កូន​ប្រុស​បារម្ភ​ពី​សុខភាព​ម្ដាយ​ដែល​កើត​អេដស៍​ហើយ​ជាប់​ពន្ធនាគារ

កូន​ប្រុស​របស់​អ្នកស្រី មូល លន់ ជន​ជាប់​ចោទ​ក្នុង​រឿង​ក្តី​ទំនាស់​ដី​ធ្លី​នៅ​ខេត្ត​កំពត បាន​សម្ដែង​ពី​ការ​ព្រួយ​បារម្ភ​ចំពោះ​សុខភាព​ម្តាយ​នៅ​ពេល​ដែល​គាត់​ពុំ​អាច​យក​ថ្នាំ​ពន្យារ​ជីវិត​ទៅ​ឲ្យ​ម្តាយ​គាត់​នៅ​ក្នុង​ពន្ធនាគារ។

0:00 / 0:00

លោក សែម ប្រុស កូន​ប្រុស​បង្កើត​របស់​អ្នកស្រី មូល លន់ បាន​ប្រាប់​វិទ្យុ​អាស៊ីសេរី​នៅ​ព្រឹក​ថ្ងៃ​សុក្រ ទី​១៦ តុលា ថា លោក​មាន​ការ​ព្រួយ​បារម្ភ​ចំពោះ​សុខភាព​ម្តាយ ដោយ​គាត់​មាន​ជំងឺ​ប្រចាំ​កាយ​គឺ​ជំងឺ​អេដស៍​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ។ គាត់​ត្រូវ​លេប​ថ្នាំ​ជា​ប្រចាំ​ថ្ងៃ​យ៉ាង​ទៀងទាត់។ បច្ចុប្បន្ន​គាត់​ត្រូវ​ជាប់​ក្នុង​ពន្ធនាគារ​ដែល​លោក​មិន​អាច​ចូល​សួរ​សុខទុក្ខ​ដើម្បី​ផ្តល់​ថ្នាំ​ឲ្យ​គាត់​លេប​ជា​ទៀងទាត់​បាន​ដូច​ពេល​មុនៗ។

លោក សែម ប្រុស បាន​ឲ្យ​ដឹង​ថា ៖ «ព្រឹក​ហ្នឹង​មិន​ដឹង​គេ​ឲ្យ​គាត់​លេប​ទៀងទាត់​ដែរ​ឬ​ក៏​ម៉េច​មិន​ដឹង ខ្ញុំ​អត់​បាន​ជួប​មុខ​គាត់​ផ្ទាល់​ផង។ សុំ​គេ​ជួប គេ​ថា​បើ​ជួប​មុខ​ផ្ទាល់​គេ​ទារ​១០​ម៉ឺន​(រៀល) ហើយ​ខ្ញុំ​អត់​លុយ អ៊ីចឹង​ខ្ញុំ​បាន​ត្រឹម​តែ​ផ្ដាំ​ផ្ញើ​តាម​គេ​ទៅ»

អ្នកស្រី មូល លន់ ត្រូវ​បាន​ប៉ូលិស​ចាប់​ខ្លួន​តាម​អំណាច​នៃ​ដីកា​របស់​តុលាការ​ខេត្ត​កំពត​ពី​បទ​ប្រើប្រាស់​ឯកសារ​ក្លែង កាល​ពី​ថ្ងៃ​អង្គារ ទី​១៣ តុលា នៅ​ទី​ដែល​គាត់​លាក់​ខ្លួន​ឯ​ទីក្រុង​ភ្នំពេញ ដើម្បី​ព្យាបាល​ជំងឺ​និង​ដើម្បី​ប្រើ​ឱកាស​តតាំង​ចំពោះ​រឿង​ក្តី​ទំនាស់​ដី​ធ្លី ដែល​គាត់​ត្រូវ​ចាញ់​ក្តី​នៅ​ឯ​សាលា​ដំបូង​ខេត្ត​កំពត ហើយ​ដែល​គាត់​បាន​ចោទ​ប្រកាន់​ថា ការ​កាត់​ក្តី​នេះ​មាន​ភាព​អ​យុត្តិធម៌​ចំពោះ​គាត់។

ទោះ​បី​ជា​យ៉ាង​នេះ​ក្តី មន្ត្រី​អង្គការ​លីកាដូ​ប្រចាំ​ខេត្ត​កំពត គឺ​អ្នកស្រី ង៉ែត សូសែន ដែល​បាន​ទៅ​ជួប​ជាមួយ​លោក ឯម បូ អនុ​ប្រធាន​ពន្ធនាគារ​ខេត្ត បាន​បញ្ជាក់​ពី​មូលហេតុ​ដែល​លោក​មិន​អនុញ្ញាត​ឲ្យ​កូន​របស់​អ្នកស្រី មូល លន់ យក​ថ្នាំ​ទៅ​ឲ្យ​ដោយ​ផ្ទាល់ ប្រាប់​វិទ្យុ​អាស៊ីសេរី​យ៉ាង​ដូច្នេះ​ថា ៖ «ខាង​ពន្ធនាគារ​គាត់​បាន​ទទួល​ហើយ ហើយ​គាត់​បាន​ឲ្យ​មីង​ហ្នឹង​លេប​ទៅ​តាម​វេជ្ជ​បញ្ជា ប៉ុន្តែ​មិន​អាច​ឲ្យ​យក​ទៅ​ទុក​ទាំង​អស់ ទាំង​៣​កំប៉ុង​ហ្នឹង​ទេ ព្រោះ​វា​ទាក់ទង​ទៅ​នឹង​សុវត្ថិភាព​អ្នក​ជាប់​ឃុំ»

ប្រធាន​អង្គការ​លីកាដូ អ្នកស្រី ពុង ឈីវកេក មាន​ប្រសាសន៍​ថា ៖ «ជន​គ្រប់​រូប ទោះ​បី​ជា​មាន​ទោស​មាន​អី​នៅ​ក្នុង​ពន្ធនាគារ ក៏​មាន​សិទ្ធិ​នឹង​ទទួល​មេធាវី ទទួល​បង​ប្អូន គ្រួសារ មិត្តភ័ក្តិ​អី ដែល​ចង់​ទៅ​សួរ​សុខ​ទុក្ខ គឺ​ត្រូវតែ​ផ្ដល់​សិទ្ធិ​នេះ​ទៅ​ដល់​ជន​ដែល​នៅ​ក្នុង​ពន្ធនាគារ។ សិទ្ធិ​ហ្នឹង​មិន​អាច​បំបិទ​បាន​ទេ។ អ៊ីចឹង​បើ​កូន​យក​ថ្នាំ​ទៅ ត្រូវតែ​ខាង​ពន្ធនាគារ​អនុញ្ញាត​ឲ្យ​កូន​ហ្នឹង​ផ្ដល់​ថ្នាំ​ហ្នឹង​ឲ្យ​ដល់​ដៃ​ម្ដាយ»

កាល​ពី​ថ្ងៃ​ទី​១៥ កញ្ញា​កន្លង​ទៅ នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​ក្រសួង​មហាផ្ទៃ​បាន​ផ្ញើ​លទ្ធផល​នៃ​ការ​ស្រាវជ្រាវ​ទៅ​ជូន​ព្រះរាជអាជ្ញា​អម​សាលា​ដំបូង​ខេត្ត​តាកែវ ដោយ​បញ្ជាក់​ថា ឯកសារ​ដែល​ភាគី​ដើម​បណ្តឹង​យក​ទៅ​ប្រើ​ក្នុង​រឿង​ក្តី​ដែល​បណ្តាល​ឲ្យ​អ្នកស្រី មូល លន់ ចាញ់​ក្តី​នៅ​សាលា​ដំបូង​ខេត្ត​កំពត គឺ​ជា​ឯកសារ​ក្លែង​បន្លំ។

លោក​មេធាវី សុក សំអឿន មាន​ប្រសាសន៍​ថា ឯកសារ​សន្និដ្ឋាន​របស់​ក្រសួង​មហាផ្ទៃ​អាច​ជួយ​ឲ្យ​អ្នកស្រី មូល លន់ មាន​សិទ្ធិ​ប្តឹង​ទៅ​តុលាការ​កំពូល​ដើម្បី​លុប​សាលក្រម​សម្រេច​របស់​សាលា​ដំបូង​ខេត្ត​កំពត​បាន និង​អាច​ឈាន​ទៅ​ដល់​ការ​ជំនុំ​ជម្រះ​ក្តី​សា​ឡើង​វិញ​ផងដែរ៕