គ្រួសារ​យោធា​នៅ​ស្រុក​ជុំគិរី ខេត្ត​កំពត បាន​ទទួល​ប្រាក់​ខែ​ហើយ

ក្រុម​គ្រួសារ​នៃ​យោធា​កងពល​តូច​លេខ​១១ ឈរជើង​នៅ​ក្នុង​ឃុំ​បាក់នឹម ស្រុក​ជុំគិរី ខេត្ត​កំពត ដែល​បាន​ត្អូញត្អែរ​ថា​ក្រុម​គ្រួសារ​យោធា​ជា​ច្រើន​រយ​គ្រួសារ​មិន​បាន​ទទួល​របប​ប្រាក់​ខែ​របស់​ខ្លួន កាលពី​ជិត​រដូវ​បុណ្យ​ភ្ជុំបិណ្ឌ​កន្លង​ទៅ​នេះ បាន​អះអាង​ឲ្យ​ដឹង​ថា ពួក​គេ​បាន​ទទួល​របប​ប្រាក់ខែ​គ្រប់ៗ​គ្នា​ហើយ​ក្រោយ​ពេល​រង់ចាំ​អស់​រយៈពេល​ជា​ច្រើន​ខែ​កន្លង​មក។

0:00 / 0:00

ភរិយា​របស់​មន្រ្តី​យោធា​ថ្នាក់​ក្រោម​មួយ​រូប​តំណាង​ឲ្យ​គ្រួសារ​យោធា​ថ្នាក់ក្រោម​ដទៃ​ទៀត​បាន​ថ្លែង​ប្រាប់​វិទ្យុ​អាស៊ីសេរី​ឲ្យ​ដឹង​ថា ពួក​គេ​មាន​ការសប្បាយ​ចិត្ត​ក្រោយពី​ការបើក​របប​ប្រាក់​ខែ​នោះ​មក ៖ «គ្នា​អរ​ដែរ... ឮ​ថា​បើក​នេះ ជួយ​អរ។ ប្រាក់​ខែ​បាន​ចាត់ចែង​ធ្វើ​បុណ្យ​ធ្វើ​អី​អ៊ីចឹង​ទៅ តែ​កូន​ទាហាន​តែ​១៣​ម៉ឺន​៨​ពាន់​ទេ។ គ្រាន់បើ​បាន​គេ​បើក​មុន​អ៊ីចឹង យើង​វា​ធូរ មុន​ដំបូង​គិត​ថា ពិបាក​ចិត្ត​ដែរ​ឮ​ថា​អត់​ទាន់​បើក ដល់​បើក​អ៊ីចឹង​យើង​អរ​យើង​សប្បាយ​ចិត្ត»

កាលពី​មុន​រដូវ​បុណ្យ​ភ្ជុំបិណ្ឌ​ឈាន​មក​ដល់ តំណាង​ក្រុម​គ្រួសារ​យោធា​ថ្នាក់​ក្រោម​ទាំង​នោះ​បាន​សម្ដែង​ការត្អូញត្អែរ​ប្រាប់​វិទ្យុ​អាស៊ីសេរី​ឲ្យ​ដឹង​ថា គ្រួសារ​យោធា​ថ្នាក់​ក្រោម​បាន​ទន្ទឹង​រង់ចាំ​បើក​ប្រាក់ខែ​របស់​ខ្លួន​ជា​ច្រើន​ខែ​មក​ហើយ។

លោក កឹម កុសល នាយ​ការិយាល័យ​ហិរញ្ញវត្ថុ​នៃ​កងពល​តូច​អន្តរាគមន៍​លេខ​១១​ដែល​ឈរជើង​នៅ​ក្នុង​ឃុំ​បាក់នឹម ស្រុក​ជុំគិរី ខេត្ត​កំពត បាន​ធ្វើ​ដំណើរ​មក​ទីក្រុង​ភ្នំពេញ​ដើម្បី​បំភ្លឺ​ជុំវិញ​ការចោទ​ប្រកាន់​កន្លង​ទៅ​នេះ។

លោក​បាន​មាន​ប្រសាសន៍​ថា ក្រោយពី​វិទ្យុ​អាស៊ីសេរី​បាន​ចាក់​ផ្សាយ​ការត្អូញត្អែរ​របស់​ក្រុម​គ្រួសារ​យោធា​ទាំង​នោះ មាន​ប្រតិកម្ម​ភ្លាមៗ​ពី​រដ្ឋមន្រ្តី​ក្រសួង​ការពារ​ជាតិ លោក ទៀ បាញ់ និង​មាន​គម្រោងការ​បញ្ជូន​ក្រុម​អធិការកិច្ច​មក​ស៊ើប​អង្កេត។

លោក​បាន​បំភ្លឺ​ថា ៖ «ប្រាក់ខែ​គឺ​ខ្ញុំ​បាន​ទទួល​ពី​ថ្នាក់​លើ​នៅ​ថ្ងៃ​ទី​២៥ ថ្ងៃ​ទី​២៦ ខ្ញុំ​ទម្លាក់​ភ្លាម ជា​ពិសេស​ឯកឧត្ដម​មេបញ្ជាការ​កងពល ពេល​ប្រាក់ខែ​ទៅ​ដល់​គាត់​បញ្ជា​ឲ្យ​បើក​ទាន់​ពេលវេលា​ដល់​ដៃ​កម្មាភិបាល យុទ្ធជន នៅ​មុន​រដូវ​ភ្ជុំបិណ្ឌ បាន​ទទួល​ទាំងអស់ គឺ​មិន​ជា​ការ​ពិត​ដែល​ជន​រងគ្រោះ​ជម្រាប​ជូន​ខាង​អាស៊ីសេរី»

លោក​មិន​បាន​ឲ្យ​ដឹង​អំពី​ចំនួន​សរុប​នៃ​យោធា​ចំនួន​ប៉ុន្មាន​ទេ​នៃ​កងពល​តូច​អន្តរាគមន៍​លេខ​១១​នោះ ប៉ុន្តែ​លោក​បាន​បង្ហើប​ឲ្យ​ដឹង​ថា យុទ្ធជន​ម្នាក់ៗ​បាន​ទទួល​របប​ប្រាក់ខែ​របស់​ខ្លួន​រវាង​១៣​ម៉ឺន​រៀល​ដល់​១៤​ម៉ឺន​រៀល ហើយ​មន្រ្តី​យោធា​ថ្នាក់​កណ្តាល​បាន​ទទួល​របប​ប្រាក់ខែ​របស់​ខ្លួន​រវាង​១៨​ម៉ឺន​រៀល ១៩​ម៉ឺន​រៀល ទៅ ២០​ម៉ឺន​រៀល និង​រហូត​ដល់ ៣០​ម៉ឺន​រៀល​ក្នុង​មួយ​ខែៗ។

លោក​បាន​ឲ្យ​ដឹង​ថា អង្គភាព​របស់​លោក​ត្រូវការ​សាច់​ប្រាក់​ចំនួន​ប្រមាណ​រវាង​៤​ម៉ឺន​ដុល្លារ​និង​៥​ម៉ឺន​ដុល្លារ ដើម្បី​បើក​របប​ប្រាក់​ខែ​ឲ្យ​យោធា​និង​មន្រ្តី​នានា​ក្នុង​កងពល​ទាំង​នោះ។

លោក រ៉ុង ឈុន ប្រធាន​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ ដែល​តែងតែ​តាមដាន​អំពី​ស្ថានការណ៍​ជីវភាព​របស់​មន្រ្តី​រាជការ​ស៊ីវិល​និង​កង​ប្រដាប់​អាវុធ បាន​មាន​ប្រសាសន៍​ថា ៖ «ការ​ដែល​បង​ប្អូន​ទាហាន​យើង​បាន​ទទួល​បាន​ប្រាក់ខែ ជា​ដំណឹង​ល្អ​សម្រាប់​បង​ប្អូន​ទាហាន​យើង​ដែល​អត់​បាន​ទទួល​អស់​រយៈពេល​ជា​ច្រើន​ខែ»

លោក​បាន​ធ្វើការ​រិះគន់​ថា ការយឺតយ៉ាវ​ក្នុង​ការបើក​ប្រាក់​ខែ​ឲ្យ​មន្រ្តី​រាជការ​និង​កង​ប្រដាប់​អាវុធ​បាន​ញ៉ាំង​ឲ្យ​ពួក​គេ​មាន​ការបាក់​ទឹក​ចិត្ត​ចំពោះ​ការងារ​របស់​ខ្លួន៕