៅអភិវឌ្ឍ។
លោក ឆាយ ធី បានបញ្ជាក់ថា ៖ «យើងនឹងអន្តរាគមន៍បន្ថែមទៀតទៅប្រមុខរដ្ឋាភិបាលដើម្បីឲ្យគាត់ការពារដីសាធារណៈរបស់រដ្ឋដែលយើងមិនអាចចាត់ចែងលក់ដូរ ឬក៏លុបបំបាត់ចោលនូវអ្វីដែលជាការគោរព ជាប្រពៃណីរបស់ពួកគាត់បានទេ ហើយយើងឃើញថា មានការចាប់អារម្មណ៍យ៉ាងខ្លាំងពីស្ថានទូតកូរ៉េសាកសួរព័ត៌មានហ្នឹង ហើយស្ថានទូតគេនឹងចុះស្រាវជ្រាវស៊ើបអង្កេតអំពីរឿងនេះដើម្បីជួយដល់ប្រជាពលរដ្ឋជនជាតិដើមភាគតិចនៅខេត្តមណ្ឌលគិរីនេះ»។
ការអន្តរាគមន៍នេះបានកើតមានឡើងបន្ទាប់ពីតំណាងសហគមន៍៣ ក្នុងភូមិពូឆប ភូមិពន់រែង និងភូមិពូលេស ធ្លាប់ទៅឃាឃាំងក្រុមហ៊ុននោះជាច្រើនដងតាំងពីឆ្នាំ២០០៥ ឲ្យបញ្ឈប់ការឈូសឆាយលើព្រៃប្រវត្តិសាស្ត្រជាទីសក្ការៈទាំងនោះ តែក្រុមហ៊ុននោះមិនព្រមបញ្ឈប់ដោយមានៈ បញ្ចុះបញ្ចូលចង់យកដីនោះដោយប្តូរជាប្រាក់ទៀតផង ដែលលោក តឺល ធិះ តំណាងសហគមន៍ពន់រែងបញ្ជាក់ពីរឿងនេះថា ៖ «ភាគខាងលិចគាត់យកកម្រិតដែលកូរ៉េគេនិយាយហ្នឹង ពាំនាំមកឲ្យខ្ញុំ៦នាក់ គេសុំថា ១ហិកតារឲ្យលុយ២០០ដុល្លារ។ អ្នកចាស់ទុំទាំង៣ភូមិមកចូលរួមប្រជុំ គេមិនព្រមទេ ព្រោះកន្លែងប្រវត្តិសាស្ត្រ ជនជាតិដើមភាគតិចដាច់ខាតគឺមិនឲ្យក្រុមហ៊ុនធ្វើ»។
ការសម្របសម្រួលមិនត្រូវគ្នានេះទើបពួកគេដាក់លិខិតនេះទៅសមាគមអាដហុកដើម្បីឲ្យជួយអន្តរាគមន៍បន្តទៀត។
អភិបាលស្រុកអូររាំង គឺលោក ស៊ីញ សុន បានអះអាងថា រឿងនេះធ្លាប់បានដោះស្រាយនៅមន្ទីរខេត្តម្តងរួចមកហើយកាលពីឆ្នាំកន្លងទៅ ប៉ុន្តែលោកថា ក្រុមហ៊ុនកូរ៉េនោះហាក់ដូចជាមិនគោរពការសន្យារបស់ខ្លួនក្នុងការសម្របសម្រួល ដោយហាក់ដូចជាផ្តាច់ការទាក់ទងជាមួយសហគមន៍ប្រជាពលរដ្ឋតែម្តង តែលោកថា នឹងមានគម្រោងឲ្យជួបជុំគ្នាម្តងទៀតនៅមន្ទីរស្រុក។
លោក ស៊ីញ សុន បានមានប្រសាសន៍ថា ៖ «នៅកន្លែងចំណុចនោះមានបញ្ហាទំនាស់របស់ប្រជាពលរដ្ឋយើង។ បើគាត់មិនរំកិលទៅមុខ ឬក៏មិនកាត់ មិនជម្រះចេញទេ អាហ្នឹងគឺក្រុមហ៊ុនហ្នឹងត្រូវផ្អាកដកជាបន្ទាន់តែម្ដង។ ឥឡូវខ្ញុំគិតថា ខ្ញុំរើឯកសារហ្នឹងឡើងវិញ ហើយខ្ញុំនឹងអញ្ជើញក្រុមហ៊ុនជាមួយនឹងសហគមន៍យើង។ សហការជាមួយខាងអង្គការភូមិខ្ញុំ ចាំខ្ញុំពិភាក្សាគ្នាខាងក្រោមសិន»។
មន្ត្រីស្ថានទូតមិនអាចទាក់ទងសុំការបំភ្លឺបានឡើយនៅថ្ងៃអាទិត្យនេះ ដោយទូរស័ព្ទរោទ៍ តែពុំមានអ្នកលើកទទួល។
ក្រុមហ៊ុន VISION ISLAND ត្រូវបានអភិបាលស្រុកឲ្យដឹងថា មិនទាន់ទទួលបានអាជ្ញាប័ណ្ណអភិវឌ្ឍន៍នៅឡើយទេ គឺកំពុងសិក្សា៕
