លោក សែម ប្រុស កូនប្រុសបង្កើតរបស់អ្នកស្រី មូល លន់ បានប្រាប់វិទ្យុអាស៊ីសេរីនៅព្រឹកថ្ងៃសុក្រ ទី១៦ តុលា ថា លោកមានការព្រួយបារម្ភចំពោះសុខភាពម្តាយ ដោយគាត់មានជំងឺប្រចាំកាយគឺជំងឺអេដស៍អស់រយៈពេលជាច្រើនឆ្នាំ។ គាត់ត្រូវលេបថ្នាំជាប្រចាំថ្ងៃយ៉ាងទៀងទាត់។ បច្ចុប្បន្នគាត់ត្រូវជាប់ក្នុងពន្ធនាគារដែលលោកមិនអាចចូលសួរសុខទុក្ខដើម្បីផ្តល់ថ្នាំឲ្យគាត់លេបជាទៀងទាត់បានដូចពេលមុនៗ។
លោក សែម ប្រុស បានឲ្យដឹងថា ៖ «ព្រឹកហ្នឹងមិនដឹងគេឲ្យគាត់លេបទៀងទាត់ដែរឬក៏ម៉េចមិនដឹង ខ្ញុំអត់បានជួបមុខគាត់ផ្ទាល់ផង។ សុំគេជួប គេថាបើជួបមុខផ្ទាល់គេទារ១០ម៉ឺន(រៀល) ហើយខ្ញុំអត់លុយ អ៊ីចឹងខ្ញុំបានត្រឹមតែផ្ដាំផ្ញើតាមគេទៅ»។
អ្នកស្រី មូល លន់ ត្រូវបានប៉ូលិសចាប់ខ្លួនតាមអំណាចនៃដីការបស់តុលាការខេត្តកំពតពីបទប្រើប្រាស់ឯកសារក្លែង កាលពីថ្ងៃអង្គារ ទី១៣ តុលា នៅទីដែលគាត់លាក់ខ្លួនឯទីក្រុងភ្នំពេញ ដើម្បីព្យាបាលជំងឺនិងដើម្បីប្រើឱកាសតតាំងចំពោះរឿងក្តីទំនាស់ដីធ្លី ដែលគាត់ត្រូវចាញ់ក្តីនៅឯសាលាដំបូងខេត្តកំពត ហើយដែលគាត់បានចោទប្រកាន់ថា ការកាត់ក្តីនេះមានភាពអយុត្តិធម៌ចំពោះគាត់។
ទោះបីជាយ៉ាងនេះក្តី មន្ត្រីអង្គការលីកាដូប្រចាំខេត្តកំពត គឺអ្នកស្រី ង៉ែត សូសែន ដែលបានទៅជួបជាមួយលោក ឯម បូ អនុប្រធានពន្ធនាគារខេត្ត បានបញ្ជាក់ពីមូលហេតុដែលលោកមិនអនុញ្ញាតឲ្យកូនរបស់អ្នកស្រី មូល លន់ យកថ្នាំទៅឲ្យដោយផ្ទាល់ ប្រាប់វិទ្យុអាស៊ីសេរីយ៉ាងដូច្នេះថា ៖ «ខាងពន្ធនាគារគាត់បានទទួលហើយ ហើយគាត់បានឲ្យមីងហ្នឹងលេបទៅតាមវេជ្ជបញ្ជា ប៉ុន្តែមិនអាចឲ្យយកទៅទុកទាំងអស់ ទាំង៣កំប៉ុងហ្នឹងទេ ព្រោះវាទាក់ទងទៅនឹងសុវត្ថិភាពអ្នកជាប់ឃុំ»។
ប្រធានអង្គការលីកាដូ អ្នកស្រី ពុង ឈីវកេក មានប្រសាសន៍ថា ៖ «ជនគ្រប់រូប ទោះបីជាមានទោសមានអីនៅក្នុងពន្ធនាគារ ក៏មានសិទ្ធិនឹងទទួលមេធាវី ទទួលបងប្អូន គ្រួសារ មិត្តភ័ក្តិអី ដែលចង់ទៅសួរសុខទុក្ខ គឺត្រូវតែផ្ដល់សិទ្ធិនេះទៅដល់ជនដែលនៅក្នុងពន្ធនាគារ។ សិទ្ធិហ្នឹងមិនអាចបំបិទបានទេ។ អ៊ីចឹងបើកូនយកថ្នាំទៅ ត្រូវតែខាងពន្ធនាគារអនុញ្ញាតឲ្យកូនហ្នឹងផ្ដល់ថ្នាំហ្នឹងឲ្យដល់ដៃម្ដាយ»។
កាលពីថ្ងៃទី១៥ កញ្ញាកន្លងទៅ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃបានផ្ញើលទ្ធផលនៃការស្រាវជ្រាវទៅជូនព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ ដោយបញ្ជាក់ថា ឯកសារដែលភាគីដើមបណ្តឹងយកទៅប្រើក្នុងរឿងក្តីដែលបណ្តាលឲ្យអ្នកស្រី មូល លន់ ចាញ់ក្តីនៅសាលាដំបូងខេត្តកំពត គឺជាឯកសារក្លែងបន្លំ។
លោកមេធាវី សុក សំអឿន មានប្រសាសន៍ថា ឯកសារសន្និដ្ឋានរបស់ក្រសួងមហាផ្ទៃអាចជួយឲ្យអ្នកស្រី មូល លន់ មានសិទ្ធិប្តឹងទៅតុលាការកំពូលដើម្បីលុបសាលក្រមសម្រេចរបស់សាលាដំបូងខេត្តកំពតបាន និងអាចឈានទៅដល់ការជំនុំជម្រះក្តីសាឡើងវិញផងដែរ៕
