អ្នកភូមិដែលកំពុងតែមានទំនាស់ដីក្នុងស្រុកឈូក ខេត្តកំពត បានចោទថា ក្រុមទាហានកងពលតូចលេខ៣១ បានធ្វើការរុះរើផ្ទះនៅឯភូមិជ័យសេនា ឃុំតាកែន ទៀតហើយ នៅថ្ងៃទី ១ កក្កដា នេះ ។
អ្នកភូមិថ្លែងថា ការរុះរើគឺនៅមួយថ្ងៃ បន្ទាប់ពីក្រុមទាហានអនុញ្ញាតឲ្យក្រុមសិទ្ធិមនុស្សបានចូលទៅពិនិត្យស្ថានការណ៍នៅទីនោះ ។
អ្នកស្រុកអះអាងថា កម្លាំងទាហានជាច្រើននៃកងពលតូចលេខ៣១ ខ្លះកាន់កាំភ្លើង ខ្លះកាន់កាំបិត ខ្លះកាន់ពូថៅ បាននាំគ្នាធ្វើការរុះរើបំផ្លាញផ្ទះអ្នកស្រុក បង្ខំឲ្យពួកគេចាកចេញពីដីដែលគេត្រូវការ ។
អ្នកស្រុកម្នាក់បានលួចនិយាយតាមទូរស័ព្ទប្រាប់ហេតុការណ៍ដែលកើតឡើងពីភូមិជ័យសេនា កាលពីព្រឹកថ្ងៃ ១ កក្កដា យ៉ាងដូច្នេះថា ៖ «ព្រឹកមិញនេះ រុះនៅខ្សែទី៥ និងទី៤ ដែលខ្លាំងជាងគេ គឺខ្សែទី៤តែម្ដង ហើយគំរាមទៀតថា អ្នកដែលនៅសុទ្ធតែអ្នកដែលប្រឆាំង ព្រោះប្រជាជនបានប្រាប់ហើយថា អត់មានទៅណាទេ» ។
ការរុះរើផ្ទះអ្នកស្រុកកាលពីព្រឹកមិញ បានធ្វើឡើងដោយមិនឲ្យមានក្រុមសិទ្ធិមនុស្ស ចូលទៅពិនិត្យហេតុការណ៍នោះផងទេ ។
មន្ត្រីអង្គការអាដហុក អ្នកស្រី ទ្រី ឈូន ដែលបានធ្វើដំណើរចូលទៅដល់ភូមិជ័យសេនា កាលពីថ្ងៃ ៣០ មិថុនា បានឲ្យដឹងថា ស្ថានភាពអ្នកស្រុកនៅទីនោះ មានភាពយ៉ាប់យ៉ឺន ហើយក៏មានអ្នកស្រុកខ្លះ ជួបប្រទះនឹងការខ្វះស្បៀងផងនោះដែរ ៖ «យើងទៅ យើងឃើញទិដ្ឋភាពហ្នឹងហើយ ហើយយើងជំរុញឲ្យខាង អាដហុក ភ្នំពេញ ធ្វើការជាមួយ UN [អង្គការសហប្រជាជាតិ] ដើម្បីចាត់ចែងការងារហ្នឹងថា តើប្រជាពលរដ្ឋដែលកំពុងតែរងគ្រោះដាច់ស្បៀង ខាង អាដហុក និង UN មាននីតិវិធីបែបណាដើម្បីចរចាជាមួយរដ្ឋាភិបាល រកដំណោះស្រាយសាជាថ្មី» ។
លោកស្រី ទ្រី ឈូន បានថ្លែងថា ប្រជាជនប្រមាណ ៤០០គ្រួសារដែលកំពុងប្រឈមនឹងការបណ្តេញចេញពីដីកំពុងរស់នៅ ក្រោមស្ថានភាពហ៊ុមព័ទ្ធមួយដោយក្រុមទាហាន ។
ការហ៊ុមព័ទ្ធនោះ បានធ្វើឲ្យអ្នកស្រុកខ្វះលទ្ធភាពទាក់ទង ដោយសារតែការចេញចូលនៅទីនោះ គឺត្រូវឆ្លងកាត់ទាហានដែលដាក់ប៉ុស្តិ៍យាម ។
កាលពីថ្ងៃទី២៨ មិថុនា ក្រុមទាហានបានរារាំងសប្បុរសជនដែលបានដឹកនាំសម្ភារៈនិងស្បៀងដូចជា អង្ករ មុង ភួយ និងត្រីខកំប៉ុង ក្នុងបំណងទៅជួយអ្នកភូមិនៅទីនោះផងដែរ ។
មន្ត្រីសិទ្ធិមនុស្សដដែល បានមានប្រសាសន៍ថា ៖ «ខ្ញុំយល់ថា ទង្វើរបស់កម្លាំងប្រដាប់អាវុធ ក៏ដូចជា អាជ្ញាធរខេត្តដែលរៀបចំអនុគណៈកម្មការចម្រុះនៅទីនោះ ធ្វើនេះគឺបំបិទសិទ្ធិសេរីភាពប្រជាពលរដ្ឋ អត់គិតពីប្រជាពលរដ្ឋដែលត្រូវតែមានជម្រក មានចំណីអាហារទេ ។ គាត់មិនបានគិត ក្នុងនាមគាត់ជាអ្នកដឹកនាំ ជាម៉ែជាឪរបស់ប្រជាជននៅទីហ្នឹងទេ» ។
អ្នកស្រុកក្នុងភូមិជ័យសេនា បានអំពាវនាវរកការជួយអន្តរាគមន៍ពីសាធារណមតិ ក្នុងនិងក្រៅស្រុក ដើម្បីជួយពួកគេ ។ ពួកគេថ្លែងថា នៅថ្ងៃស្អែកនេះ នឹងមានការប្រើកម្លាំងចុះមករុះរើ ទៀតហើយ ៕
|
|
ស្តាប់សំឡេង |
|
|
ថតសំឡេង |
|
|
អ៊ីម៉េល |
|
|
ព្រឹត្តិបត្រព័ត៌មាន |
|
|
បោះពុម្ព |
តំណាងពលរដ្ឋនៅបឹងកក់គ្រោងទៅតវ៉ាដល់ផ្ទះនាយករដ្ឋមន្ត្រី
ភាពចម្រូងចម្រាសជុំវិញការបូមខ្សាច់ចាក់លុបបឹងកក់
ពលរដ្ឋនៅបឹងកក់ជួបជាមួយសាលាខណ្ឌ ប៉ុន្តែមិនបានលទ្ធផល
តុលាការក្រុងភ្នំពេញនឹងជំនុំជម្រះទោសជនជាប់ចោទក្នុងរឿងដីធ្លី៦នាក់នៅថ្ងៃទី២ កញ្ញា
ពលរដ្ឋរស់នៅតំបន់បឹងកក់នាំគ្នាតវ៉ាប្រឆាំងការបូមខ្សាច់ចាក់លុបបឹង
ពលរដ្ឋនៅតំបន់បឹងកក់គ្រោងទៅតវ៉ានៅសាលាក្រុងពីបញ្ហាបូមខ្សាច់ដាក់បឹង
ជនជាតិភាគតិចនៅខែត្រក្រចេះភ័យព្រួយពីការបាត់បង់ដីធ្លី
ការតវ៉ាជុំវិញបញ្ហាបូមខ្សាច់លុបផ្ទៃសមុទ្ទនៅកំពតមិនទាន់មានដំណោះស្រាយ
ពលរដ្ឋជាច្រើនគ្រួសាររស់នៅលើបឹងកក់ប្រឈមមុខនឹងការបណ្ដេញចេញ
ទំនាស់ដីធ្លីរវាងជនជាតិកួយនិងអាជ្ញាធរនៅខែត្រកំពង់ធំ