ទាហាន​ខ្មែរ​មួយចំនួន​នៅ​តំបន់​ភ្នំ​ចាក់ច្រែង​កើត​ជំងឺ​គ្រុន​ចាញ់

2009-07-08

កង​ទាហាន​ខ្មែរ​ដែល​ការពារ​នៅ​តំបន់​ជម្លោះ​ព្រំដែន​ខ្នង​ភ្នំ​ចាក់ច្រែង ចម្ងាយ​ប្រមាណ​១៧​គីឡូ​ម៉ែត្រ​ភាគ​ខាង​ជើង​ឈៀង​ខាង​លិច​ពី​ប្រាសាទ​ព្រះវិហារ បាន​ឲ្យ​ដឹង​ថា ពួក​គេ​ខ្លះ​កំពុង​ទទួល​រង​ជំងឺ​គ្រុន​ចាញ់​ដែល​អាច​បណ្តាល​មក​ពី​ភ្លៀង​ធ្លាក់​ខ្លាំង ធាតុ​អាកាស​ត្រជាក់​និង​ការប្រើ​ទឹក​មិន​ស្អាត​ដែល​ដក់​នៅ​តាម​ខ្នង​ភ្នំ​នោះ។

RFA Photo/Savyouth

ថ្ងៃ​១៥ វិច្ឆិកា ២០០៨: ទាហាន​ខ្មែរ​នៅ​ខ្សែ​ត្រៀម​ជួរ​មុខ​នៃ​តំបន់​ប្រាសាទ​ព្រះវិហារ ក្នុង​ខែត្រ​ព្រះវិហារ។

តាម​ពល​ទាហាន​មួយ​រូប​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​ក្នុង​កង​វរ​លេខ​៨២​នៃ​កង​ពល​លេខ​៨​ដែល​កំពុង​ប្រចាំការ​នៅ​តំបន់​ជម្លោះ​ព្រំដែន​លើ​ខ្នង​ភ្នំ​ចាក់ច្រែង បាន​មាន​ប្រសាសន៍​កាលពី​ព្រឹក​ថ្ងៃ​ពុធ ទី​៨ ខែ​កក្កដា ថា ទាហាន​នៅ​ក្រុម​របស់​គាត់​មួយចំនួន​កំពុង​កើត​ជំងឺ​គ្រុន​ចាញ់។

ទាហាន​ដដែល​បាន​មាន​ប្រសាសន៍​ទៀត​ថា គ្រប់​ទាហាន​ទាំងអស់​ដែល​កំពុង​ការពារ​ព្រំដែន​នៅ​តំបន់​ចាក់ច្រែង​សុទ្ធតែ​មាន​មុង​ចង​ដេក​នៅ​ពេល​យប់ ក៏​ប៉ុន្តែ​នៅតែ​កើត​ជំងឺ​គ្រុន​ចាញ់ ប្រហែល​បណ្តាល​មក​ពី​ការប្រើប្រាស់​ទឹក​ដែល​ដក់​នៅ​តាម​ភ្នំ​ដែល​លាយ​ឡំ​ជាមួយ​ស្លឹក​ឈើ​រលួយ​និង​ធាតុ​អាកាស​ត្រជាក់ ៖ «គ្នា​ឈឺ គ្នា​គ្រុន​ចាញ់ មួយ​កង​ខ្ញុំ​នេះ​ដូច​ជា​៣០​-​៤០​នាក់ ជោះ​ឈាម ដាក់​សេរ៉ូម​ហើយ​ឲ្យ​ឡើង​វិញៗ»

ទាហាន​ខ្មែរ​ម្នាក់​ទៀត​ដែល​កំពុង​ប្រចាំការ​នៅ​តំបន់​ខ្នង​ភ្នំ​ចាក់ច្រែង​ដែរ បាន​មាន​ប្រសាសន៍​ថា គាត់​បាន​គ្រុន​ញាក់​ដោយសារ​កើត​ជំងឺ​គ្រុន​ចាញ់ ដោយ​បាន​ទៅ​ឲ្យ​ពេទ្យ​ជោះ​ឈាម​ពិនិត្យ​មាន​កម្រិត​២​ខ្វែង ៖ «...យប់​មិញ​ខ្ញុំ​ញាក់​ទៀត  ញាក់​ម្សិលមិញ​ពេល​ល្ងាច​ផង កណ្ដាល​យប់​ញាក់​ទៀត សុំ​មេ​ចុះ​ទៅ​ជោះ​ឈាម​ទៅ»

មេ​បញ្ជាការ​ជាន់​ទាប​ដែល​គ្រប់គ្រង​កម្លាំង​ទាហាន​នៅ​តំបន់​ជម្លោះ​ផ្ទាល់​បាន​ឲ្យ​ដឹង​ថា ទាំង​នាយ​ទាហាន​និង​ពល​ទាហាន​មួយចំនួន​គឺ​កំពុង​ទទួល​រង​ជំងឺ​គ្រុន​ចាញ់ ប៉ុន្តែ​មិន​មាន​ចំនួន​ច្រើន​គួរ​ឲ្យ​ព្រួយ​បារម្ភ​ទេ។

មេ​បញ្ជាការ​រង​កង​វរ​លេខ​៨២​ចំណុះ​ឲ្យ​កង​ពល​លេខ​៨​ដែល​កំពុង​គ្រប់គ្រង​កងទ័ព​ខ្មែរ​នៅ​តំបន់​ខ្នង​ភ្នំ​ចាក់ច្រែង លោក​វរសេនីយ៍​ត្រី លី ផុន បាន​មាន​ប្រសាសន៍​ថា មាន​នាយ​ទាហាន​និង​ពល​ទាហាន​មួយចំនួន​បាន​ទទួល​រង​ជំងឺ​គ្រុន​ចាញ់​ដែល​អាច​បណ្តាល​មក​ពី​ធាតុ​អាកាល​ត្រជាក់​ដោយ​ចុះ​អ័ព្ទ​ខ្លាំង ប្រហែល​ជា​ការចុះ​អ័ព្ទ​ដោយ​មាន​ទឹក​សន្សើម​អាច​នាំ​មេរោគ​គ្រុន​ចាញ់​មក​ជាមួយ ក៏​ប៉ុន្តែ​មន្ទីរ​ពេទ្យ​របស់​អគ្គ​បញ្ជាការ​កង​យោធពល​ខេមរភូមិន្ទ​នៃ​ក្រសួង​ការពារ​ជាតិ​ដែល​បោះ​ជំរំ​នៅ​ជិត​តំបន់​គ១ មាន​ថ្នាំ​ពិសេសៗ​គ្រប់គ្រាន់​សម្រាប់​ទប់ទល់​នឹង​ជំងឺ​គ្រុន​ចាញ់​នេះ។

លោក​វរសេនីយ៍​ត្រី លី ផុន បាន​បញ្ជាក់​ថា ៖ «ជំងឺ​គ្រុន​ចាញ់ ដោយ​តំបន់​ព្រៃ​នេះ​វា​សំបូរ​ទៅ​ដោយ​មេឃ​ចុះ​អ័ព្ទ ទឹក​សន្សើម។ ទឹក​សន្សើម​នេះ​ហើយ​ដែល​នាំ​មក​នូវ​បាក់តេរី​ប៉ះពាល់​ដល់​សុខភាព​នាយ​ទាហាន ពល​ទាហាន​ខ្លះ ប៉ុន្តែ​ខាង​អគ្គ​មេ​បញ្ជាការ​ខាង​ក្រសួង​ការពារ​ជាតិ​យើង​មាន​ថ្នាំ​ពិសេសៗ​ច្រើន​ជាង​នេះ​ទៅ​ទៀត ដែល​សម្ដេច​តេជោ​លោក​ជូន​មក​ដល់​កង​យោធពល​ខេមរភូមិន្ទ»

កង​រក្សា​ព្រំដែន​ខ្មែរ​នៅ​តំបន់​ខ្នង​ភ្នំ​ចាក់ច្រែង​បាន​ឲ្យ​ដឹង​ថា ការប្រឈម​មុខ​ដាក់​គ្នា​រវាង​ទាហាន​ខ្មែរ​និង​ប៉ារ៉ា​ថៃ​ដែល​ធ្លាប់​តែ​តានតឹង រហូត​មក​ដល់​ថ្ងៃ​ពុធ​នេះ​គឺ​មាន​ភាព​ធូរ​ស្រាល​ជាង​មុន បន្ទាប់​ពី​មេ​បញ្ជាការ​យោធា​ជាន់​ខ្ពស់​ខ្មែរ​ថៃ​ឧស្សាហ៍​ជួប​ប្រជុំ​ដើម្បី​បន្ធូរ​បន្ថយ​ភាព​តានតឹង ក៏​ប៉ុន្តែ​កង​ទាហាន​ប៉ារ៉ា​ថៃ​ដែល​បាន​បញ្ជូន​មក​បោះ​ជំរំ​ចូល​មក​តំបន់​ហាម​ឃាត់​មិន​ឲ្យ​មាន​កង​ទ័ព​ជាង​២​ខែ​មក​ហើយ​មិន​ទាន់​មាន​ផែនការ​ដក​ចេញ​នៅ​ឡើយ​ទេ៕

មតិ

អ្នក​អាច​បញ្ចេញ​មតិ​ដោយ​បំពេញ​ទម្រង់​ខាង​ក្រោម​នេះ​ក្នុង​ទម្រង់​ជា​អក្សរ​សុទ្ធ។. មតិ​ត្រូវ​តែ​អនុញ្ញាត​ដោយ​អ្នក​សម្រប​សម្រួល​និង​មិន​បង្ហាញ​ភ្លាមៗ​នៅ​លើ​ទំព័រ​នេះ​ទេ។ សូម​អញ្ជើញ​ត្រឡប់​មក​បើក​ទំព័រ​នេះ​ម្ដង​ទៀត​ដើម្បី​មើល​ថា​តើ​មតិ​របស់​អ្នក​ត្រូវ​បាន​ចុះ​ផ្សាយ​ឬ​អត់។




ឧបករណ៍រឿង

ស្តាប់សំឡេង
ថតសំឡេង
អ៊ីម៉េល​
ព្រឹត្តិបត្រព័ត៌មាន
បោះពុម្ព
ចែករំលែករឿងនេះ

អត្ថបទ​ដែល​ទាក់ទង