ទាហាន​នៅ​កំពត​គំរាម​រឹបអូស​យក​ដី​អ្នក​ភូមិ

រឿង​វិវាទ​ដីធ្លី​រវាង​ប្រជាពលរដ្ឋ​នៅ​ខេត្ត​កំពត ជាមួយ​នឹង​កងពល​អន្តរាគមន៍​លេខ​១១ បាន​ស្ងប់ស្ងាត់​មួយ​រយៈ​កន្លង​មក​នោះ បាន​កម្រើក​ជា​ថ្មី​ទៀត​នៅ​ថៃ្ង​១ កុម្ភៈ​នេះ ដោយ​ស្រ្តី​ម្នាក់​ដែល​ជា​ម្ចាស់​ដី​ចំនួន​២​ហិកតា​អះអាង​ថា ក្រុម​ទាហាន​បាន​មក​គំរាម​កំហែង​រឹប​អូស​យក​ដី​របស់​គាត់។

0:00 / 0:00

គ្រួសារ​ប្រជាពលរដ្ឋ​មួយ​គ្រួសារ​នៅ​ក្នុង​ភូមិ​ត្រពាំងឈើទាល ឃុំ​ច្រេស ស្រុក​ជុំគិរី ខេត្ត​កំពត បាន​អះអាង​ថា ក្រុម​យោធា​មួយ​ក្រុម​មាន​គ្នា​ចំនួន​៤​នាក់ មក​ពី​កង​ពល​អន្តរាគមន៍​លេខ​១១ បាន​មក​កាប់​បំផ្លាញ​ដើម​ស្វាយ​និង​ដើម​ឈើ​ហូប​ផ្លែ​ជា​ច្រើន​ដើម​នៅ​ថ្ងៃ​ច័ន្ទ (១ កុម្ភៈ)​នេះ ដើម្បី​គំរាម​រឹប​អូស​យក​ដីធ្លី​ចំនួន​២​ហិកតា​របស់​គាត់។ បន្ថែម​លើ​នេះ​ទៀត ក្រុម​យោធា​ទាំង​នោះ​បាន​គំរាម​ដុត​ផ្ទះ​សម្បែង​និង​ចាប់​រំលោភ​នៅ​ថ្ងៃ​ណា​មួយ​លើ​ស្ត្រី​ម្ចាស់​ដី​និ​ង​ផ្ទះ​សម្បែង​នោះ។

ប្រជាពលរដ្ឋ​រង​គ្រោះ​មួយ​គ្រួសារ​នៅ​ក្នុង​ភូមិ​ត្រពាំងឈើទាល ឃុំ​ច្រេស ស្រុក​ជុំគិរី ខេត្ត​កំពត ឈ្មោះ ណាន ណាង អាយុ​៣៩​ឆ្នាំ បាន​ថែ្លង​ប្រាប់​វិទ្យុ​អាស៊ី​សេរី​នៅ​ថៃ្ង​ច័ន្ទ​នេះ​ថា ៖ «ទាហាន​មក​កាប់​ដើម​ស្វាយ​ខ្ញុំ​អស់​៤៩​ដើម ត្របែក​២១​ដើម ដូង​៧​ដើម ក្រូង​ថ្លុង​មួយ​ដើម ក្រូច​សើច​មួយ​ដើម។ មូលហេតុ​វា​ចង់​ដណ្ដើម​ដី​ខ្ញុំ​ហ្នឹង។ ដី​ខ្ញុំ​២​ហិកតា។ គេ​គំរាម​រក​ចាប់​រំលោភ រក​វះ​ពោះ។ ទាហាន​មក​៤​នាក់ អត់​មាន​អាវុធ​ទេ​មាន​តែ​ពូថៅ»

លោកស្រី​កំពុង​តែ​រៀបចំ​ពាក្យ​ប្តឹង​រឿង​នេះ​ទៅ​អាជ្ញាធរ​មូលដ្ឋាន​ភូមិ​ឃុំ​ឲ្យ​បាន​ដឹង​ឮ​និង​ជួយ​ដោះស្រាយ​រឿង​នេះ ប៉ុន្តែ​នៅ​មិន​ទាន់​មាន​វិធានការ​ភ្លាមៗ​ទេ។

មន្រ្តី​អង្កេត​នៃ​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​នៅ​ក្នុង​ខេត្ត​កំពត លោក ព្រំ ពិសិដ្ឋ ដែល​កំពុង​តែ​តាម​ដាន​ករណី​គំរាម​នេះ​បាន​មាន​ប្រសាសន៍​ថា ៖ «ជា​ករណី​មួយ​ដែល​រំលោភ​បំពាន​លើ​សិទ្ធិ​រស់​នៅ​របស់​ពលរដ្ឋ។ ខាង​គាត់​ជន​រង​គ្រោះ​ក៏​បាន​ដាក់​ពាក្យ​បណ្ដឹង​មួយ​ទៅ​សាលា​ឃុំ​ដើម្បី​បញ្ជូន​ទៅ​លោក​អភិបាល​ស្រុក ដើម្បី​ឲ្យ​គាត់​ចាត់​ជំនាញ​គាត់​មក​ពិនិត្យ​ផ្ទាល់​តែម្ដង។ រឿង​នេះ​អាច​នឹង​គ្រោះ​ថ្នាក់​ដល់​អាយុ​ជីវិត​គាត់ បើ​មក​គំរាម​ចាប់​រំលោភ វះ​ពោះ ដុត​ផ្ទះ​ដុត​អី​អ៊ីចឹង»

វិទ្យុ​អាស៊ី​សេរី​មិន​ទាន់​អាច​ទាក់ទង​ក្រុម​យោធា​ដែល​រង​ការ​ចោទ​ប្រកាន់ ឬ​លោក យឿង សុខុន ជា​ប្រធាន​កងពល​អន្តរាគមន៍​លេខ​១១ បាន​នៅ​ទ្បើយ​ទេ ដោយ​ទូរស័ព្ទ​របស់​លោក​គ្មាន​អ្នក​ទទួល​ឆ្លើយ​ជុំវិញ​រឿង​អាស្រូវ​ចោទ​ប្រកាន់​ខាង​លើ​នេះ។

លោក ឈឹម សាវុធ ជា​មន្រ្តី​ស៊ើប​អង្កេត​នៃ​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា បាន​មាន​ប្រសាសន៍​ថា ៖ «យោង​លើ​ប្រសាសន៍​នាយករដ្ឋមន្រ្តី សម្ដេច​តេជោ ហ៊ុន សែន ព្រមាន​ថ្មីៗ​នេះ គាត់​ឈប់​ឲ្យ​ទាហាន​ទាំង​អស់​ហ្នឹង​លូក​ដៃ​ចូល​ពាក់ព័ន្ធ​នឹង​ករណី​ដីធ្លី​ហើយ បើ​សិនជា​ករណី​ហ្នឹង​កើត​ឡើង ខ្ញុំ​គិត​ថា ជា​អំពើ​មួយ​ដែល​ជា​កំហុស​ធ្ងន់ធ្ងរ»

មេ​ឃុំ​ច្រេស ស្រុក​ជុំគិរី ខេត្ត​កំពត លោក អ៊ូ យឿន បាន​មាន​ប្រសាសន៍​ថា លោក​មិន​ទាន់​បាន​ទទួល​ពាក្យ​បណ្ដឹង​នៅ​ទ្បើយ​ទេ​ពី​គ្រួសារ​ជន​រង​គ្រោះ​នោះ។

លោក អ៊ូ យឿន មាន​ប្រសាសន៍​ដូច្នេះ ៖ «អត់​ទាន់​ដឹង​ផង។ បើ​សិន​ជា​ទទួល​បាន​ពាក្យ​បណ្ដឹង​ខ្ញុំ​នឹង​ជួយ​អន្តរាគមន៍ ប៉ុន្តែ​ឥឡូវ​អត់​ទាន់​ដឹង​ផង»

រឿង​វិទាទ​ដីធ្លី​រវាង​ប្រជាពលរដ្ឋ​ជាង​៣០០​គ្រួសារ​និង​កងពល​អន្តរាគមន៍​លេខ​១១ នៅ​ខេត្ត​កំពត​នោះ បាន​ចាប់​ផ្តើម​កើត​មាន​តាំង​ពី​ឆ្នាំ​២០០១​មក ក្នុង​ការ​ដណ្តើម​ដីធ្លី​ជា​ច្រើន​រយ​ហិកតា ដែល​បាន​ញ៉ាំង​ឲ្យ​មាន​អំពើ​ហិង្សា​ជា​ច្រើន​លើក​កន្លង​មក៕