តាមសេចក្តីរាយការណ៍ពីកងទាហានខ្មែរនៅតំបន់ជម្លោះព្រំដែនឲ្យដឹងថា ការប្រឈមមុខដាក់គ្នាដ៏តានតឹងរវាងទាហានខ្មែរនិងថៃ បម្រុងនឹងផ្ទុះអាវុធបានកើតឡើងនៅលើខ្នងភ្នំចាក់ច្រែងនៅភាគខាងជើងឈៀងខាងលិចចម្ងាយប្រមាណ ១៧គីឡូម៉ែត្រពីប្រាសាទព្រះវិហារ។
ទាហានខ្មែរឈរយាមនៅក្បែរដើមឈើក្រោយពេលឮសំឡេងផ្ទុះគ្រាប់មីននៅតំបន់ភ្នំទ្រព្យក្បែរប្រាសាទព្រះវិហារនាថ្ងៃទី៦ តុលា ២០០៨។
កងទាហានខ្មែរមួយរូបសុំមិនបញ្ចេញឈ្មោះដែលកំពុងការពារព្រំដែននៅចាក់ច្រែងបានមានប្រសាសន៍កាលពីព្រឹកថ្ងៃពុធ ទី១ ខែកក្កដា ថា ថៃបានបញ្ជូនទាហានប៉ារ៉ាតាមរថយន្តជាច្រើននាក់មកតំបន់ភ្នំចាក់ច្រែងកាលពីព្រឹកព្រលឹមដែលប៉ុនប៉ងវាយប្រហារមកលើកងទ័ពខ្មែរទីនោះ ប៉ុន្តែត្រូវដកថយទៅវិញនៅពេលដែលទាហានខ្មែរដឹងស្ថានការណ៍និងបានត្រៀមខ្លួនប្រយុទ្ធតបវិញនោះ។
ទាហានខ្មែរដដែលបានអះអាងទៀតថា កាលពីព្រឹកថ្ងៃពុធដែរ យន្តហោះយោធាថៃបានបើកក្រវែលជិតៗព្រំដែនជាច្រើនជុំ ៖ «ព្រឹកមិញហ្នឹង វាច្របូកច្របល់ វាដាក់កម្លាំងបន្ថែមប្រុងតែវ៉ៃហើយ ដល់អ៊ីចឹងទៅ យើងត្រៀមដែរ ឃើញយើងត្រៀបត្រា វាគេចទៅវិញ»។
ចំណែកនៅតំបន់ជម្លោះព្រំដែនទល់មុខប្រាសាទព្រះវិហារ កងទាហានខ្មែរបានអះអាងថា តាំងពីព្រឹកថ្ងៃពុធ មេបញ្ជាការយោធាខ្មែរបានបញ្ជាឲ្យកងកម្លាំងទាំងអស់ប្រុងប្រយ័ត្ននៅតាមខ្សែត្រៀមដោយមិនអនុញ្ញាតឲ្យដើរចេញពីកន្លែងរហេតរហូតនិងនៅជុំៗគ្នាទេ។
កងយោធាខ្មែរបានឲ្យដឹងទៀតថា កាលពីព្រឹកមិញ ខណៈដែលតំបន់ចាក់ច្រែងមានសភាពតានតឹង គេបានឃើញយន្តហោះយោធាថៃបានហោះក្រវែលជិតៗតំបន់ជម្លោះ តែមិនហ៊ានចូលមកព្រំដែនខ្មែរទេ ៖ «L19 ហោះពីខាងលិចទៅកើតវិលចុះវិលឡើង ២-៣លើក ប៉ុន្តែវាហោះខ្ពស់ៗអត់ទាបដូចមុនទេ ដល់ហើយទៅវាបត់ចូលដីវាវិញទៅ»។
ទោះយ៉ាងណាមិនអាចទំនាក់ទំនងមន្ត្រីយោធាថៃប្រចាំខេត្តស៊ីសាកេតដើម្បីបំភ្លឺជុំវិញបញ្ហានោះបានទេ។
មេបញ្ជាការយោធាខ្មែរនៃកងពលធំអន្តរាគមន៍លេខ៣ ដែលគ្រប់គ្រងយោធាខ្មែរនៅតំបន់ជម្លោះជិតប្រាសាទព្រះវិហារលោកឧត្តមសេនីយ៍ទោ ស្រី ឌឹក បានមានប្រសាសន៍ថា ស្ថានការណ៍យោធានៅទីនោះមិនមានអ្វីកើតឡើងទេ ដោយសារតែតាំងពីព្រឹកថ្ងៃពុធមន្ត្រីយោធភូមិភាគទី៤ របស់ខ្មែរនិងយោធភូមិភាគទី២ របស់ថៃ កំពុងជួបប្រជុំជាមួយគ្នានៅច្រកអូរស្មាច់ដើម្បីប្រឹងប្រែងបន្ធូរបន្ថយភាពតានតឹងផ្នែកយោធានៅឡើយ។
លោក ស្រី ឌឹក ថ្លែងដូច្នេះថា ៖ «ដោះស្រាយការងារថ្នាក់ភូមិភាគនិងភូមិភាគ លទ្ធផលល្អ អត់អីទេ»។
កាលពីថ្ងៃអង្គារ នាយករដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាលកម្ពុជាលោក ហ៊ុន សែន បានព្រមានចំពោះការហោះហើររបស់យោធាថៃធ្វើយ៉ាងណាកុំឲ្យជ្រុលចូលមកក្នុងទឹកដីខ្មែរ ៖ «ខ្ញុំប្រាប់ត្រង់ៗ រដ្ឋមន្រ្តីការពារជាតិនិងឧបនាយករដ្ឋមន្រ្តីថៃ ខ្ញុំថា ឯកឧត្ដមប្រយ័ត្នរឿងបញ្ហាយន្តហោះ កុំឲ្យគេជ្រុលចង្កូតចូលក្នុងដីខ្មែរ។ មុននេះខ្ញុំបំផ្លាញ ២៧០ដើម ប៉ុន្តែឥឡូវនេះ ខ្ញុំបំពាក់ឡើងវិញ ហើយដែលទំនើបលើសមុនច្រើនដង។ ហើយខ្ញុំមិនអាចបញ្ជាពួកកេះកៃបានទេ អ៊ីចឹងសូមឲ្យប្រយ័ត្នប្រយែង មើលផែនទីឲ្យច្បាស់ ហោះហើរខាងណោះទៅ កុំមកហោះចូលខាងណេះ ខ្ញុំប្រាប់ត្រង់ៗតែម្ដង»។
តាមកងយោធាខ្មែរឲ្យដឹងថា កាលពីថ្ងៃទី២៨ ខែមិថុនា កន្លងមក នៅតំបន់ចាក់ច្រែងនិងតំបន់សម្បុកឃ្មុំជិតប្រាសាទព្រះវិហារទាហានថៃបានដឹកជញ្ជូនសសរបេតុងនិងថ្មល្អិតៗបម្រុងសាងសង់លេណដ្ឋានរឹងមាំលើតំបន់ហាមឃាត់និងតំបន់ជម្លោះព្រំដែន តែត្រូវកងទាហានខ្មែររារាំងមិនឲ្យធ្វើបានទេ៕
មតិ
អ្នកអាចបញ្ចេញមតិដោយបំពេញទម្រង់ខាងក្រោមនេះក្នុងទម្រង់ជាអក្សរសុទ្ធ។. មតិត្រូវតែអនុញ្ញាតដោយអ្នកសម្របសម្រួលនិងមិនបង្ហាញភ្លាមៗនៅលើទំព័រនេះទេ។ សូមអញ្ជើញត្រឡប់មកបើកទំព័រនេះម្ដងទៀតដើម្បីមើលថាតើមតិរបស់អ្នកត្រូវបានចុះផ្សាយឬអត់។
មើលមតិទាំងអស់.