អ្នកស្រី កែវ នាង គិលានុបដ្ឋាយិកា នៅនាយកដ្ឋានសុខាភិបាលតំបន់ព្រះវិហារ បានមានប្រសាសន៍ថា ជំងឺគ្រុនចាញ់ ជំងឺរាក់ធ្មេញដែលបណ្តាលមកពីការខ្វះវិតាមីនសេ និងបញ្ហាខ្វះអានាម័យនិងខ្វះទឹកស្អាតបរិភោគ កំពុងតែចាប់ផ្តើមរីករាលដាលដល់អ្នកស្រុកនិងកងទ័ពនៅតំបន់នោះ។
អ្នកស្រី កែវ នាង ថ្លែងបន្តថា ទោះបីជាបានទទួលថ្នាំពេទ្យពីរាជរដ្ឋាភិបាលខ្មែរនិងពីព្រះបរមរាជវាំង ក៏ដោយ ក៏នាយកដ្ឋានរបស់អ្នកស្រីត្រូវការថ្នាំពេទ្យបន្ថែមទៀត ដូចជា ថ្នាំសម្រាប់គ្រុនក្តៅ និងវីតាមីនសេ ជាដើម នៅពេលកងទ័ពខ្មែរដកថយ។
ពលបាលត្រី ងួន សំណាង ទាហានយាមល្បាតជួរមុខនៅព្រំដែនព្រះវិហារ បានទទួលស្គាល់ថាការវាយប្រយុទ្ធគ្នា ហាក់បីដូចជាប្រឈមមុខនឹងគ្រោះថ្នាក់ តិចជាងបញ្ហាជំងឺរាតត្បាតទៅលើកងទ័ព។
លោកបន្តថា ប្រសិនបើការ ចរចានោះបរាជ័យនោះ នឹងមានបញ្ហាមហន្តរាយចំពោះកងទ័ពទាំងសងខាង ដោយសារតែចំណីអាហារខ្វះជីវជាតិ និងបញ្ហាជំងឺគ្រុនចាញ់ ហើយថា មានទាហានខ្លះបានឈឺរួចទៅហើយ។
ពលបាលត្រី ងួន សំណាង ថ្លែងបញ្ជាក់ថា ទាហានយើងមានម្ហូបអាហារគ្រប់គ្រាន់ តែសុទ្ធតែជាម្ហូបក្រៀមនិងម្ហូបកំប៉ុង ពុំមានបន្លែស្រស់បរិភោគឡើយ៕
