ប្រធានាធិបតី​នៃ​សាធារណរដ្ឋ​ស្លូវ៉ាក​មក​ដល់​កម្ពុជា

ប្រធានាធិបតី​នៃ​សាធារណរដ្ឋ​ស្លូវ៉ាក (Slovak) លោក អ៊ីវ៉ាន ហ្កាស្ប៉ារ៉ូវ៉ិក (Ivan Gasparovic) និង​ប្រតិភូ​ជាន់​ខ្ពស់ បាន​មក​ដល់​ប្រទេស​កម្ពុជា​ហើយ តាម​ជើង​យន្តហោះ​ពិសេស នៅ​ល្ងាច​ថ្ងៃ​៧ កញ្ញា ដើម្បី​បំពេញ​ទស្សនកិច្ច​ជា​ផ្លូវ​រដ្ឋ រយៈពេល ៤​ថ្ងៃ ដើម្បី​រឹត​ចំណង​មិត្តភាព​រវាង​ប្រទេស​ទាំង​ពីរ។

ទស្សនកិច្ច​ជា​លើក​ដំបូង​នេះ គឺ​ចាប់​ពី​ថ្ងៃ​ទី​៧ ខែ​កញ្ញា រហូត​ដល់​ថ្ងៃ​ទី​១០ ខែ​កញ្ញា តាម​ការ​អញ្ជើញ​ដោយ​ព្រះ​មហាក្សត្រ​ខ្មែរ ព្រះ​បរមនាថ នរោត្តម សីហមុនី។ មន្ត្រី​រដ្ឋាភិបាល​ប្រមាណ ៥០​នាក់ និង​រដ្ឋមន្ត្រី​ក្រសួង​ព្រះ​បរម​រាជវាំង លោក គង់ សំអុល បាន​បាន​ទទួល​ស្វាគមន៍​នៅ​ឯ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ។

មន្ត្រី​អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​កម្ពុជា លោក កុយ គួង បាន​មាន​ប្រសាសន៍​អត្ថាធិប្បាយ​អំពី​សារ​សំខាន់​នៃ​ទស្សនកិច្ច​នេះ​ថា ៖ «គឺ​ដើម្បី​ពង្រឹង​ចំណង​មិត្តភាព និង​កិច្ច​សហប្រតិបត្តិការ​ទ្វេ​ភាគី រវាង​ព្រះ​រាជាណាចក្រ​កម្ពុជា និង​សាធារណរដ្ឋ​ស្លូវ៉ាក។ នេះ​ជា​ដំណើរ​ទស្សនកិច្ច​លើក​ទី​១​ហើយ តាម​ការ​អញ្ជើញ​របស់​ព្រះ​ករុណា ព្រះ​មហាក្សត្រ​កម្ពុជា»។

ប្រភព​ពី​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា​បាន​ឲ្យ​ដឹង​ថា ពុំ​មាន​ការ​ចុះ​ហត្ថលេខា​ណា​មួយ​នោះ​ទេ រវាង​កម្ពុជា និង​សាធារណ​រដ្ឋ​ស្លូវ៉ាក នៅ​ក្នុង​អំឡុង​ពេល​ទស្សនកិច្ច​នេះ។

កម្មវិធី​ទស្សនកិច្ច​ជា​ផ្លូវ​រដ្ឋ​រយៈពេល ៤​ថ្ងៃ​របស់​លោក អ៊ីវ៉ាន ហ្កាស្ប៉ារ៉ូវ៉ិក នៅ​ក្នុង​ប្រទេស​កម្ពុជា លោក​នឹង​ចូល​គាល់​ព្រះ​មហាក្សត្រ ព្រះ​បរមនាថ នរោត្តម សីហមុនី នៅ​ថ្ងៃ​ទី​៩ ខែ​កញ្ញា នៅ​ក្នុង​ព្រះ​បរម​រាជវាំង។

នៅ​ថ្ងៃ​ទី​៩ ខែ​កញ្ញា​នោះ​ដែរ លោក​ក៏​គ្រោង​ជួប​ពិភាក្សា​ជាមួយ​លោក ជា ស៊ីម ប្រធាន​ព្រឹទ្ធ​សភា, លោក ហេង សំរិន ប្រធាន​សភា​ជាតិ និង​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ឯ​ប្រាសាទ​ខេមរិន្ទ្រ ក្នុង​ព្រះ​បរម​រាជវាំង។

ប្រធានាធិបតី​សាធារណ​រដ្ឋ​ស្លូវ៉ាក លោក អ៊ីវ៉ាន ហ្កាស្ប៉ារ៉ូវ៉ិក មាន​គម្រោងការ​ទៅ​ធ្វើ​ទស្សនកិច្ច​នៅ​ក្នុង​ខេត្ត​សៀមរាប ដើម្បី​ទស្សនា​ប្រាសាទ​អង្គរវត្ត នៅ​ថ្ងៃ​ទី​៩ ខែ​កញ្ញា។

ព្រះ​មហាក្សត្រ​ខ្មែរ ព្រះ​បរមនាថ នរោត្តម សីហមុនី ធ្លាប់​បាន​យាង​ទៅ​បំពេញ​ទស្សនកិច្ច​ជា​ផ្លូវ​រដ្ឋ នៅ​ក្នុង​សាធារណ​រដ្ឋ​ស្លូវ៉ាក់​នោះ​ដែរ កាល​ពី​ឆ្នាំ​២០០៦​កន្លង​ទៅ។

មន្ត្រី​ក្រសួង​ការបរទេស​កម្ពុជា​បាន​ឲ្យ​ដឹង​ថា ប្រទេស​កម្ពុជា និង​សាធារណ​រដ្ឋ​ស្លូវ៉ាក ពុំ​មាន​ស្ថានទូត​នៅ​ក្នុង​ប្រទេស​ទាំង​ពីរ​នោះ​ទេ ប៉ុន្តែ​បាន​ភ្ជាប់​ទំនាក់​ទំនង​ការទូត​ជាមួយ​គ្នា​តាំង​ពី​ឆ្នាំ​១៩៩៧​មក៕