នាយករដ្ឋមន្រ្តី៖ អង្គការ​ក្រៅ​រដ្ឋាភិបាល​​ខ្លះ​​ធ្វើ​សកម្មភាព​ដូច​បក្ស​នយោបាយ

លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន នៅ​ថ្ងៃ​២៤ វិច្ឆិកា បាន​រិះគន់​ទៅ​លើ​អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ​ចំនួន​នៅ​ក្នុង​ប្រទេស​កម្ពុជា​ថា បាន​ធ្វើ​សកម្មភាព​ដូចជា​គណបក្ស​នយោបាយ​ទៅ​វិញ ហើយ​ក៏​មាន​អង្គការ​មួយ​ចំនួន​ទៀត បាន​លាក់​បាំង​អំពី​ប្រភព​ជំនួយ​និង​សកម្មភាព​ការងារ​របស់​ខ្លួន។

0:00 / 0:00

លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន បាន​ថ្លែង​ដូច្នេះ នៅ​ក្នុង​ទិវា​អនុស្សាវរីយ៍​គម្រប់​៣០​ឆ្នាំ នៃ​ភាព​ជា​ដៃគូ​រវាង​អង្គការ​មិន​មែន​រដ្ឋាភិបាល ហើយ​និង​ប្រជាជន​និង​រដ្ឋាភិបាល​កម្ពុជា នៅ​ឯ​វិទ្យាស្ថាន​ជាតិ​អប់រំ។

លោក ហ៊ុន សែន នាយករដ្ឋមន្រ្តី​នៃ​ប្រទេស​កម្ពុជា បាន​បញ្ជាក់​ថា រាជ​រដ្ឋាភិបាល​កម្ពុជា​មិន​ធ្វើ​ការ​គាប​សង្កត់​ចំពោះ​អង្គការ​មិន​មែន​រដ្ឋាភិបាល​ទេ ក្នុង​ការ​បង្ហាញ​ពី​ប្រភព​ជំនួយ​នោះ ប៉ុន្តែ​រដ្ឋាភិបាល​គ្រាន់​តែ​ចង់​ដឹង គឺ​ដើម្បី​ងាយ​ស្រួល​គ្រប់គ្រង​តែ​ប៉ុណ្ណោះ។ លើស​ពី​នេះ​ទៀត ក៏​មាន​អង្គការ​មួយ​ចំនួន​ទៀត​ដើរ​ធ្វើ​សកម្មភាព​ដូចជា​គណបក្ស​នយោបាយ​ផង​ដែរ។

លោក ហ៊ុន សែន មាន​ប្រសាសន៍​ដូច្នេះ ៖ «ខ្ញុំ​គ្រាន់​តែ​ធ្វើការ​កត់​សម្គាល់ មាន​ពេល​ខ្លះ​អាច​មើល​ទៅ​អត្ត​សញ្ញាណ​របស់​អង្គការ​ក្រៅ​រដ្ឋាភិបាល​ខ្លះ ដូច​ជា​ឯកសណ្ឋាន​អង្គការ​ក្រៅ​រដ្ឋាភិបាល ប៉ុន្តែ​ធ្វើ​សកម្មភាព​ដូច​ជា​បក្ស​នយោបាយ ចម្លែក​ត្រង់​ហ្នឹង សំឡេង​ដូច​គ្នា​បេះ​បិទ អ៊ីចឹង​ម៉េច​ក៏​មិន​ទៅ​ធ្វើ​បក្ស​តែ​ម្ដង​ទៅ?»

អនុ​ប្រធាន​អង្គការ​លូថេរ៉ាន​បម្រើ​ពិភពលោក​ប្រចាំ​កម្ពុជា (LWF) លោក សាម អ៊ិន បាន​លើក​ឡើង​ថា អង្គការ​សង្គម​ស៊ីវិល​ភាគ​ច្រើន​បាន​ធ្វើ​ការងារ​រួម​ចំណែក​ក្នុង​ការ​អភិវឌ្ឍ​ជា​ដៃគូ​របស់​រដ្ឋាភិបាល ដើម្បី​ជួយ​ប្រជាពលរដ្ឋ​កម្ពុជា និង​ជួយ​ខំ​ប្រឹង​ធ្វើ​យ៉ាង​ណា​ឲ្យ​កាន់​តែ​មាន​ការ​គោរព​សិទ្ធិ​មនុស្ស មាន​តម្លាភាព​និង​ភាព​យុត្តិធម៌​ក្នុង​សង្គម។

លោក សាម អ៊ិន បាន​លើក​ឡើង​ដូច្នេះ ៖ «សង្គម​ស៊ីវិល​ដល់​រាប់​ពាន់ ដូច្នេះ​ខ្ញុំ​គិត​ថា អាច​កើត​មាន​ខ្វះ​ចន្លោះ ហើយ​ខ្ញុំ​គិត​ថា គឺ​ជា​ការ​ឆ្លុះ​បញ្ចាំង​មួយ​ដែល​យើង​សង្គម​ស៊ីវិល​ត្រូវ​តែ​យក​ចិត្ត​ទុក​ដាក់ ដើម្បី​ធ្វើ​ម៉េច​ឲ្យ​ប្រទេស​កម្ពុជា​មាន​ភាព​ប្រសើរ​ឡើង​ថែម​ទៀត»

នាយិកា​ប្រតិបត្តិ​អង្គការ​យុវតារា​កម្ពុជា និង​ជា​តំណាង​គណៈកម្មាការ​រៀបចំ​សន្និសីទ លោកស្រី អេវ៉ា មីស្លីវីក បាន​មាន​ប្រសាសន៍​ថា ការងារ​តស៊ូ​មតិ​របស់​អង្គការ​មិន​មែន​រដ្ឋាភិបាល ទាំង​ក្នុង​ស្រុក​និង​ក្នុង​ឆាក​អន្តរជាតិ ដោយ​បាន​ដើរ​តួនាទី​ជា​គន្លឹះ​ក្នុង​ការ​តស៊ូ​មតិ។

លោកស្រី អេវ៉ា មីស្លីវីក បាន​មាន​ប្រសាសន៍​ថា ៖ "ដើម្បី​ជំរុញ​កែ​ទម្រង់​នៅ​ក្នុង​ប្រទេស និង​ត្រួសត្រាយ​ផ្លូវ​ឲ្យ​មាន​ការ​កែ​លម្អ​ការងារ​ក្នុង​វិស័យ​សុខាភិបាល អប់រំ និង​សេវា​សង្គម ក៏​ដូច​ជា​ខាង​បរិស្ថាន សិទ្ធិ​នារី សិទ្ធិ​កុមារ បញ្ហា​ដី​ធ្លី សិទ្ធិ​មនុស្ស និង​ការ​កសាង​របប​ប្រជាធិបតេយ្យ"

តាំង​ពី​ឆ្នាំ​១៩៧៩​ដល់​ឆ្នាំ​២០០៩ គឺ​មាន​អង្គការ​មិន​មែន​រដ្ឋាភិបាល​ជាតិ​និង​អន្តរជាតិ ព្រម​ទាំង​សមាគម​នានា​ប្រមាណ​៣.០០០ ដែល​កំពុង​ដំណើរ​ការ​នៅ​ក្នុង​ប្រទេស​កម្ពុជា ហើយ​កំពុង​ផ្តល់​ការងារ​ដល់​ពលរដ្ឋ​ខ្មែរ​ប្រមាណ​៣​ម៉ឺន​នាក់។

ចំនួន​អង្គការ​មិន​មែន​រដ្ឋាភិបាល​អន្តរជាតិ​បាន​កើន​ឡើង​ពី​២៥ នៅ​ដើម​ទសវត្សរ៍​ឆ្នាំ​១៩៨០ រហួត​ដល់​ជាង​៤០០​នា​ពេល​បច្ចុប្បន្ន។ នៅ​ក្នុង​ឆ្នាំ​១៩៩១ ជា​ឆ្នាំ​ដែល​អង្គការ​មិន​មែន​រដ្ឋាភិបាល​ក្នុង​ស្រុក​ដំបូង​មួយ​ត្រូវ​បាន​បង្កើត​ឡើង តែ​សព្វថ្ងៃ​ចំនួន​អង្គការ​និង​សមាគម​ក្នុង​ស្រុក​បាន​កើត​ឡើង​ដល់​ជាង​២០០០៕