ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង​មក​ទស្សនកិច្ច​ប្រទេស​កម្ពុជា

លោក​ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង លី ម្យុងបាក់ (Lee Myung-bak) បាន​អញ្ជើញ​មក​ទស្សនកិច្ច​ជា​មិត្តភាព​និង​ផ្លូវការ​ប្រទេស​កម្ពុជា នៅ​ថ្ងៃ​ទី​២២ តុលា ដោយ​បាន​ចូល​គាល់​ព្រះ​មហាក្សត្រ​កម្ពុជា ព្រះបាទ នរោត្តម សីហមុនី និង​បាន​ចូលរួម​ក្នុង​ពិធី​ចុះ​ហត្ថលេខា​លើ​ឯកសារ​សហ​ប្រតិបត្តិការ​រវាង​កូរ៉េ​និង​កម្ពុជា​មួយចំនួន​ផង។

តាម​ទីភ្នាក់ងារ​សារព័ត៌មាន​បារាំង អេអេហ្វភី (AFP) បាន​ឲ្យ​ដឹង​ថា កិច្ច​ព្រមព្រៀង​នោះ​ទាក់ទង​ជាមួយ​ការ​ឲ្យ​កម្ពុជា​ខ្ចី​ប្រាក់​និង​កិច្ច​ព្រមព្រៀង​បត្យាប័ន។

មន្ត្រី​ជាន់ខ្ពស់​កម្ពុជា​បាន​ឲ្យ​ដឹង​ថា ការ​មក​ទស្សនកិច្ច​នេះ​នឹង​ជួយ​ពង្រឹង​ទំនាក់​ទំនង​សេដ្ឋកិច្ច​រវាង​ប្រទេស​ទាំង​ពីរ ហើយ​មាន​រយៈពេល​២​ថ្ងៃ។

ទីភ្នាក់ងារ​សារព័ត៌មាន​កូរ៉េ យុនហាប់ បាន​ឲ្យ​ដឹង​ថា ការ​វិនិយោគ​របស់​កូរ៉េ​ខាង​ត្បូង​មក​កម្ពុជា​បាន​កើន​ពី​៣០​លាន​ដុល្លារ​នៅ​ឆ្នាំ​១៩៩៧​មក​បច្ចុប្បន្ន​បាន​ដល់​២៥០០​លាន​ដុល្លារ។

លោក​ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង លី ម្យុងបាក់ មាន​គម្រោង​ទៅ​ទស្សនា​ប្រាសាទ​អង្គរវត្ត​មុន​ពេល​ចាកចេញ​ពី​ប្រទេស​កម្ពុជា​ទៅ​កាន់​ប្រទេស​ថៃ៕