ប្រធាន​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​ស្នើ​ឲ្យ​ដក​មន្ត្រី​សាលាក្ដី​ខ្មែរ​ក្រហម​មួយចំនួន

ប្រធាន​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​ដែល​ស្រាវជ្រាវ​អំពី​ប្រវត្តិសាស្ត្រ​ខ្មែរ​ក្រហម​បាន​ធ្វើ​លិខិត​មួយ​ច្បាប់​ស្នើសុំ​ឲ្យ​ប្រមុខ​រាជ​រដ្ឋាភិបាល​ខ្មែរ គឺ​លោក ហ៊ុន សែន ដក​មន្ត្រី​ខ្មែរ​មួយចំនួន​ដែល​បំពេញ​ការងារ​នៅ​ក្នុង​សាលាក្តី​ខ្មែរ​ក្រហម​ដែល​គេ​រក​ឃើញ​ថា មាន​ជាប់​ពាក់ព័ន្ធ​អំពើ​ពុករលួយ។

នៅ​ក្នុង​លិខិត​ដែល​វិទ្យុ​អាស៊ីសេរី​ទទួល​បាន​នៅ​ថ្ងៃ​សុក្រ​នេះ លោក ឆាំង យុ សរសេរ​ថា ភាព​មិន​ប្រក្រតី​នៅ​ក្នុង​ការចំណាយ​ថវិកា​នៅ​ក្នុង​អង្គ​ជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា​ឬ​សាលាក្តី​ខ្មែរ​ក្រហម​ដែល​ប្រព្រឹត្ត​ឡើង​ដោយ​មន្ត្រី​កម្ពុជា គឺ​ជា​ការក្បត់​នឹង​សម្បជញ្ញៈ​ចំពោះ​ខ្លួន​ឯង និង​ជន​រងគ្រោះ​រាប់​លាន​នាក់ ហើយ​ក៏​ជា​រឿង​គួរ​ខ្មាស​អតីត​មេ​ខ្មែរ​ក្រហម​ផងដែរ។

លោក ឆាំង យុ បញ្ជាក់​ជូន លោក ហ៊ុន សែន ថា រហូត​មក​ដល់​ឆ្នាំ​២០០៨​នេះ គឺ​ទាន់​មិន​មាន​ការវិនិច្ឆ័យ​អតីត​មេ​ដឹកនាំ​ខ្មែរ​ក្រហម​ណា​ម្នាក់​នៅ​ឡើយ​ទេ ដែល​ការអូស​បន្លាយ​ពេល​នោះ​គឺ​ដោយសារ​តែ​ភាព​មិន​ប្រក្រតី​នៃ​ការចំណាយ​ថវិកា​របស់​ភាគី​កម្ពុជា​នេះ​ឯង។

ថ្ងៃ​នេះ​គេ​នៅ​មិន​ទាន់​ឃើញ​មាន​ប្រតិកម្ម​តប​ពី​លោក ស៊ាន វិសុទ្ធ ប្រធាន​រដ្ឋបាល​នៃ​សាលាក្តី​ខ្មែរ​ក្រហម​ចំពោះ​ការចោទ​ប្រកាន់​នេះ​នៅ​ឡើយ​ទេ៕