ខ្ទម​របស់​ទាហាន​ដែល​សង់​ក្នុង​ព្រៃ​ការពារ​នៅ​ឧត្ដរមានជ័យ​​នឹង​ត្រូវ​ឲ្យ​រុះរើ​ចេញ

មេ​បញ្ជាការ​យោធា​នៃ​តំបន់​ប្រតិបត្តិការ​សឹក​រង​ក្រុង​សំរោង ខេត្ត​ឧត្តរមានជ័យ បាន​ឲ្យ​ដឹង​ថា គេ​នឹង​បញ្ជា​​ទៅ​ពល​ទាហាន​ឲ្យ​រុះរើ​ខ្ទម​ចំនួន​៣៥​ខ្នង​ចេញ​ពី​តំបន់​អូរបាត់ដាវ ក្នុង​ព្រៃការពារ​របស់​សហគមន៍​​រំដួល​វាសនា​ជា​បន្ទាន់។

0:00 / 0:00

មន្ត្រី​រដ្ឋបាល​ព្រៃឈើ​ខេត្ត​ឧត្តរមានជ័យ បាន​ឲ្យ​ដឹង​ថា មេបញ្ជាការ​យោធា​ប្រចាំ​តំបន់​បាន​យល់​ព្រម​សហការ​ជាមួយ​រដ្ឋបាល​ព្រៃឈើ ដើម្បី​ដាក់​បញ្ជា​ឲ្យ​ទាហាន​មួយចំនួន​ដែល​​ចូល​ទៅ​សង់​ខ្ទម​រុករាន​កាន់​កាប់​ដី​​ព្រៃ​សហគមន៍​រំដួល​វាសនា​ក្នុង​ភូមិសាស្ត្រ​ក្រុង​សំរោង​កន្លង​មក​នោះ ត្រូវ​រុះរើ​ចាក​ចេញ​ឲ្យ​អស់​​ពី​តំបន់​ព្រៃ​ការពារ​ទាំង​នោះ​វិញ។

នាយក​ផ្នែក​រដ្ឋបាល​ព្រៃ​ឈើ​ប្រចាំ​ខេត្ត​ឧត្តរមានជ័យ លោក ឃុន សុភា បាន​មាន​ប្រសាសន៍​កាល​ពី​រសៀល​ថ្ងៃ​សុក្រ ទី​១២ ខែ​មីនា​ថា កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ (១១ មីនា) មន្ត្រី​រដ្ឋបាល​ព្រៃឈើ​​បាន​ចុះ​ទៅ​ជួប​ពន្យល់​មេបញ្ជាការ​យោធា​ប្រចាំ​តំបន់​ប្រតិបត្តិការ​សឹក​រង​ក្រុង​សំរោង​ឲ្យ​បាន​យល់​ពី​តំបន់​ព្រៃ​សហគមន៍​រំដួល​វាសនា​ដែល​រដ្ឋាភិបាល​បាន​ការពារ​ ហើយ​មេ​បញ្ជាការ​យោធា​តំបន់​នោះ​បាន​យល់​ និង​បាន​សហការក្នុង​ការ​​​បញ្ជា​ឲ្យ​ពល​ទាហាន​​​ក្រោម​ឱវាទ​រុះរើ​ខ្ទម​ចំនួន​៣៥​ខ្នង​ដែល​សាងសង់​ខុស​ច្បាប់​ចេញ​ពី​តំបន់​ព្រៃ​សហគមន៍។

លោក ឃុន សុភា មាន​ប្រសាសន៍​ដូច្នេះ ៖ «ទាហាន​ទាំង​អស់​មាន​៣៧ ប៉ុន្តែ​ទាហាន​ក្នុង​អង្គភាព​គាត់​៣៥ ឯ​២​ទៀត​មិន​ដឹង​អ្នក​ណា។ ដោយឡែក​រឿង​ប្រជាពលរដ្ឋ​នៅ​តំបន់​នោះ​​អាហ្នឹង​រឿង​របស់​អាជ្ញាធរ​ផ្សេង​វិញ។ យើង​ចុះ​កិច្ច​សន្យា​អី​ជាមួយ​គ្នា ធ្វើ​កំណត់ហេតុ​សព្វគ្រប់​ហើយ ខ្ញុំ​នៅ​តែ​ធ្វើ​របាយការណ៍​មួយ​ជូន​មក​ខាង​​រដ្ឋបាល​ព្រៃឈើ​ហ្នឹង ហើយ​នឹង​ចម្លង​ជូន​ខេត្ត​ក្រុង​ឲ្យ​លោក​ដឹង»

មេ​បញ្ជាការ​យោធា​នៃ​តំបន់​ប្រតិបត្តិការ​សឹករង​ប្រចាំ​ក្រុង​សំរោង លោក​វរសេនីយ៍ត្រី ហ៊ាន សុខ បាន​មាន​ប្រសាសន៍​ថា លោក​ហ៊ាន​អះអាង​ឲ្យ​ទាហាន​របស់​លោក​ទាំង​អស់​ដែល​បាន​ចូល​ទៅ​​​សង់​ទី​លំនៅ​ខុស​ច្បាប់​ត្រូវ​ចេញ​ពី​ព្រៃ​សហគមន៍។ មន្ត្រី​យោធា​ដដែល​បាន​មាន​ប្រសាសន៍​ថា ការ​បញ្ជា​ឲ្យ​ទាហាន​ចាក​ចេញ​ពី​ដី​ព្រៃ​សហគមន៍​នោះ គឺ​ជា​កិច្ច​សហការ​គ្នា​ដើម្បី​រក្សា​ព្រៃ​ឈើ​របស់​រដ្ឋ។

លោក ហ៊ាន សុខ បាន​ឲ្យ​ដឹង​ថា ៖ «នៅ​លើ​ដី​នោះ​នឹង​រុះរើ​ចេញ​និង​ឈប់​ឲ្យ​កសាង​បន្ថែម។ ឥឡូវ​យើង​សហប្រតិបត្តិការ អ្វី​ដែល​ពាក់ព័ន្ធ​នឹង​ការ​ហាមឃាត់​របស់​ស្ថាប័ន​រដ្ឋ គឺ​កង​ទ័ព​ត្រូវ​ចូលរួម»

ចំណែក​មេបញ្ជាការ​យោធា​ប្រចាំ​តំបន់​ប្រតិបត្តិការ​សឹក​​ខេត្ត​ឧត្តរមានជ័យ លោក​ឧត្តមសេនីយ៍ ម៉ុក សុវណ្ណ បាន​មាន​ប្រសាសន៍​ថា លោក​យល់​ស្រប​នឹង​​ការ​សម្រប​សម្រួល​គ្នា​រវាង​មន្ត្រី​រដ្ឋបាល​ព្រៃ​ឈើ​ជាមួយ​ទាហាន​របស់​លោក​ឲ្យ​ចាក​ចេញ​ពី​ព្រៃ​សហគមន៍​នោះ ៖ «ធ្វើ​អ៊ីចឹង​ហើយ សម្រប​សម្រួល​គ្នា​ហើយ​មិន​អី​ទេ​ណា»

កាល​ពី​ថ្ងៃ​ទី​៤ ខែ​មីនា​កន្លង​មក ទាហាន​មួយ​ក្រុម​ក្នុង​វរសេនា​ធំ​លេខ​១ ក្រោម​ការ​គ្រប់គ្រង​​​របស់​តំបន់​ប្រតិបត្តិការ​សឹក​រង​ក្រុង​សំរោង បាន​ប្រើ​អាវុធ​បាញ់​រះ​ទៅ​លើ​មន្ត្រី​រដ្ឋបាល​ព្រៃ​ឈើ និង​បាន​ចាប់​ខ្លួន​ក្រុម​សហគមន៍​ការពារ​ព្រៃឈើ​វាយដំ​លើ​រាង​កាយ បណ្តាល​ឲ្យ​រង​របួស​៥​នាក់​នៅ​ពេល​ដែល​ក្រុម​មន្ត្រី​ចម្រុះ​បាន​ចុះ​ទៅ​សហគមន៍​ព្រៃឈើ​រំដួល​វាសនា ដើម្បី​ធ្វើ​កិច្ចសន្យា​ជាមួយ​ប្រជាពលរដ្ឋ​និង​គ្រួសារ​ទាហាន​ជាង​១៥០​គ្រួសារ​ឲ្យ​រុះរើ​លំនៅ​ខុស​ច្បាប់​ចេញ​ពី​តំបន់​ព្រៃ​ការពារ។

ក្រុម​សហគមន៍​ការពារ​ព្រៃ​ឈើ​បាន​ឲ្យ​ដឹង​ថា កាល​ពី​ពេល​ថ្មីៗ​គេ​បាន​ដាក់​ពាក្យ​បណ្តឹង​ទៅ​តុលាការ​ខេត្ត​សៀមរាប ប្រឆាំង​អំពើ​ហិង្សា​របស់​ទាហាន​ទាំង​នោះ​នឹង​ទារ​សំណង​ជំងឺ​ចិត្ត​ជា​ប្រាក់​១០០​លាន​រៀល​ផង៕