ទាហាន​ម្នាក់​រង​របួស​ធ្ងន់​ដោយសារ​មេ​បញ្ជាការ​វាយ​ដំ

មេ​បញ្ជាការ​រង​គ៣​នៃ​វរសេនា​តូច​លេខ​៥៣៣ បាន​រង​ការ​ចោទ​ថា​បាន​ប្រើ​អំពើ​ហិង្សា វាយ​ដំ ទាត់​ធាក់​កូន​ទាហាន​របស់​ខ្លួន​ម្នាក់​បណ្តាល​ឲ្យ​របួស​ក្បាល​សន្លប់​ធ្ងន់ធ្ងរ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរ​ពេទ្យ​ដោយសារ​តែ​ការ​ត​ពាក្យ​សម្ដី​ធំ​តូច​ក្នុង​រឿង​សុំ​បើក​ប្រាក់​ខែ។

0:00 / 0:00

លោក​ស្រី សុន សំអាត រស់​នៅ​ភូមិ​ដំណាក់ដង្កោ ឃុំ​ក្តុលតាហែន ត្រូវ​ជា​ប្រពន្ធ​ជន​រងគ្រោះ​បាន​ចោទ​ថា កាល​ពី​ថ្ងៃ​ទី​១ ខែ​វិច្ឆិកា វេលា​ម៉ោង​៦:៣០​នាទី​ល្ងាច លោក ស៊ីម ប៊ុនជឿន មេ​បញ្ជាការ​រង​គ​៣​នៃ​វរសេនា​តូច​៥៣៣ នៅ​ស្រុក​ភ្នំព្រឹក ខេត្ត​បាត់ដំបង បាន​វាយ​ក្បាល​ប្តី​លោកស្រី​បណ្តាល​ឲ្យ​របួស​ធ្ងន់។

លោក​ស្រី​បញ្ជាក់​ថា ប្តី​គាត់​គ្រាន់តែ​ត​ពាក្យ​សម្ដី​ក្នុង​រឿង​សុំ​បើក​ប្រាក់​ខែ​និង​ការ​សុំ​ដូរ​មនុស្ស​មក​ជំនួស​វេន​យាម​ប៉ុណ្ណោះ។

លោក​ស្រី សុន សំអាត បាន​ឲ្យ​ដឹង​ថា ៖ «គាត់​(ប្ដី)​ថា បើ​សិន​ជា​ថ្ងៃ​ទី​១០​ហ្នឹង​ខ្ញុំ​អត់​បាន​មក​ទេ ប្រពន្ធ​ខ្ញុំ​ឈឺ ឥឡូវ​ខ្ញុំ​សុំ​បង​សួរ​ឈ្មោះ​គេ​ដាក់​ប្រចាំការ​ជំនួស បាន​ដែរ​ឬ​អត់? រួច​ទៅ ស៊ីម ប៊ុនជឿន ឆ្លើយ​មក​គាត់​វិញ​ថា អ្ហែង​ប្រយ័ត្ន​អញ​ដក​ឈ្មោះ​ចេញ! គាត់​ថា​អ្ហែង​អាង​អី? ប្តី​ខ្ញុំ​ថា ខ្ញុំ​ធ្វើ​ទាហាន​យូរ​ណាស់​ហើយ ខ្ញុំ​អត់​ដែល​អាង​អ្នក​ណា​ទេ! ប្តី​ខ្ញុំ​ក៏​ក្រោក​ដើរ​ចេញ​មក​វិញ​មក គេ​ដើរ​តាម​ពី​ក្រោយ​មក គេ​វ៉ៃ​បណ្តោយ​ហ្នឹង»

លោក ស៊ីម ប៊ុនជឿន មេ​បញ្ជាការ​រង​គ​៣​នៃ​វរសេនា​តូច​៥៣៣ មិន​អាច​ទាក់ទង​សុំ​ការ​បំភ្លឺ​ជុំវិញ​រឿង​នេះ​បាន​ទេ។ ប៉ុន្តែ​លោក សេះ ស ហៅ តាម៉ៅ ជា​មេ​បញ្ជាការ​នោះ​បាន​ថ្លែង​ថា ៖ «អា​នោះ​វា​មិន​សូវ​ចូល ដល់​ពេល​ណែនាំ​ទៅ​វា​ចេះ​តែ​ត​មាត់។ វ៉ៃ​ហើយ​ចុង​ក្រោយ​វា​ថា សងសឹក​ទេ? សងសឹក អា​នោះ​ថែម​បី​ដៃ​ទៀត»

លោក យិន ម៉េងលី មន្ត្រី​ស៊ើប​អង្កេត​សមាគម​អាដហុក​បាន​ថ្លែង​ថា ការ​តវ៉ា​របស់​លោក ឃិន សង គឺ​ជា​ការ​តវ៉ា​ត្រឹមត្រូវ។

លោក យិន ម៉េងលី បាន​បញ្ជាក់​ថា ៖ «បទបញ្ជា​ឬ​វិន័យ​របស់​កង​យោធពល​ខេមរ​ភូមិន្ទ​មិន​មែន​វ៉ៃ​របៀប​នេះ​ទេ អ៊ីចឹង​អ្នក​ដែល​ប្រព្រឹត្ត​ត្រូវតែ​សង​នូវ​សំណង និង​ត្រូវតែ​ធ្វើការ​ផ្តន្ទា​ទោស​តាម​ផ្លូវ​ច្បាប់»

លោក ឃិន សង មាន​ឋានៈ​ជា​ពលបាល​ឯក​នៃ​អង្គភាព​ខាង​លើ កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​យោធ​ភូមិភាគ​៥។ ក្រោយ​ពី​បញ្ជូន​ចេញ​មក​ពី​មន្ទីរ​ពេទ្យ​បង្អែក​ស្រុក​បវេល លោក​បាន​បញ្ជាក់​ថា លោក​មាន​អាការៈ​ឈឺ​ក្បាល ស្រវាំង​ភ្នែក​មើល​មិន​ឃើញ៖ «វ៉ៃ​ដៃ​ឡើង​បែក​អំពិល​អំពែក សន្លប់​រួច​ហើយ​កាច់​ក​ទៀត...»

ភរិយា​លោក ឃិន សង បាន​ថ្លែង​ថា មេ​បញ្ជាការ​យោធា​ចំណុះ​ឲ្យ​យោធ​ភូមិភាគ​៥ បាន​ប្រាប់​លោក​ ស្រី​កុំ​ឲ្យ​ផ្សព្វផ្សាយ​រឿង​ខាង​លើ​នេះ​ជា​សាធារណៈ បើ​ពុំ​ដូច្នេះ​ទេ​គេ​នឹង​ដក​លុយ​៦០​ម៉ឺន​រៀល​និង​អង្ករ​បី​ការ៉ុង ដែល​ក្រុម​មេ​បញ្ជាការ​យោធា​បាន​ប្រគល់​ឲ្យ​នោះ​យក​ទៅ​វិញ។

លោក យិន ម៉េងលី បាន​ថ្លែង​ថា សមាគម​អាដហុក​នឹង​បើក​ការ​ស៊ើប​អង្កេត​ជួយ​គ្រួសារ​ជន​រង​គ្រោះ​ដាក់​ពាក្យ​បណ្តឹង​ទៅ​លោក ប៊ុន សេង មេ​បញ្ជាការ​យោធ​ភូមិភាគ​៥ នៅ​ថ្ងៃ​ទី​១០ ខែ​វិច្ឆិកា ទាមទារ​ឲ្យ​មាន​ការ​ចាត់ការ​តាម​ផ្លូវ​ច្បាប់​ចំពោះ​លោក ស៊ីម ប៊ុនជឿន មាន​ឋានៈ​ជា​មេ​បញ្ជាការ​រង និង​ផ្តល់​យុត្តិធម៌​ឲ្យ​ជន​រង​គ្រោះ៕