ប្រធានក្រុម៥០ខ្នង ភូមិអន្លង់ក្រោម លោក ហុង ចាន់ថា អះអាងនៅថ្ងៃអង្គារ ទី១៨ ខែវិច្ឆិកាថា ផ្ទះអ្នកស្រុកត្រូវកងយោធាដុតឲ្យឆេះគ្មានសល់នៅថ្ងៃនេះ ៖ «ឥឡូវនេះឆេះទាំងស្រុង សរុបប្រហែលជាជាង២០០ខ្នង»។
លោក ហុង ចាន់ថា បន្តថា ភូមិអន្លង់ក្រោមនេះជាតំបន់ត្រីកោណដែលមានព្រំប្រទល់ជាប់បីខេត្ត រួមមានខេត្តកំពត ខេត្តកំពង់ស្ពឺ និងខេត្តកោះកុង។ ភូមិនោះបានកើតពីមុនឆ្នាំ២០០០ មានប្រជាជនរស់នៅដំបូងជាង១២០គ្រួសារ ក្រោយពីលោក ហ៊ុន សែន បានកសាងទំនប់តាកែន កោះស្លាមក ប្រជាជនបានចូលទៅរស់នៅថែមទៀតកើនចំនួនដល់ទៅជាង៣០០គ្រួសារ។
លោកថា អ្នកដែលចូលទៅនៅក្នុងតំបន់នោះភាគច្រើនគ្មានដីសម្រាប់រស់នៅក្នុងបណ្តាខេត្តផ្សេងៗ ខ្លះជាអតីតយោធារត់ចោលជួរ ខ្លះជាយោធារំសាយដែលរដ្ឋមិនចែកដីឲ្យ បានចូលទៅប្រមូលគ្នារស់នៅភូមិនោះ។
លោកអះអាងថា ដីភូមិអន្លង់ក្រោមនោះជាដីឧទ្យានជាតិបូកគោដែលមានជីជាតិអាចឲ្យអ្នកស្រុកដាំដុះកសិកម្មបានផលច្រើន។ អ្នកស្រុកចេះតែចូលទៅរស់នៅទីនោះ ហើយក៏មានការបណ្តេញចេញជាបន្តបន្ទាប់ ប៉ុន្តែមនុស្សគ្មានជម្រកចេះតែទ្រាំរស់នៅរហូតមកទល់ពេលនេះ។
បុរសឈ្មោះ វុត្ថា មានប្រសាសន៍ថា គាត់គ្មានដីរស់នៅក្នុងស្រុកគិរីវង់ ខេត្តតាកែវ បន្ទាប់ពីកូនៗបែកមានប្តីប្រពន្ធត្រូវចែកដីឲ្យគេរស់នៅ។ គាត់បានចូលទៅរស់នៅភូមិអន្លង់ក្រោមនោះ សង់ផ្ទះ ដាំដំណាំ រស់នៅបានជាងបីឆ្នាំហើយ។ នៅថ្ងៃនេះផ្ទះគាត់ត្រូវយោធាបានដុតចោលទាំងស្រុង ឆេះអស់ទាំងស្បៀង អស់ទាំងទ្រព្យសម្បត្តិសន្សំទុកយូរមកហើយគ្មានសល់ឡើយ។
លោក វុត្ថា បានឲ្យដឹងថា ៖ «គេមកប្រើអំណាច ហើយដុត អត់មានឲ្យដំណឹងប្រជាពលរដ្ឋ អង្វរតថ្លៃអីក៏មិនបាន មិនទាំងសួរផងហើយចាប់វ៉ៃ ចាប់ដុត»។
ក្រុមអ្នករបួសធ្ងន់បីនាក់ដែលកំពុងសម្រាកក្នុងមន្ទីរពេទ្យខេត្តកំពង់ស្ពឺអះអាងថា គាត់រស់នៅតាមចិញ្ចើមផ្លូវផ្សារពិចនិល។ នៅពេលឃើញដីទំនេរក្នុងតំបន់ឧទ្យានជាតិបូកគោបាននាំគ្នាទៅរស់នៅទីនោះ ស្រាប់តែរងនូវការបណ្តេញចេញពីក្រុមបរិស្ថាននិងកងយោធារហូតប្រើហិង្សាកាលពីថ្ងៃច័ន្ទ ទី១៧ ខែវិច្ឆិកា ឆ្នាំ២០០៨ ឲ្យពួកគាត់មានរបួសធ្ងន់ ក្បាល ភ្នែក ជើង ឆ្អឹងជំនីរ បាក់ធ្មេញ គ្រាំក្នុងស្ទើរមិនអាចទ្រាំរស់បាន ៖ «បែកក្បាលហូរឈាម ប្រហែលជាប៉ះពាល់ដល់ភ្នែក ត្រូវគេបុកមួយកាំភ្លើងចំឆ្អឹងជំនីរ»។
មន្រ្តីការពារសិទ្ធិមនុស្សខេត្តកំពត អ្នកស្រី ទ្រី ឈូន និងមន្រ្តីការពារសិទ្ធិមនុស្សខេត្តកំពង់ស្ពឺ លោក រត្ថាវី ឲ្យដឹងថា នឹងបន្តឃ្លាំមើលជម្លោះដីនៅភូមិអន្លង់ក្រោមតទៅទៀត ៖ «ពួកក្រុមយោធាដែលបណ្ដេញពួកគាត់ហ្នឹង គឺគាត់យកលេសពាក្យអភិវឌ្ឍន៍មកដាក់ពីមុខទេ តាមពិតទៅគឺដីដែលគេរឹបអូសយកពីប្រជាជនហ្នឹង គឺដើម្បីយកទៅបែងចែកឲ្យបក្សពួករបស់ពួកគេដែលជាអ្នកដែលមានអំណាចក្នុងជួរកងទ័ពតែប៉ុណ្ណោះទេ»។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងក្រុមយោធារងនូវការចោទខាងលើសុំការបំភ្លឺបានឡើយនៅថ្ងៃនេះ៕
