សមាជិក​បក្ស​សម​រង្ស៊ី​៨០​នាក់​គ្រោង​​​ចូល​រួម​ជាមួយ​បក្ស​កាន់​អំណាច

អ្នក​គាំទ្រ​គណបក្ស សម រង្ស៊ី ជិត​មួយ​រយ​នាក់ នៅ​ខេត្ត​បាត់ដំបង គ្រោង​ប្រកាស​ចូល​ទៅ​រួម​រស់​ជាមួយ​គណបក្ស​កាន់​អំណាច ប៉ុន្តែ​មន្ត្រី​គណបក្ស​ប្រឆាំង​ចោទ​ថា នេះ​ជា​យុទ្ធសាស្ត្រ​បំបែក​បំបាក់​របស់​គណបក្ស​ប្រជាជន​កម្ពុជា តាម​រយៈ​ការ​ទិញ​ទឹក​ចិត្ត។

0:00 / 0:00

គណបក្ស​ប្រឆាំង​ពុំ​បាន​សម្ដែង​ការ​ភ្ញាក់ផ្អើល ឬ​ក៏​មាន​ប្រតិកម្ម​ខ្លាំងក្លា​ចំពោះ​សមាជិក​គណបក្ស សម រង្ស៊ី ចំនួន​៨០​នាក់ ដែល​មាន​គម្រោង​ផ្ដាច់​ខ្លួន​ពី​គណបក្ស សម រង្ស៊ី ទៅ​ចូល​រួម​រស់​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា នៅ​ក្នុង​ខេត្ត​បាត់ដំបង។ មន្ត្រី​បក្ស​ប្រឆាំង​ចាត់​ទុក​ថា លំហូរ​នេះ​មិន​អាច​មាន​ឥទ្ធិពល​គ្រប​ដណ្ដប់​លើ​ប្រជាប្រិយភាព​របស់​គណបក្ស សម រង្ស៊ី ទេ។

ប្រធាន​ស្ដីទី​គណបក្ស សម រង្ស៊ី ប្រចាំ​ខេត្ត​បាត់ដំបង លោក សោ ចាន់ដេត បាន​ថ្លែង​នៅ​ថ្ងៃ​សៅរ៍ ទី​១១ ខែ​សីហា ថា គណបក្ស​កាន់​អំណាច​ធ្លាប់​បាន​ប្រើប្រាស់​យុទ្ធសាស្ត្រ​នេះ​ច្រើន នា​ពេល​កន្លង​មក។ គណបក្ស​ប្រជាជន បាន​ទិញ​ទឹក​ចិត្ត​មន្ត្រី​គណបក្ស សម រង្ស៊ី បាន​ម្នាក់ ឬ​ពីរ​នាក់ ប៉ុន្តែ​ពួក​គេ​បាន​យក​ប្រជាពលរដ្ឋ​ជា​សមាជិក​របស់​គណបក្ស​ប្រជាជន​ទៅ​ប្រកាស​ថា ជា​សមាជិក​គណបក្ស សម រង្ស៊ី។

លោក សោ ចាន់ដេត៖ «នេះ​ជា​រឿង​ធម្មតា ហើយ​រឿង​ចាស់​អត់​មាន​អី​ត្រូវ​ភ្ញាក់​ផ្អើល​ទេ។ ហើយ​គណបក្ស​កាន់​អំណាច គេ​ចង់​ធ្វើ​ម៉េច​ស្រេច​គេ​ធ្វើ​ទៅ។ ហៅ​មនុស្ស​មក​១ពាន់ ១​ម៉ឺន​នាក់ ដែល​ពលរដ្ឋ​គេ​ចែក​អំណោយ​ឲ្យ ហើយ​គេ​ថា​បក្ស​នេះ​បក្ស​នោះ​ក៏​ថា​បាន ពីព្រោះ​គេ​ប្រើប្រាស់​ធនធាន​រដ្ឋ វា​អត់​មាន​អី​ចម្លែក។ ហើយ​មនុស្ស​ទាំង​អស់ គេ​ដឹង​ហើយ​ថា នេះ​ជា​ល្បិចកល ជា​យុទ្ធសាស្ត្រ​របស់​គណបក្ស​ប្រជាជន ដើម្បី​បំពង​សំឡេង អត់​ប៉ះពាល់​ដល់​ការ​គាំទ្រ​របស់​គណបក្ស សម រង្ស៊ី ទេ»

លោក កែវ ជា អតីត​ប្រធាន​ក្រុម​ការងារ​ទ្រទ្រង់​គណបក្ស សម រង្ស៊ី ស្រុក​បាណន់ និង​ជា​សមាជិក​ក្រុម​ប្រឹក្សា​ខេត្ត​បាត់ដំបង បាន​ថ្លែង​ថា សមាជិក​គណបក្ស សម រង្ស៊ី ចំនួន​៨០​នាក់ នៅ​ស្រុក​បាណន់ បាន​ផ្ដាច់​ខ្លួន​ពី​គណបក្ស សម រង្ស៊ី ទៅ​ចុះ​ចូល​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា។ ក្នុង​ចំណោម​សមាជិក​ទាំង​៨០​នាក់​នោះ មាន​៣​នាក់​ជា​មន្ត្រី​ក្រុម​ប្រឹក្សា​ឃុំ។ លោក​ថា មូលហេតុ​ដែល​អ្នក​គាំទ្រ​គណបក្ស សម រង្ស៊ី ចូល​ជាមួយ​គណបក្ស​ប្រជាជន គឺ​ដោយ​សារ​ពួក​គេ​អស់​ជំនឿ​លើ​គណបក្ស​ប្រឆាំង។

លោក កែវ ជា៖ «ក្នុង​គណបក្ស​ហ្នឹង គ្មាន​យុត្តិធម៌ គ្មាន​សច្ចធម៌​ទេ។ គេ​រក​មនុស្ស​ណា​ដែល​មាន​លុយ​យក​មក​ធ្វើ។ អ្នក​ណា​អត់​លុយ គេ​ខំ​តស៊ូ បោះ​បង់ ដក​គេ​ចោល ដោយ​គ្មាន​គោលការណ៍​ច្បាស់​លាស់​ណា​មួយ ដែល​បញ្ជាក់​ថា ជា​គោលការណ៍​របស់​គណបក្ស​ទេ។ ជា​ពិសេស ខ្ញុំ​ផ្ទាល់ ខ្ញុំ​ខំ​ធ្វើ​នៅ​គណបក្ស​នេះ​តាំង​ពី​ឆ្នាំ​១៩៩៥ ខ្ញុំ​ជា​ស្ថាបនិក​របស់​គណបក្ស តែ​ទី​បំផុត គេ​អត់​មើល​ឃើញ​ខ្ញុំ គេ​បោះ​បង់​ខ្ញុំ​ចោល។ ខ្ញុំ​តស៊ូ​អស់​ទាំង​លុយ ទីបំផុត​គេ​អត់​មើល​ឃើញ​យើង»

ប៉ុន្តែ ប្រធាន​ស្ដីទី​គណបក្ស សម រង្ស៊ី ប្រចាំ​ខេត្ត​បាត់ដំបង លោក សោ ចាន់ដេត បាន​ច្រាន​ចោល​ការ​ចោទ​ប្រកាន់ និង​ការ​អះអាង​របស់​លោក កែវ ជា។ លោក​ថា គណបក្ស សម រង្ស៊ី ពុំ​បាន​រើសអើង​អ្នក​មាន អ្នក​ក្រ​ទេ។ ជាក់​ស្ដែង ដូច​រូប​លោក​ផ្ទាល់ ជា​អ្នក​ក្រីក្រ​បំផុត។ ប៉ុន្តែ​ដោយ​សារ​លោក​ខិតខំ​ធ្វើ​ការ​ស្មោះ​ត្រង់​និង​បក្ស ជួយ​ជាតិ​មាតុភូមិ ទើប​គណបក្ស​ផ្ដល់​ទំនុក​ចិត្ត​ឲ្យ៖ «លោក កែវ ជា ប្រៀបធៀប​នឹង​ខ្ញុំ ខ្ញុំ​មិន​មែន​ជា​អ្នក​មាន​ឯណា។ សូម្បី​តែ​ដី​មួយ​ចំអាម ខ្ញុំ​ពុំ​មាន​ផង។ អ៊ីចឹង អ្វី​ដែល​លោក កែវ ជា លើក​ឡើង​ជា​រឿង​ខុស​ស្រឡះ»

ទោះ​ជា​យ៉ាង​នេះ​ក្តី សមាជិក​គណបក្ស សម រង្ស៊ី ទាំង​៨០​នាក់ នឹង​ប្រកាស​ចូល​គណបក្ស​ប្រជាជន​ជា​ផ្លូវការ នៅ​ពេល​ឆាប់ៗ​ខាង​មុខ​នេះ ដោយ​មាន​ការ​ទទួល​ស្វាគមន៍​ពី​មន្ត្រី​គណបក្ស​ប្រជាជន។ ការ​ចុះ​ចូល​នេះ លោក កែវ ជា បាន​អះអាង​ថា គណបក្ស​ប្រជាជន​កម្ពុជា ពុំ​បាន​សន្យា​ផ្ដល់​តួនាទី​អ្វី ឬ​ក៏​មាន​ការ​ទិញ​ទឹក​ចិត្ត​នោះ​ទេ។ ប៉ុន្តែ ពួក​គាត់​មើល​ឃើញ​ថា គណបក្ស​ប្រជាជន​ដឹក​នាំ​ប្រទេស​មាន​ការ​អភិវឌ្ឍ ការពារ​ទឹក​ដី ជា​ពិសេស​នៅ​បាត់ដំបង គាត់​ឃើញ​ជាក់​ស្ដែង ដូច​ជា​ទំនប់​កង្ហត មាន​ប្រព័ន្ធ​ប្រឡាយ​ឆ្វាត់ឆ្វែង។ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្មីៗ​នេះ​បាន​ថ្លែង​នៅ​រដ្ឋសភា​ដោយ​បាន​អន្ទង​អូស​ទាញ​ឲ្យ​គណបក្ស​ប្រឆាំង​រួបរួម​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា។

មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​មើល​ឃើញ​ថា នេះ​ជា​សារ​នយោបាយ​មួយ​ដើម្បី​អូស​ទាញ​អ្នក​គាំទ្រ​ពី​គណបក្ស​នយោបាយ ទៅ​ចូល​គណបក្ស​នយោបាយ​មួយ​ទៀត។ ទាក់​ទង​នឹង​សមាជិក​គណបក្ស សម រង្ស៊ី នៅ​ក្នុង​ខេត្ត​បាត់ដំបង ចំនួន​៨០​នាក់ ទៅ​ចូល​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​នេះ លោក ស៊ុន តឹក ប្រធាន​អង្គការ​លីកាដូ ខេត្ត​បាត់ដំបង ថ្លែង​ថា ករណី​នេះ​ជា​សិទ្ធិ​នយោបាយ​របស់​ប្រជាពលរដ្ឋ។ ប៉ុន្តែ លំហូរ​នៃ​ការ​ចុះចូល​នេះ តិច ឬ​ច្រើន វា​បាន​បង្ហាញ​ឲ្យ​ឃើញ​ពី​ការ​បែកបាក់​គ្នា ហើយ​វា​នឹង​មាន​ផល​ប៉ះពាល់​ទៅ​ដល់​ប្រជាប្រិយភាព​របស់​គណបក្ស សម រង្ស៊ី នៅ​គ្រា​ដែល​ការ​បោះ​ឆ្នោត​ជ្រើស​រើស​តំណាង​រាស្ត្រ​នឹង​ចូល​មក​ដល់ នៅ​ឆ្នាំ​២០១៣៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។