ប្រតិកម្មនេះបានកើតមានឡើង កាលពីថ្ងៃទី១៨ សីហា បន្ទាប់ពីមេឃុំ ឃួន ឃឿន បានទទួលការរៀបរាប់ផ្ទាល់មាត់ពីបុរសរងគ្រោះ ឈ្មោះ អៀន ថន ដែលចោទថា មន្រ្តីយោធាការពារឲ្យក្រុមហ៊ុន កាស៊ីទីម បានបាញ់គំរាមនិងប្រើអំពើហិង្សាមកលើខ្លួនផ្ទាល់។
លោក ឃួន ឃឿន មានប្រសាសន៍ដូច្នេះថា ៖ «តាមច្បាប់ ប្រើអាវុធ គឺខុសឆ្គង។ ជនល្មើសមានកំហុសឆ្គងប៉ុន្មាន ដាក់ទោសតាមហ្នុងទៅ បើថាគ្មានការផ្តន្ទាទោសទេ ប្រជាពលរដ្ឋអត់គាំទ្រទេ...។ ចង់ឲ្យផ្សព្វផ្សាយឲ្យបានឮ ដើម្បីឲ្យប្រជាពលរដ្ឋទូទាំងប្រទេសបានស្ដាប់ផង»។
អៀន ថន អាយុ ៤២ឆ្នាំ បានផ្ដល់សម្ភាសន៍ នៅល្ងាចថ្ងៃទី១៧ សីហា ថា ប្រមាណជាម៉ោង ៤រសៀល ខ្លួនក៏នឹកឃើញចង់ទៅហៅមិត្តភក្ដិម្នាក់ ឈ្មោះ តារា ជាទាហានការពារព្រៃឈើរបស់ក្រុមកាស៊ីទីម ដើម្បីមកចូលរួមផឹកស៊ីជាមួយ ប៉ុន្តែទៅដល់ត្រូវបានក្រុមទាហានដទៃទៀត រារាំងមិនឲ្យជួប ហើយអះអាងថា មិននៅ។ តែ អៀន ថន ឃើញច្បាស់ថា មិត្តភក្ដិរបស់ខ្លួន កំពុងតែដេកលក់ ហើយនៅតែចង់ជួប រួចក៏ត្រូវទាហាននោះ គំរាមបណ្ដេញចេញ ហើយក៏បាញ់និងវាយតែម្ដង។
លោក អៀន ថន រៀបរាប់ដូច្នេះថា ៖ «គេបាញ់ខ្ញុំ ហើយវ៉ៃខ្ញុំ ២ស្វ័យកាំភ្លើង។ ខ្ញុំចំណាំមុខ ប៉ុន្តែអត់ស្គាល់ឈ្មោះ។ គេទាញកាំភ្លើងមក គេបាញ់នៅមុខខ្ញុំហ្នឹងផូង អត់បាញ់ត្រូវទេ គ្រាន់តែបាញ់គំរាម បាញ់សម្លុតទេ...»។
លោក អៀន ថន បានអះអាងថា លោកមិនបានប្ដឹងផ្ដល់ទេ ប៉ុន្តែ សមត្ថកិច្ចប៉ូលិសបានឮសូរកាំភ្លើង ហើយក៏ចុះទៅធ្វើការស៊ើបអង្កេត។
ប៉ូលិសប៉ុស្តិ៍រដ្ឋាភិបាលឃុំកំពង់ដំរី ក៏បានឲ្យដឹងដែរថា ប្រមាណជាម៉ោង ៤រសៀល ក្រោយពីឮសូរគ្រាប់កាំភ្លើង លោកក៏ទៅដល់កន្លែងកើតហេតុ ដែលនៅទីនោះ លោកឃើញក្រុមទាហានការពារក្រុមហ៊ុនកាស៊ីទីម ស្រវឹងជោកជាំ និយាយស្ដាប់គ្នាលែងបាន។ ប៉ុន្តែលោកបញ្ជាក់ថា មានការបាញ់មែន ៖ «ការបាញ់ហ្នឹង ខ្ញុំបញ្ជាក់ហើយបញ្ជាក់ទៀតថា ពិតជាបាញ់។ មិនមែនជារឿងចាប់កាំបិត ចាប់ពូថៅទេ រឿងពីម្សិលម្ង៉ៃ។ ហើយរឿងនេះ ជារឿងល្ងាចមិញ ម៉ោង ៤ហ្នឹង»។
មានការអះអាងក្រៅផ្លូវការថា ក្រុមទាហានការពារឲ្យក្រុមហ៊ុនកាស៊ីទីម បានបាញ់ឡើងលើមួយគ្រាប់ នៅពេលដែលអ្នកស្រុកប៉ងសម្រុកចូលទៅយកកាំបិត ពូថៅ ដែលក្រុមទាហានទាំងនោះ បានចាប់រឹបអូសយកពីអ្នកស្រុក ដែលប៉ុនប៉ងកាប់ឆ្ការព្រៃយកដី។
ប៉ុន្តែប្រធានប៉ុស្តិ៍និងតំណាងសហគមន៍នៅទីនោះ បានអះអាងថា មុនថ្ងៃកើតហេតុមួយថ្ងៃ ក្រុមទាហានការពារទាំងនោះ បានចាប់រឹបអូសកាំបិត ពូថៅ ពីអ្នកស្រុកប្រមាណ ៤០ រួមទាំងសត្វស្វា ៤ក្បាលផង តែរឿងបាញ់នេះ ពាក់ព័ន្ធតែនឹងប្រជាពលរដ្ឋ ៣នាក់ ទៅបបួលទាហានការពារដែលស្គាល់គ្នា មកហូបស្រាជាមួយតែប៉ុណ្ណោះ៕
