ទស្សនកិច្ចជាលើកដំបូងនេះ គឺចាប់ពីថ្ងៃទី៧ ខែកញ្ញា រហូតដល់ថ្ងៃទី១០ ខែកញ្ញា តាមការអញ្ជើញដោយព្រះមហាក្សត្រខ្មែរ ព្រះបរមនាថ នរោត្តម សីហមុនី។ មន្ត្រីរដ្ឋាភិបាលប្រមាណ ៥០នាក់ និងរដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង លោក គង់ សំអុល បានបានទទួលស្វាគមន៍នៅឯអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។
មន្ត្រីអ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា លោក កុយ គួង បានមានប្រសាសន៍អត្ថាធិប្បាយអំពីសារសំខាន់នៃទស្សនកិច្ចនេះថា ៖ «គឺដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការទ្វេភាគី រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋស្លូវ៉ាក។ នេះជាដំណើរទស្សនកិច្ចលើកទី១ហើយ តាមការអញ្ជើញរបស់ព្រះករុណា ព្រះមហាក្សត្រកម្ពុជា»។
ប្រភពពីមន្ត្រីរដ្ឋាភិបាលកម្ពុជាបានឲ្យដឹងថា ពុំមានការចុះហត្ថលេខាណាមួយនោះទេ រវាងកម្ពុជា និងសាធារណរដ្ឋស្លូវ៉ាក នៅក្នុងអំឡុងពេលទស្សនកិច្ចនេះ។
កម្មវិធីទស្សនកិច្ចជាផ្លូវរដ្ឋរយៈពេល ៤ថ្ងៃរបស់លោក អ៊ីវ៉ាន ហ្កាស្ប៉ារ៉ូវ៉ិក នៅក្នុងប្រទេសកម្ពុជា លោកនឹងចូលគាល់ព្រះមហាក្សត្រ ព្រះបរមនាថ នរោត្តម សីហមុនី នៅថ្ងៃទី៩ ខែកញ្ញា នៅក្នុងព្រះបរមរាជវាំង។
នៅថ្ងៃទី៩ ខែកញ្ញានោះដែរ លោកក៏គ្រោងជួបពិភាក្សាជាមួយលោក ជា ស៊ីម ប្រធានព្រឹទ្ធសភា, លោក ហេង សំរិន ប្រធានសភាជាតិ និងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅឯប្រាសាទខេមរិន្ទ្រ ក្នុងព្រះបរមរាជវាំង។
ប្រធានាធិបតីសាធារណរដ្ឋស្លូវ៉ាក លោក អ៊ីវ៉ាន ហ្កាស្ប៉ារ៉ូវ៉ិក មានគម្រោងការទៅធ្វើទស្សនកិច្ចនៅក្នុងខេត្តសៀមរាប ដើម្បីទស្សនាប្រាសាទអង្គរវត្ត នៅថ្ងៃទី៩ ខែកញ្ញា។
ព្រះមហាក្សត្រខ្មែរ ព្រះបរមនាថ នរោត្តម សីហមុនី ធ្លាប់បានយាងទៅបំពេញទស្សនកិច្ចជាផ្លូវរដ្ឋ នៅក្នុងសាធារណរដ្ឋស្លូវ៉ាក់នោះដែរ កាលពីឆ្នាំ២០០៦កន្លងទៅ។
មន្ត្រីក្រសួងការបរទេសកម្ពុជាបានឲ្យដឹងថា ប្រទេសកម្ពុជា និងសាធារណរដ្ឋស្លូវ៉ាក ពុំមានស្ថានទូតនៅក្នុងប្រទេសទាំងពីរនោះទេ ប៉ុន្តែបានភ្ជាប់ទំនាក់ទំនងការទូតជាមួយគ្នាតាំងពីឆ្នាំ១៩៩៧មក៕
