លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងដូច្នេះ នៅក្នុងទិវាអនុស្សាវរីយ៍គម្រប់៣០ឆ្នាំ នៃភាពជាដៃគូរវាងអង្គការមិនមែនរដ្ឋាភិបាល ហើយនិងប្រជាជននិងរដ្ឋាភិបាលកម្ពុជា នៅឯវិទ្យាស្ថានជាតិអប់រំ។
លោក ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃប្រទេសកម្ពុជា បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាមិនធ្វើការគាបសង្កត់ចំពោះអង្គការមិនមែនរដ្ឋាភិបាលទេ ក្នុងការបង្ហាញពីប្រភពជំនួយនោះ ប៉ុន្តែរដ្ឋាភិបាលគ្រាន់តែចង់ដឹង គឺដើម្បីងាយស្រួលគ្រប់គ្រងតែប៉ុណ្ណោះ។ លើសពីនេះទៀត ក៏មានអង្គការមួយចំនួនទៀតដើរធ្វើសកម្មភាពដូចជាគណបក្សនយោបាយផងដែរ។
លោក ហ៊ុន សែន មានប្រសាសន៍ដូច្នេះ ៖ «ខ្ញុំគ្រាន់តែធ្វើការកត់សម្គាល់ មានពេលខ្លះអាចមើលទៅអត្តសញ្ញាណរបស់អង្គការក្រៅរដ្ឋាភិបាលខ្លះ ដូចជាឯកសណ្ឋានអង្គការក្រៅរដ្ឋាភិបាល ប៉ុន្តែធ្វើសកម្មភាពដូចជាបក្សនយោបាយ ចម្លែកត្រង់ហ្នឹង សំឡេងដូចគ្នាបេះបិទ អ៊ីចឹងម៉េចក៏មិនទៅធ្វើបក្សតែម្ដងទៅ?»។
អនុប្រធានអង្គការលូថេរ៉ានបម្រើពិភពលោកប្រចាំកម្ពុជា (LWF) លោក សាម អ៊ិន បានលើកឡើងថា អង្គការសង្គមស៊ីវិលភាគច្រើនបានធ្វើការងាររួមចំណែកក្នុងការអភិវឌ្ឍជាដៃគូរបស់រដ្ឋាភិបាល ដើម្បីជួយប្រជាពលរដ្ឋកម្ពុជា និងជួយខំប្រឹងធ្វើយ៉ាងណាឲ្យកាន់តែមានការគោរពសិទ្ធិមនុស្ស មានតម្លាភាពនិងភាពយុត្តិធម៌ក្នុងសង្គម។
លោក សាម អ៊ិន បានលើកឡើងដូច្នេះ ៖ «សង្គមស៊ីវិលដល់រាប់ពាន់ ដូច្នេះខ្ញុំគិតថា អាចកើតមានខ្វះចន្លោះ ហើយខ្ញុំគិតថា គឺជាការឆ្លុះបញ្ចាំងមួយដែលយើងសង្គមស៊ីវិលត្រូវតែយកចិត្តទុកដាក់ ដើម្បីធ្វើម៉េចឲ្យប្រទេសកម្ពុជាមានភាពប្រសើរឡើងថែមទៀត»។
នាយិកាប្រតិបត្តិអង្គការយុវតារាកម្ពុជា និងជាតំណាងគណៈកម្មាការរៀបចំសន្និសីទ លោកស្រី អេវ៉ា មីស្លីវីក បានមានប្រសាសន៍ថា ការងារតស៊ូមតិរបស់អង្គការមិនមែនរដ្ឋាភិបាល ទាំងក្នុងស្រុកនិងក្នុងឆាកអន្តរជាតិ ដោយបានដើរតួនាទីជាគន្លឹះក្នុងការតស៊ូមតិ។
លោកស្រី អេវ៉ា មីស្លីវីក បានមានប្រសាសន៍ថា ៖ "ដើម្បីជំរុញកែទម្រង់នៅក្នុងប្រទេស និងត្រួសត្រាយផ្លូវឲ្យមានការកែលម្អការងារក្នុងវិស័យសុខាភិបាល អប់រំ និងសេវាសង្គម ក៏ដូចជាខាងបរិស្ថាន សិទ្ធិនារី សិទ្ធិកុមារ បញ្ហាដីធ្លី សិទ្ធិមនុស្ស និងការកសាងរបបប្រជាធិបតេយ្យ"។
តាំងពីឆ្នាំ១៩៧៩ដល់ឆ្នាំ២០០៩ គឺមានអង្គការមិនមែនរដ្ឋាភិបាលជាតិនិងអន្តរជាតិ ព្រមទាំងសមាគមនានាប្រមាណ៣.០០០ ដែលកំពុងដំណើរការនៅក្នុងប្រទេសកម្ពុជា ហើយកំពុងផ្តល់ការងារដល់ពលរដ្ឋខ្មែរប្រមាណ៣ម៉ឺននាក់។
ចំនួនអង្គការមិនមែនរដ្ឋាភិបាលអន្តរជាតិបានកើនឡើងពី២៥ នៅដើមទសវត្សរ៍ឆ្នាំ១៩៨០ រហួតដល់ជាង៤០០នាពេលបច្ចុប្បន្ន។ នៅក្នុងឆ្នាំ១៩៩១ ជាឆ្នាំដែលអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុកដំបូងមួយត្រូវបានបង្កើតឡើង តែសព្វថ្ងៃចំនួនអង្គការនិងសមាគមក្នុងស្រុកបានកើតឡើងដល់ជាង២០០០៕
