មន្រ្តីយោធាដែលរងការចោទប្រកាន់នោះបានពន្យល់ថា លោកមិនបានដកឬព្យួរការងារនោះទេ ដោយសារតែកម្លាំងយោធារូបនោះបានដើរចោលការងារជាច្រើនឆ្នាំដោយគ្មានមូលហេតុ។
មន្រ្តីយោធាដែលសុំមិនបញ្ចេញឈ្មោះបានប្រាប់វិទ្យុអាស៊ីសេរីថា កាលពីពេលថ្មីៗនេះលោកបានចាប់ឃាត់ខ្លួនជនជាតិលាវចំនួន៥នាក់សាកសួរចម្លើយ និងបានបាញ់ព្រមានចំពោះក្រុមផ្សេងទៀតមិនឲ្យកាប់ឈើខុសច្បាប់នៅទីនោះ ប៉ុន្តែលោកបានរងការព្យួរការងារទៅវិញ។
មន្ត្រីយោធាដដែលបានបញ្ជាក់ថា ៖ «ខ្ញុំប្រើប្រាស់របស់ដែលជារបស់តួនាទីជានាយរង ដូចជាតេអូ ឯកសារ អាវុធអីៗនៅក្នុងប៉ុស្តិ៍ហ្នឹង អត់ឲ្យយើងប្រើប្រាស់បានទេ។ គាត់ទៅប្រជុំជាមួយកូនចៅហ្នឹង គាត់ថាកុំឲ្យស្ដាប់បញ្ជារបស់ខ្ញុំ ថាគាត់មេបញ្ជាការអីបញ្ឈរជើង»។
សុខ សេរី ៖ ការដែលបញ្ឈរជើងហ្នឹងក្នុងខែណា? មន្ត្រីយោធា ៖ ក្នុងខែ១០។
លោក ស៊ុន បាន ជាមេបញ្ជាការនៃវរ៧០១នៅក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកថាទ្បាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ដែលរងការចោទប្រកាន់ខាងលើនេះ បានមានប្រសាសន៍បំភ្លឺថា កម្លាំងយោធារូបនោះបានដើរចេញពីការងារចំនួន២ឆ្នាំមកហើយដោយគ្មានមូលហេតុ និងមានការបាញ់គំរាមទៅលើអ្នកកាប់ឈើដោយមិនបានណែនាំជាមុន។
លោក ស៊ុន បាន មានប្រសាសន៍ថា ៖ «អត់ទេ មិនមែនខ្ញុំដកទេ គ្រាន់តែថាអ៊ីចេះ កន្លងមកហ្នឹងគាត់អវត្តមានពីការងារមួយរយៈ ប៉ុន្មានឆ្នាំហើយ។ អវត្តមានប៉ុន្មានឆ្នាំអ៊ីចឹង ដល់ពេលចូលធ្វើការវិញមានបញ្ហាបន្តិចបន្តួច ខ្ញុំអញ្ជើញគាត់មកនៅជាជំនួយការខ្ញុំនៅទីបញ្ជាការវរ។ មានបញ្ហាគាត់បានធ្វើអំពើបាញ់បោះអី បង្កចលាចលពេញហ្នឹង ដល់អ៊ីចឹងខ្ញុំអញ្ជើញគាត់មក មិនមែនខ្ញុំថាដកគាត់ទេ»។
លោក វ៉ា គឹមហុង ប្រធានគណៈកម្មការដោះស្រាយវិវាទព្រំដែនកម្ពុជា និងជាមន្រ្តីជំនាញព្រំដែន បានមានប្រសាសន៍ថា ប្រទេសកម្ពុជានិងលាវមានព្រំដែនជាប់គ្នាប្រវែងសរុបជាង៥០០គីឡូម៉ែត្រ មានតំបន់ខ្លះត្រូវបានដោះស្រាយរួចហើយ និងមានតំបន់ខ្លះទៀតរង់ចាំការដោះស្រាយជាបន្តទៀត។
លោក វ៉ា គឹមហុង បានថ្លែងថា ៖ «មិនទាន់បញ្ចប់ទេ យើងនៅមានបញ្ហាត្រូវដោះស្រាយច្រើនទៀត តាមផ្លូវទឹកនិងតាមផ្លូវគោក នៅច្រើនកន្លែង»។
សុខ សេរី ៖ បង្គោលឡាក់៩៩ ឮថាមានបញ្ហាកាប់ឈើកាប់អីពីជនជាតិលាវ? វ៉ា គឹមហុង ៖ ទេ ខ្ញុំដូចអត់មានរបាយការណ៍អ៊ីចឹងផង។
សុខ សេរី ៖ អ៊ីចឹងលោកនឹងពិនិត្យមើលទេបញ្ហាមានការកាប់ឈើនៅតំបន់ស? វ៉ា គឹមហុង ៖ អត់មានតំបន់សទេ... បោះបង្គោលគឺបោះបង្គោលហើយ! កន្លែងណាដែលមិនទាន់បោះបង្គោល យើងមិនត្រូវរ៉ូវគ្នា យើងនៅបន្តការចរចាទៅទៀត។
ប្រភពពីអតីតនាយរងប៉ុស្តិ៍រដ្ឋបាលព្រំដែនកម្ពុជានិងលាវបានឲ្យដឹងថា កន្លងមកក្នុងដែនគ្រប់គ្រងរបស់លោកប្រវែង៥៨គីឡូម៉ែត្រ គឺត្រង់ចំណុចបង្គោលលេខ៩៩ជាតំបន់ស គឺមានបញ្ហាជាច្រើនដូចជាជនជាតិលាវបានចូលមករុករករ៉ែ និងថ្មីៗនេះគេបានចូលមកកាប់ឈើប្រណីតខុសច្បាប់ជាក្រុមៗរវាងពី៤ទៅ៥នាក់៕
