បណ្ដឹង មូរ សុខហួរ ប្ដឹង​នាយក​រដ្ឋមន្ត្រី​ត្រូវ​តុលាការ​តម្កល់​ទុក​ឥត​ចាត់​ការ

អ្នក​តំណាងរាស្រ្ត​គណបក្ស​ប្រឆាំង គឺ​លោកស្រី មូរ សុខហួរ បាន​មាន​ប្រសាសន៍​ថា ការ​សម្រេច​របស់​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​មិន​ចាត់​ការ​រឿង​ក្តី​របស់​លោកស្រី​ដែល​ប្តឹង​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន ពី​បទ​បរិហារ​កេរ្តិ៍​នោះ គឺ​ជា​រឿង​ដ៏​អាក្រក់ ប៉ុន្តែ​មិន​ទាន់​មាន​ការ​បញ្ជាក់​ច្បាស់​លាស់​ទេ​ថា តើ​នឹង​ធ្វើការ​ប្តឹង​ឧទ្ធរណ៍​រឿង​នេះ​ឬ​ក៏​អត់​នោះ​ទេ។

0:00 / 0:00

លោកស្រី មូរ សុខហួរ បាន​មាន​ប្រសាសន៍​តាម​ទូរស័ព្ទ​ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា ការ​តម្កល់​រឿង​របស់​តុលាការ​នេះ គឺ​អាច​ធ្វើ​ឡើង​ដោយ​មិន​មាន​ឯករាជ​ភាព​ឡើយ ៖ «ខ្ញុំ​ក៏​កត់​សម្គាល់​មួយ គឺ​ថា ម្សិល​មិញ តុលាការ​ទើប​តែ​បាន​ធ្វើការ​សម្ភាស​សួរ​ទៅ​សម្ដេច​នាយក ហើយ​ខ្ញុំ​ចង់​សួរ​ថា​តើ​តុលាការ​មាន​ការ​ស៊ើប​អង្កេត​របៀប​ណា មាន​សាក្សី​ឬ​ទេ​។ល។ នេះ​ត្រូវ​តែ​បង្ហាញ​ឲ្យ​ឃើញ​ទាំង​អស់ មុន​នឹង​ច្រាន​ចោល​នូវ​ករណី​នេះ»

នៅ​ព្រឹក​ថ្ងៃ​ពុធ ទី​១០ មិថុនា​នេះ លោក ហ៊ឹង ប៊ុនជា ព្រះ​រាជ​អាជ្ញា​រង​នៃ​អយ្យកា​អម​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ បាន​ចេញ​លិខិត​ជូន​ដំណឹង​មួយ​ដល់​មេធាវី​របស់​លោកស្រី មូរ សុខហួរ ដោយ​បញ្ជាក់​ថា ពាក្យ​បណ្តឹង​ចុះ​ថ្ងៃ​ទី​២៧ ខែ​មេសា ឆ្នាំ​២០០៩ ដែល​ប្តឹង​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន ពី​បទ​បរិហារ​កេរ្តិ៍​និង​ជេរ​ប្រមាថ​នោះ​គឺ​សម្រេច​តម្កល់​សំណុំ​រឿង​ទុក​ឥត​ចាត់​ការ។

មិន​អាច​ទាក់ទង​ព្រះ​រាជ​អាជ្ញា​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​ដើម្បី​ពន្យល់​ពី​មូលហេតុ​ដែល​តម្កល់​រឿង​ក្តី​មិន​ចាត់​ការ​ចំពោះ​ពាក្យ​បណ្តឹង​ប្តឹង​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន នៅ​ថ្ងៃ​នេះ​បាន​ទេ។

លោក គង់ សំអុន មេធាវី​របស់​លោកស្រី មូរ សុខហួរ បាន​មាន​ប្រសាសន៍​ថា តាម​នីតិ​វិធី​គឺ​នឹង​អាច​ធ្វើការ​ប្តឹង​ឧទ្ធរណ៍​ចំពោះ​ករណី​នេះ ប៉ុន្តែ​នៅ​មិន​ទាន់​មាន​ការ​សម្រច​យ៉ាង​ណា​ទេ។

រីឯ​លោក គី តិច មេធាវី​របស់​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន វិញ បាន​មាន​ប្រសាសន៍​ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា ពាក្យ​បណ្តឹង​របស់​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន ប្តឹង​លោកស្រី មូរ សុខហួរ ពី​បទ​បរិហារ​កេរ្តិ៍​នោះ​វិញ គឺ​មិន​ឈប់​ដូច្នេះ​ទេ ៖ «រឿង​សម្ដេច​ប្ដឹង​ជំទាវ មូរ សុខហួរ កំពុង​តែ​ចាត់ការ​ត​ទៅ​មុខ។ អត់​ទាន់​មាន​លទ្ធផល​យ៉ាង​ម៉េច​ទេ ព្រោះ​តុលាការ​កំពុង​ដំណើរការ​នីតិ​វិធី»

លោក នី ចរិយា ប្រធាន​ផ្នែក​ស៊ើប​អង្កេត​នៃ​សមាគម​សិទ្ធិ​មនុស្ស​ឈ្មោះ អាដហុក បាន​មាន​ប្រសាសន៍​ចំពោះ​ករណី​នេះ​ថា ៖ «ហ្នឹង​ហើយ​ដែល​ជា​បញ្ហា​ធ្វើ​ឲ្យ​មាន​ការ​មើល​ទៅ ឬ​ក៏​គេ​មើល​ទៅ​ឃើញ​ថា មាន​លក្ខណៈ​មិន​ទាន់​ឯករាជ​នៅ​ឡើយ​ក្នុង​ការ​ចាត់​វិធានការ​របស់​តុលាការ»

គួរ​បញ្ជាក់​ថា លោកស្រី មូរ សុខហួរ បាន​ប្តឹង​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ពី​បទ​បរិហារ​កេរ្តិ៍ បន្ទាប់​ពី​លោក​នាយក​រដ្ឋមន្ត្រី​បាន​មាន​ប្រសាសន៍​នៅ​ឯ​ខេត្ត​កំពត កាល​ពី​ខែ​មេសា ដោយ​ចំហ ដែល​ថា «មាន​ស្រ្តី​ជើង​ខ្លាំង​ម្នាក់​ពូកែ​រក​រឿង​គេ គឺ​រត់​ទៅ​ឱប​គេ​សោះ ថា​គេ​ប្រឡេះ​ឡេវ​អាវ»។

នៅ​ពេល​ជាមួយ​គ្នា​នេះ​ដែរ លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន ក៏​បាន​ប្តឹង​លោកស្រី មូរ សុខហួរ ពី​បទ​បរិហារ​កេរ្តិ៍​វិញ ក្រោយ​ពេល​ដែល​លោកស្រី​និង​មេធាវី​បាន​ធ្វើ​សន្និសីទ​កាសែត​មួយ​ដោយ​ចោទ​ប្រកាន់​ពី​កំហុស​របស់​លោក មុន​ការ​ដាក់​ពាក្យ​បណ្តឹង​ទៅ​តុលាការ​នោះ៕